(តូក្យូ, ជប៉ុន)៖ ក្រុមហ៊ុនមីណេបៀរបស់ជប៉ុន ដែលជារោងចក្រផលិតម៉ូឌ័រនៅក្នុងប្រទេសកម្ពុជា បានប្រកាសជួយដាក់អំពូលភ្លើងចំនួន៧ពាន់នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ក្នុងនោះនៅរាជធានីភ្នំពេញចំនួន ៥ពាន់អំពូល និងនៅខេត្តសៀមរាបចំនួន ២ពាន់អំពូល។
ការប្រកាសពីការជួយដាក់ពង្រាយអំពូលភ្លើងនៅតាមផ្លូវក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបនេះ បានធ្វើឡើងដោយលោក យ៉ូស៊ីហ៉ីសា កៃនុម៉ា ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនមីណេបៀ មីតស៊ុមី ក្នុងពេលលោកអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ការប្រកាសជួយពង្រាយអំពូលភ្លើងតាមដងផ្លូវ គឺជាការអរគុណរបស់ក្រុមហ៊ុនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំជួយបង្កបរិយាកាសល្អសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាឱ្យទទួលបានជោគជ័យ។
នាយកប្រតិបត្តិក្រុមហ៊ុនមីណេបៀ បានជំរាបសម្តេចតេជោថា អំពូលភ្លើងទាំងនោះ មានបច្ចេកទេសទំនើបគឺអាចបិទបើកដោយស្វ័យប្រវត្តិ និងមិនតខ្សែអគ្គិសនីនោះឡើយ។
ជាមួយគ្នានោះលោក យ៉ូស៊ីហ៉ីសា កៃនុម៉ា ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីអំពីវិភាគទានរបស់ក្រុមហ៊ុន ដែលបានជួយដល់កីឡាបាល់ទាត់ថ្នាក់ជាតិរបស់កម្ពុជារយៈពេល២ឆ្នាំ ផងដែរ។ នាយកប្រតិបត្តិរូបនេះ អះអាងទៀតថា ក្រុមហ៊ុនខ្លួនដែលកំពុងទទួលជោគជ័យនៅកម្ពុជា នឹងបន្តពង្រីកការវិនិយោគឱ្យកាន់តែធំបន្ថែមទៀត។
ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ខាងក្រុមហ៊ុនមីណេបៀ ដែលបានជួយដល់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យខាងក្រុមហ៊ុនបន្តជួយដាក់អំពូលភ្លើងនេះ នៅតាមបណ្តាខេត្តផ្សេងៗទៀត។
ដោយសារតែក្រុមហ៊ុនមីណេបៀ បានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា សម្តេចតេជោ ក៏បានណែនាំឱ្យក្រុមហ៊ុននេះ បន្តជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា៕