(បាត់ដំបង)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ បានប្រាប់ដល់សហគមន៍កសិករ ថ្មីៗនេះមានលេចឮដំណឹងថា ធនាគារអភិវឌ្ឍន៍ជនបទ ធ្វើការផ្តល់ឥណទានតែចំពោះក្រុមហ៊ុនធំឧកញ៉ាធំៗ ឬរោងម៉ាស៊ីនកិនស្រូវធំៗតែប៉ុណ្ណោះ គឺជាព័ត៌មានមិនពិតឡើយ។
លោកថា ធនាគារអភិវឌ្ឍន៍ជនបទ បានធ្វើការផ្តល់ឥណទានគាំទ្រ ខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម ដល់បងប្អូនកសិករចាប់ពីខ្នាតតូច រហូតដល់ខ្នាតធំ ដោយមិនប្រកាន់និន្នាការឡើយ ហើយការផ្តល់ជូនឥណទាន គឺដោយអត្រាការប្រាក់អនុគ្រោះ។
ការបញ្ជាក់យ៉ាងដូច្នេះរបស់អគ្គនាយកធនាគារអភិវឌ្ឍន៍បទ ធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមជាសង្ខីភាព ក្នុងកម្មវិធីចុះកិច្ចព្រមព្រៀងផលិតពូជស្រូវសុទ្ធ រវាងសហគមន៍កសិកម្មផលិតពូជស្រូវ និងក្រុមហ៊ុនបៃតង ក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនបៃតង និងមានការចូលរួមពីតំណាងសហគមន៍កសិកម្មផលិតពូជស្រូវ សរុបចំនួន២១ ប្រចាំខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានអបអរសាទរ ចំពោះសហគមន៍កសិកម្មផលិតពូជស្រូវ ដែលបានឈានដល់ការចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ពូជស្រូវសុទ្ធ ជូនដល់ក្រុមហ៊ុនបៃតង ក្នុងតំលៃកំណត់មួយច្បាស់លាស់។ ការណ៍នេះបងប្អូនកសិករ នឹងលែងមានការបារម្ភលើបញ្ហាតំលៃ និងបញ្ហាទីផ្សារនៅពេលទិន្នផលផលិតបានផងដែរ។
លោក កៅ ថាច បានរំលឹកឲ្យដឹងបន្ថែមផងដែរថា កន្លងមកចុងឆ្នាំ២០១៨ ដើមឆ្នាំ២០១៩ ក្នុងតំបន់ខ្លះ ទិន្នផលស្រូវរបស់បងប្អូនមានការធ្លាក់ចុះ ដោយសារកត្តាអាកាសធាតុ និងកត្តាបញ្ហាមួយចំនួន ជាហេតុធ្វើឲ្យតំលៃស្រូវមានការធ្លាក់ចុះ បើប្រៀនធៀបទៅបណ្តាឆ្នាំមុនៗ។ ក៏ប៉ុន្តែទន្ទឹមនេះបញ្ហាធំបំផុតនោះ ដែលរួមចំណែកធ្វើឲ្យផលស្រូវធ្លាក់ចុះ គឺមកពីបងប្អូនប្រជាកសិករមួយចំនួនបានដាំដុះពូជស្រូវមិនសុទ្ធល្អ ទើបធ្វើឲ្យទិន្នផលធ្លាក់ និងមិនសូវបានផលល្អជាហេតុធ្វើឲ្យឈ្មួញបង្អាប់តំលៃ។ តាមរយៈបទពិសោធន៍នេះ ទើបយើងជំរុញឲ្យកសិករ ធ្វើការដាំដុះស្រូវដោយប្រើប្រាស់ពូជស្រូវសុទ្ធល្អវិញ។
លោក កៅ ថាច មានជំនឿចិត្តយ៉ាងមុតមាំថា តាមរយៈកិច្ចព្រមព្រាងផ្គត់ផ្គង់ពូជស្រូវ ដោយកំណត់តំលៃលក់ច្បាស់លាស់ ពីក្រុមហ៊ុនបៃតង នឹងធ្វើឲ្យការផលិតរបស់បងប្អូន មាននិរន្តភាពហើយ នៅរដូវខាងមុខបងប្អូនកសិករ ក្នុងតំបន់បាត់ដំបង នឹងមានពូជស្រូវសុទ្ធល្អសម្រាប់ដាំដុះ។ បន្ថែមលើនេះ ធនាគារអភិវឌ្ឍន៍ជនបទ បានត្រៀមរៀបចំហិរញ្ញប្បទានឥណទាន រួចជាស្រេចដើម្បីធ្វើការគាំទ្រដល់សហគមន៍កសិកម្ម សម្រាប់គំរោងផលិតពូជស្រូវសុទ្ធនេះ ដោយអត្រាការប្រាក់អនុគ្រោះបំផុត។
លោក កៅ ថាច ក៏បានសំណូមពរដល់បងប្អូន សហគមន៍ផលិតពូជស្រូវ សូមធ្វើការផលិតប្រកបដោយគុណភាពខ្ពស់ និងមានបទដ្ឋានច្បាស់លាស់ ដោយក្នុងនោះលោក កៅ ថាច ស្នើសុំឲ្យមានជំនួយបច្ចេកទេស ពីមន្ទីរកសិកម្មខេត្តបាត់ដំបង ដើម្បីត្រួតពិនិត្យមើលគុណភាពពូជស្រូវ មុនធ្វើការផ្គត់ផ្គង់ចូលទីផ្សារ និងបន្តស្នើសុំការគាំទ្រគំរោងនេះ ពីសំណាក់លោកអភិបាល នៃគណៈអភិបាលខេត្តផងដែរ។
លោកមានជំនឿជាក់ថា តាមរយៈកិច្ចព្រមព្រៀងនៅថ្ងៃនេះ នឹងនាំឲ្យមានការផ្តាស់ប្តូរជាវិជ្ជមានលើការដាំដុះស្រូវ កាត់បន្ថយបានថ្លៃដើមផលិត និងបង្កើនទិន្នផលខ្ពស់ ក្នុងដំណើរការខ្សែច្រវ៉ាក់ផលិតកម្ម របស់កសិករផងដែរ។
លោកឧកញ៉ា ភូ ពុយ បានឲ្យដឹងថា គោលបំណងនៃការចុះកិច្ចព្រមព្រៀងនេះ គឺដើម្បីជំរុញឲ្យប្រជាកសិករបង្កើនប្រាក់ចំណូល កាត់បន្ថយថ្លៃដើមផលិត និងបង្កើនទិន្នផលស្រូវខ្ពស់ សម្រាប់ផ្គត់ផ្គង់តម្រូវការលើទីផ្សារ។ ទន្ទឹមនេះ ក្រុមហ៊ុនបៃតង នឹងធ្វើការផ្គត់ផ្គង់ជីមានគុណភាព និងរៀបចំឲ្យមានកន្លែងពិសោធន៍ ដើម្បីពិនិត្យគុណភាពពូជស្រូវ ដោយមានអ្នកបច្ចេកទេស ជួយដល់កសិករផងដែរ។
លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើការវាយតំលៃខ្ពស់ និងកោតសរសើរ ចំពោះក្រុមហ៊ុនបៃតង ដែលបានសហការរៀបចំឲ្យមានកិច្ចព្រមព្រៀងផលិតពូជស្រូវសុទ្ធនេះឡើង ហើយលោកអភិបាលខេត្ត ក៏បានថ្លៃងអំណរគុណដល់ធនាគារអភិវឌ្ឍន៍ជនបទ ដែលបានចូលរួមគាំទ្រគំរោងនេះឡើងផងដែរ៕