(តូក្យូ, ជប៉ុន)៖ ពីលើទឹកដីជប៉ុនកន្លែងដែលកំពុងបំពេញទស្សនកិច្ច បើទោះបីជាមមាញឹកជាមួយការងារជាច្រើនយ៉ាងណាក្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ បានផ្ញើក្តីនឹករលឹកដល់ប្រជាពលរដ្ឋកម្ពុជា ជាមួយនឹងការគូសរំលេចថា ជប៉ុន គឺជាមិត្តល្អរបស់កម្ពុជាតែងតែយកចិត្តទុកដាក់ជួយកម្ពុជាឱ្យមានការរីកចម្រើនទៅមុខជានិច្ច។

ក្នុងសារខ្លីបង្ហាញពីក្តីនឹករលឹកដល់ប្រជាពលរដ្ឋកម្ពុជាដែលបង្ហោះលើ Facebook នៅយប់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីការងារដែលនឹងត្រូវបំពេញនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ស្អែកនេះផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា នៅថ្ងៃស្អែក សម្តេចនឹងជួបពិភាក្សាការងារជាលោក អាបេ ស៊ិនហ៊្សូ នាយករដ្ឋមន្ត្រីជប៉ុន។

បន្ទាប់មកសម្តេច និងលោកនាយករដ្ឋមន្ត្រីជប៉ុន នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាអំពីការផ្តល់ជំនួយឥតសំណងប្រមាណជា ៥លានដុល្លាររបស់រដ្ឋាភិបាលជប៉ុនដល់កម្ពុជា សម្រាប់សាងសង់កន្លែងស្តុកកុងតឺន័រ និងសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស។

សម្តេចតេជោបន្ថែមថា បន្ទាប់ពីហូបអាហារថ្ងៃត្រង់ជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុនរួចហើយ សម្តេចនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាវិលត្រឡប់មកកាន់មាតុភូមិវិញ ហើយអាចនឹងមកដល់កម្ពុជានៅយប់ថ្ងៃស្អែកនេះ៕