(ភ្នំពេញ)៖ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ចំនួន២៣រូប ដែលដឹកនាំដោយលោក Donal KANAK ប្រធានក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន និងលោក Arnaud DARC ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារនេះ លោក នុត អ៊ុនវ័ណរ៉ា បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាព និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ក៏ដូចជាគោលនយោបាយ និងវិធានការថ្មីៗដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងគោលដៅសម្រួលពាណិជ្ជកម្ម និងធ្វើឱ្យប្រសើរឡើងនូវបរិស្ថានធុរកិច្ចនិងវិនិយោគនៅកម្ពុជា។
លោកក៏បានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន ជួយជំរុញក្រុមហ៊ុនអឺរ៉ុប មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត ទៅលើវិស័យសេវាកម្មទេសចរណ៍ កសិឧស្សាហកម្មនិងការកែច្នៃ ផ្គុំដំឡើងសម្ភារបរិក្ខាមេកានិក និងអេឡិចត្រូនិក ជាពិសេសឧស្សាហកម្ម ឬកម្មន្តសាលដែលផ្ដល់តម្លៃបន្ថែមខ្ពស់ និងបម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ ដែលជាឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ ឬខ្សែចង្វាក់តម្លៃសកល។
ក្នុងន័យនេះ លោកក៏បានថ្លែងអំណរគុណ ដល់ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមក ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងដែលបានសម្របសម្រួលរៀបចំ ឲ្យមានដំណើរទស្សនកិច្ចរបស់ប្រតិភូវិនិយោគិនអឺរ៉ុបមកកម្ពុជាជារៀងរាល់ឆ្នាំ ដើម្បីសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគ និងធុរកិច្ច៕