(ត្បូងឃ្មុំ)៖ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលលើកទឹកចិត្ត ដល់ក្រុមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ដែលបាននាំយកពានរង្វាន់លេខ១ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ បង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ខេត្តត្បូងឃ្មុំ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់ទាំងអស់ និងគ្រូបង្វឹកឲ្យខិតខំបន្ថែមទៀត ក្នុងការហ្វឹកហាត់ឲ្យក្លាយខ្លួនទៅជាកីឡាករល្អ មានជំនាញយ៉ាងពិតប្រាកដ និងមានសុខភាពរឹងមាំផងដែរ។
ម្យ៉ាងទៀត បច្ចុប្បន្នគ្រប់វិស័យកីឡា ក្នុងខេត្តរបស់យើងត្រូវបានពង្រឹង និងពងី្រកគឺយើងមានកីឡាករពោរពេញទៅដោយចិត្តអង់អាចក្លាហាន ស្វាហាប់សក្តិសមជាពលរដ្ឋដ៏ឆ្នើម នៃមាតុភូមិ ឃុំ ស្រុក មានទីលានសម្រាប់ហ្វឹកហាត់ និងលេងកីឡាផងដែរ។
លោកបណ្ឌិតបន្តថា ខេត្តត្បូងឃ្មុំ បានក្លាយជាខេត្តកូនពៅ ដែលបានលើកពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ដោយរក្សាកំណត់ត្រាឈ្នះគ្រប់ប្រកួត តាំងពីវគ្គជម្រុះក្នុងពូល រហូតដល់វគ្គផ្ដាច់ព្រ័ត្រ មិនសម្គាល់ពាក្យចាញ់ម្ដងឡើយ នេះសបញ្ជាក់ឲ្យឃើញពីសមត្ថភាពរបស់ក្រុមកីឡាករយើង សាកសមជាកីឡាករឆ្នើមពិតៗ ដើម្បីលើកមុខមាត់ជូនខេត្តរបស់យើង ឲ្យកាន់តែខ្លាំងក្លាជាងនេះថែមទៀត។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងការកោតសរសើរចំពោះ គណៈកម្មការកីឡា និងក្រុមកីឡាករក្នុងការចូលរួមសាមគ្គីក្នុងការប្រកួតរួមគ្នា និងគោរពគោលការណ៍ និងបទបញ្ជាបច្ចេកទេស នៃការប្រកួត ដោយឈរលើស្មារតីស្រឡាញ់កីឡាពិតប្រាកដ ស្របតាមសមត្ថភាពរបស់ខ្លួន ដោយមិនគិតតែពីការឈ្នះចាញ់ឡើយ និងសូមបន្តសកម្មភាពដ៏ល្អបែបនេះ ជាបន្តទៀត ដើម្បីរួមគ្នាជួយលើកស្ទួយកីឡាក្នុងខេត្ត ឲ្យកាន់ផុសផុលជាងនេះ ដែលជាផ្នែកមួយជួយបណ្តុះធនធានកីឡាករ សម្រាប់ក្រុមជម្រើសថ្នាក់ខេត្តយើងផងដែរ។
ចប់ប្រសាសន៍សំណេះសំណាលលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានឧបត្ថម្ភ ខោ អាវ សំភារៈកីឡា និងថវិការផ្ទាល់ខ្លួនចំនួន៩លានរៀលផងដែរ។
សូមបញ្ជាក់ថា សម្រាប់ក្រុមទទួលបានជ័យលាភីពីលេខ១ ដល់លេខ៣ ពោលគឺមានខេត្តត្បូងឃ្មុំ សៀមរាប និងរតនគិរី សុទ្ធតែទទួលបានកៅអីចូលរួមប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឬវគ្គ ១៦ក្រុមចុងក្រោយ ជាមួយក្រុមសមាជិកលីគកំពូលកម្ពុជា នាពេលឆាប់ៗខាងមុខ ។ រីឯកម្មវិធីចាប់គូប្រកួតពានថ្នាក់ជាតិ នឹងធ្វើឡើងនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ស្អែកនេះ៕