(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ បានទទួលជួបលោក David Kaatrud នាយកអង្គការកម្មវិធីស្បៀងអាហារពិភពលោក (World Food Program) នៃអង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងលោកស្រី Francesca Erdelmann នាយកអង្គការកម្មវិធីស្បៀងអាហារពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ជំនួបពិភាក្សានេះ មានគោលបំណងសម្តែងការគួរសម និងជម្រាបជូនពីការចាប់ផ្តើមអនុវត្តផែនការយុទ្ធសាស្រ្តថ្មីសម្រាប់កម្ពុជា ២០១៩-២០២៣ (The New Country Strategic Plan, 2019-2023)។

តាមរយ:ផែនការយុទ្ធសាស្ត្រនេះ លោក David Kaatrud បានជម្រាបជូនរដ្ឋមន្ត្រីដោយសង្ខេបថា ផែនការយុទ្ធសាស្ត្រថ្មីនេះ នឹងត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី០៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានកំណត់យកសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាប្រធានបទអាទិភាពសម្រាប់ឆ្នាំ ២០១៩-២០២៣។

លោកក៏បានបញ្ជាក់ផងដែរថា តាមរយ:ផែនការយុទ្ធសាស្ត្រថ្មីនេះ អង្គការកម្មវិធីស្បៀងអាហារពិភពលោក នឹងជួយឧបត្ថម្ភគាំទ្រដល់៖ ទី១. ការផ្តល់អាហារដែលផលិតក្នុងស្រុក ឲ្យសិស្សនៅសាលារៀន, ទី២៖ ប្រព័ន្ធផ្គត់ផ្គង់ម្ហូបអាហារប្រកបដោយចីរភាព និងនិរន្តភាព, ទី៣៖ ការកាត់បន្ថយហានីភ័យ និងការគ្រប់គ្រង, ទី៤៖ ការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថល, ទី៥៖ អភិបាលកិច្ចលើសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការគាំពារសង្គម, ទី៦៖ សេវាផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម និងទី៧៖ ការផ្តល់ជំនួយផ្នែកបច្ចេកទេស និងគោលនយោបាយ ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអង្គការសហប្រជាជាតិ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានា និងឧបត្ថម្ភស្បៀង និងអាហារូបត្ថម្ភដល់ជនងាយរងគ្រោះ និងសហគមន៍នៅទូទាំងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៧៩។ នាឱកាសនេះ លោករដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវផងដែរ អំពីកំណើននៃផលិតកម្មស្បៀង ដែលក្រសួងសម្រេចបានក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមក មានដូចជាស្រូវ ដំឡូង និងពោត ដែលផលិតកម្មទាំងនោះបានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខ ស្បៀង និងអាហារូបត្ថម្ភបានយ៉ាងល្អប្រសើរ។

ចំពោះគម្រោងថ្មីរបស់អង្គការកម្មវិធីស្បៀងពិភពលោក លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះផែនការយុទ្ធសាស្ត្រថ្មីសម្រាប់កម្ពុជា ដើម្បីបន្តសកម្មភាពមនុស្សធម៌ក្នុងការធានា និងកាត់បន្ថយភាពអត់ឃ្លាន និងលើកកម្ពស់អាហារូបត្ថម្ភជូនប្រជាជនកម្ពុជា ដែលសកម្មភាពនេះ ពិតជាបានឆ្លើយតបទៅអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលថា រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យពលរដ្ឋណាម្នាក់ស្លាប់ ដោយភាពអត់ឃ្លាននោះឡើយ។ ក្នុងនាមក្រសួងផលិតស្បៀង ធានាដល់ការផ្គត់ផ្គង់ទាំងបរិមាណ និងគុណភាព ធានាសន្តិសុខស្បៀង កាត់បន្ថយ និងឈានទៅលប់បំបាត់ភាពអត់ឃ្លាន លោក និងសហការីនឹងចូលរួមផ្តល់កិច្ចសហការគ្រប់កាលៈទេសៈ ធ្វើយ៉ាងណាឲ្យគម្រោងសម្រេចបានលទ្ធផលតាមការគ្រោងទុក។

លោករដ្ឋមន្ត្រីបានសំណូមពរឲ្យអង្គការកម្មវិធីស្បៀងអាហារពិភពលោក និងអង្គការដៃគូអភិវឌ្ឍផ្សេងៗទៀត គួរពិនិត្យលទ្ធភាពផ្តល់ការគាំទ្រដល់ប្រជាកសិករ និងសហគមន៍ក្នុងការធ្វើកសិកម្មចម្រុះ និងផលិតកម្មដែលមានសក្កានុពលខ្ពស់ ដូចជាចិញ្ចឹមសត្វ និងសាកវប្បកម្ម ជាពិសេសចិញ្ចឹមគោយកទឹកដោះ នៅក្នុងសហគមន៍ ដើម្បីជួយដល់សុខភាព និងការរីកលូតលាស់របស់កុមារតូច ហើយអាចជួយប្រជាកសិករបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅ ស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ច ដោយកត្តាទាំងអស់នេះ នឹងលើកស្ទួយអាហារូបត្ថម្ភប្រកបដោយប្រសិទ្ធភាព៕