(ព្រះសីហនុ)៖ ការជំរុញបែបនេះបានធ្វើឡើងក្នុងឱកាស នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ គួរបញ្ជាក់ថា ស្របពេលដែលខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍលឿន ជីវភាពពលរមានការភាពធូរធា កំណើនយានយន្ត និងកំណើនមនុស្សចូលមករស់នៅរកស៊ី ឬធ្វើការនៅខេត្តនេះ ក៏មានកាកើនឡើង នាពេលបច្ចុប្បន្ន។
ការកកស្ទះចរាចរណ៍ ក៏កំពុងកើតឡើងស្ទើររាល់ថ្ងៃ និងគ្រប់ផ្លូវ។ បញ្ហានេះបានធ្វើឲ្យមានការរអ៊ូររទាំជាខ្លាំងផងដែរ។ ដើម្បីដោះស្រាយកង្វល់នេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន កំពុងប្រជុំគ្នារកវិធីរំដោះបន្ទាន់។
ចំពោះមុខជំរុញឲ្យមន្ត្រីនគរបាលសណ្ដាប់ធ្នាប់ ចរាចរណ៍ ត្រូវរួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងប្រជាការពារផង ត្រូវធ្វើយ៉ាងណារួមគ្នាដោះស្រាយ និងជួយសម្រួលចរាចរណ៍តាមដងផ្លូវ ឲ្យបានល្អប្រសើរដើម្បីកុំឲ្យសភាពកកស្ទះនេះ នៅតែកើតមានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានបង្ហាញនូវយន្តការដោះស្រាយមួយចំនួនដូចជា៖ រៀបចំដាក់របាំងផ្លូវនៅតាមដងផ្លូវសំខាន់ៗ ធ្វើជាផ្លូវឯកទិស ពង្រីកផ្លូវ ឬជួសជុលផ្លូវ ធ្វើផលូវវាងក្រុង ជំរុញឲ្យនគរបាលអាជ្ញាធរ តាមមូលដ្ឋានជួយមើលការចាប់ឡានចតគ្មានសណ្តាប់ធ្នាប់នៅតាមដងផ្លូវ ដោះស្រាយការយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរនិងធ្វើអាជីវកម្មផ្សេងៗ រិតបន្តឹងការអនុវត្តវិធានការច្បាប់ និងពិន័យចំពោះជនដែលចតយានយន្តអនាធិបតេយ្យនៅតាមដងផ្លូវជាដើម។
អភិបាលខេត្តព្រះសីហនុ គ្រោងផ្ដល់រថយន្តស្ទូចមួយគ្រឿងទៀត ជូនដល់រដ្ឋបាលក្រុងព្រះសីហនុ ដើម្បីងាយស្រួលក្នុងការលើកស្ទូចរថយន្តដែលចតចោលនៅតាមដងផ្លូវផងដែរ។
ទន្ទឹមនឹងការរីកចំរើនយ៉ាងគំហុកនេះ បញ្ហាប្រឈមជាច្រើនក៏កំពុងកើតឡើងដែលទាំងអស់គ្នាត្រូវរួមគ្នាដោះស្រាយប្រកបដោយការទទួលខុសត្រូវផងដែរ។
អភិបាលបាលខេត្តព្រះសីហនុបាន គូសបញ្ជាក់ថា បញ្ហាប្រឈមទាំងនោះរួមមាន៖ ការកកស្ទះចរាចរណ៍, សន្តិសុខ សណ្តាប់ធ្នាប់ ការចាប់បង្ខាំងមនុស្សជំរិតយកលុយពសំណាក់ជនជាតិចិនគ្នាគាត់ , ការគ្រប់គ្រងសំណង់ការដ្ឋានសំណង់ សំណល់រឹងរាវ បញ្ហាទឹក ភ្លើង ផ្លូវខូច ការរំលោភដីអូរ ការយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរ ការដោះស្រាយទំនាស់ដីធ្លី បញ្ហាអានាធិបតេយ្យដីធ្លី និងសេវាសាធារណៈមិនទាន់ល្អប្រសើរជាដើម។
ទោះយ៉ាងណាលោក យន្ត មីន បានលើកទឹកចិត្តចំពោះការខិតខំរបស់មន្ត្រីទាំងអស់ ក្នុងការបំពេញការងាររបស់ខ្លួនបានទទួលលទ្ធផលគួរកត់សំគាល់។ ជាមួយគ្នានេះដែរ លោក យន្ត មីន ក៏បានរំលឹកបន្ថែមថា ទាក់ទិននឹងបញ្ហាប្រឈមនៅតាមមូលដ្ឋាន អាជ្ញាធរមូលដ្ឋាននៅកៀកកិតជាងគេ។
លោករំលឹកថា មន្ត្រីមូលដ្ឋានត្រូវតែមានវិធានការណ៍ទប់ស្កាត់ដោះស្រាយភ្លាម ឬរាយការបន្ទាន់តែបើមិនអាចដោះបានត្រូវរាយការណ៍មកថ្នាក់លើ ដើម្បីមានវិធានការណ៍ដោះស្រាយចៀសវាងចូលរួមឃុបឃិតជាមួយគេដែរ។
ក្រៅពីនេះ លោកបានរលឹកជាថ្មីទៀតចំពោះមន្ទីររៀបចំដែនដី ត្រូវត្រូវរៀបចំធ្វើបណ្ណ័កម្មសិទ្ធដីធ្លី ជូនពលរដ្ឋនៅតំបន់ឃ្លាំងលើឲ្យបានឆាប់រហ័សផងដែរ បន្ទាប់ពីតំបន់នេះត្រូវបានរាជរដ្ឋាភិបាលបានកាត់ឆ្វៀលជូនពលរដ្ឋ។
ករណីនេះ អភិបាលខេត្តបានបញ្ជាក់ថា កន្លងមកលោកបានស្នើរមន្ទីររៀបចំដែនដីម្តងហើយតាំងពីលោក នួន ប៉ុក នៅកាន់តំណែងជាប្រធានមន្ទីរ។ បន្ថែមលើនេះ អភិបាលខេត្ត ក៏បានជម្រាបដល់តំណាង អយ្យការសាលាដំបូងខេត្តព្រះសីហនុផងដែរ ចំពោះការលើកសំណុំរឿងដីធ្លីនៅតំបន់ក្បាលឆាយ បន្ទាប់ពីមានបុគ្គលខ្លះ បានប្តឹងទាមទាសិទ្ធិកាន់កាប់គ្រប់គ្រងដីដោយបានយកបណ្ណ័ចាស់ ដែលរដ្ឋាភិបាលបានិរាករណ៍អស់ទៅហើយមកសំអាង។
លោកបានបញ្ជាក់ថា ដីនៅតំបន់ក្បាលឆាយនេះ កន្លងមករដ្ឋាភិបាល បាននិរាករណ៍និងដកហូតអស់ហើយតែបានផ្តល់មួយផ្នែកជូនរដ្ឋាបាលខេត្តព្រះសីហនុ ដើម្បីចាត់ចែងដោះដូរជូនពលរដ្ឋដែលបានរស់នៅជាក់ស្តែង។ ករណីនេះ អភិបាលបានស្នើឲ្យសាលាដំបូងខេត្តព្រះសីហនុជ្រាបផង។
ចំពោះករណីអ្នកយកបណ្ណ័ដែលរដ្ឋបាននិរាករន៍យូរហើយមកប្តឹងទាមទារសិទ្ធិគ្រប់គ្រងនោះ អភិបាលខេត្តព្រះសីហនុ យល់ឃើញថា នេះគ្រាន់តែជាការប្តឹងក្រែងបានវិញខ្លះប៉ុណ្ណោះ តែករណីនេះមិនអាចទេ។
ក្រៅពីបញ្ហាទាំងឡាយ ដែលត្រូវបានលើកឡើង អភិបាលខេត្តព្រះសីហនុ ក៏បានជំរុញ និងរំលឹកដល់មន្ត្រីបម្រើសេវាទាំងអស់ត្រូវតែបំពេញការងារឲ្យបានត្រឹមត្រូវ មានតម្លាភាព លឿន ទុកចិត្តបាន ធ្វើយ៉ាងណាបំរើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ កុំឲ្យពលរដ្ឋមានការរអ៊ូរទាំ ខណៈដែលកន្លងមកមានការលើកឡើងថាសេវាកម្មរបស់មន្ត្រីមួយចំនួនហាក់មានភាពយឺតយ៉ាវ៕