(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ ដោយថ្កោលទោសយ៉ាងដាច់អហង្ការ និងអំពាវនាវឲ្យសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ និងចាត់វិធានការតឹងរឹងចំពោះការប្រព្រឹត្តអំពើឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌របស់ឧក្រិដ្ឋជន ដែលបានរំលោភ និងសម្លាប់កុមារ ២នាក់បងប្អូន នៅខេត្តព្រះសីហនុ កាលពីថ្ងៃម្សិលមិញ។ កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុជាង២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុជិត១០ឆ្នាំ។

ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារចាត់ទុកថា ទង្វើសកម្មភាពនេះជាការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិរស់រាន មានជីវិតសិទ្ធិទទួលបានការការពារ សិទ្ធិទទួលបានការអភិវឌ្ឍ និងសិទ្ធិចូលរួមរបស់កុមារ។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមអំពាវនាវដល់អាជ្ញាធរ សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ មេត្តាយកចិត្តទុកដាក់ និងចាត់វិធានការច្បាប់យ៉ាងតឹងរឹង ចំពោះជនប្រព្រឹត្តអំពើអមនុស្សធម៌ខាងលើ ដើម្បីកុំឲ្យទង្វើ បែបនេះ កើតមានជាថ្មី នៅក្នុងសង្គមជាតិ។

សូមជម្រាបថា ឃាតកម្មដ៏ព្រៃផ្សៃនេះ បង្កឡើងដោយជនល្មើសចាប់រំលោភកុមារី អាយុជិត១០ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារជាប្អូនអាយុជាង២ឆ្នាំ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។

ក្មេងបុរសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ហើយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាមដឹក មកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិតនៅលើរថយន្តវេលាម៉ោង ៨យប់ថ្ងៃដដែលនោះ។

អ្វីដែលធ្វើឲ្យគេសង្វេគជាខ្លាំងនោះ គឺបុរសជាឪពុកពេលបានមកឃើញហេតុការណ៍នេះភ្លាម បានកើតក្តីរន្ធត់ស្រែកយំស្តាយស្រណោះកូនជាពន់ពេក។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងភរិយា ព្រមទាំងសហការី ដោយមានចិត្តអាណិតអាសូរជាពន់ពេកនោះ ក៏បានចូលបច្ច័យបុណ្យសព១លានរៀល និងថ្លៃក្ដាមឈូស ថែមទាំងចេញថវិកាចាត់ចែងបូជាសព ក្នុងពិធីបុណ្យផងដែរបូករួមជាមួយការចូលរួមបច្ច័យរបស់គណៈស្នងការផងដែរ។ ជាមួយគ្នានេះ លោកស្នងការ ក៏សូមប្រកាសថា នឹងតាមចាប់ជនដៃដល់ យកមកផ្តន្ទាទោសឲ្យខាងតែបាន៕