(កំពង់ធំ)៖ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បេឡាជាតិរបបសន្តិសុខសង្គមហៅថា (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំប្រជុំផ្សព្វផ្សាយអំពី គោលនយោបាយ នៃការអនុវត្តសន្តិសុខសង្គមដល់មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធនយោជក ម្ចាស់សហគ្រាស គ្រឹះស្ថានក្រោមអធិបតីភាពលោក ម៉េង ហុង នាយករង និងតំណាងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយក ប.ស.ស និងលោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជាអភិបាល អភិបាលរងក្រុង ស្រុកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត។
លោក សុក ហៃ បានថ្លែងក្នុងពិធីនេះថា ជាលទ្ធផលជោគជ័យមួយដ៏ធំដែល (ប.ស.ស) សម្រេចបាន ចាប់តាំងពីដំណើរការរហូតដល់បច្ចុប្បន្ន និងពីស្ថានភាពទូទៅរបស់សាខា (បស.ស) ខេត្តកំពង់ធំ មានខ្លឹមសារដូចតទៅ៖
*ទី១៖ អំពីសាខា (ប.ស.ស) ខេត្តកំពង់ធំ
*ទី២៖ អំពីមន្ទីពេទ្យដៃគូ
*ទី៣៖ ការងារចុះបញ្ជីការសហគ្រាសគ្រឹះស្ថាន
*ទី៤៖ ការងារតាវកាលិកសហានិភ័យការងារ
*ទី៥៖ ផ្នែកថែទាំសុខភាព
*ទី៦៖ ផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ
*ទី៧៖ សេវាមូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ។
លោក ម៉េង ហុង នាយករងបេឡាជាតិរបបសន្តិសុខសង្គមបានថ្លែងថា កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងធ្វើការផ្សព្វផ្សាយគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម និងវឌ្ឍនភាពរបស់ (ប.ស.ស) បញ្ហាប្រឈម ជាពិសេសធ្វើការពង្រឹងសេវា នៃការផ្ដល់តាវកាលិកហានិភ័យការងារ ជូនកម្មករនិយោជិតផ្ដល់ (សេវារបស់មន្ត្រីសាខាខេត្ត-ខណ្ឌ ការសេវារបស់មន្ទីរពេទ្យចុះកិច្ចព្រមព្រៀង និងធនាគារអេស៊ីលីដា)។ អាចទទួលបានពី (ប.ស.ស) រួមមាន៖ ការសង្គ្រោះបន្ទាន់ ការថែទាំ និងព្យាបាលប្រចាំថ្ងៃ ការទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ការទទួលបានប្រាក់ធនលាភ និងប្រាក់វិភាជន៍ សោហ៊ុយបូជាសព សេវាមុននីតិសម្បទា និងការសម្របសោហ៊ុយបូជាសព សេវាមុននីតិសម្បទានិងការសម្របសម្រួលវិជ្ជាជីវៈឡើងវិញ។
ជាចុងក្រោយ លោកបានផ្សព្វផ្សាយពីលទ្ធផល នៃការអនុវត្តការងារកន្លងមកព្រមទាំងធ្វើការផ្សព្វផ្សាយការបង្ការគ្រោះថ្នាក់ការងារ ការយកចិត្តទុកដាក់ពីសុខភាព សុវត្ថិភាព និងអនាម័យនិងសុវត្ថិភាពក្នុងពេលធ្វើដំណើរមកបំពេញការងាររបស់បុគ្គលិក កម្មករនិយោជិត នៅតាមសហគ្រាសគ្រឹះស្ថាន និងធ្វើការពង្រឹងនូវការផ្ដល់សេវាដែលពាក់ព័ន្ធ នឹងអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ៕