(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានបញ្ជូនបុរសចិនឈ្មោះថា LIAO JINGQING ទៅកាន់សាលាដំបូងរាជធានីភ្នំពេ ដើម្បីចាត់ការតាមនីតិវិធី ករណីនាំលុយខុសច្បាប់ជិត១លានដុល្លារ ចូលមកកម្ពុជា។
ការបញ្ជូនខ្លួនបុរសចិនរូបនេះ គឺធ្វើឡើងបន្ទាប់ពី សមត្ថកិច្ចប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានផ្អាកដំណើរជនជាតិចិនម្នាក់ ដែលមានឈ្មោះថា LIAO JINGQING ពាក់ព័ន្ធករណីនាំប្រាក់ចំនួន ៨៥៥,០០០ ដុល្លារអាមេរិក ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា។
សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ច នៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយការិយាល័យគយ និងរដ្ឋាករប្រចាំនៅព្រលានយន្តហោះ នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ បានចាប់ជនជាតិចិនម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយដកហូតលុយជិត ១លានដុល្លារអាមេរិក ដែលលុយនោះត្រូវបាននាំចូលពីទីក្រុងហុងកុង ប្រទេសចិន។
យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃទទួលផែនការងារអន្តោប្រវេសន៍ បានឲ្យដឹងថា ជនជាតិចិនម្នាក់ ដែលមានឈ្មោះថា LIAO JINGQING កើតថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នា១៩៧១ កាន់លិខិតឆ្លងដែនលេខ EG0115690។
ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃទទួលផែនការងារអន្តោប្រវេសន៍ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការចាប់ខ្លួនជនជាតិចិនរូបនេះ ដោយសារតែលុយទាំងនោះមានការសង្ស័យថា ជាលុយដែលមានប្រភពមិនច្បាស់លាស់។
តាមការសាកសួរបឋម ជនសង្ស័យបបានសារភាពថា ខ្លួនបានចូលមកកម្ពុជាចំនួន០២លើក ក្នុងនោះលើកទី១ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ និងលើកចុងក្រោយ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ ជនសង្ស័យ មានមុខរបរនៅចិន ជាអ្នកធ្វើការផ្នែកដេគ័រ នៅសណ្ឋាគារ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះ បានបន្តថា គោលបំណងនាំប្រាក់មកកម្ពុជា ដើម្បីវិនិយោគលើផ្នែកដេគ័រ ជាមួយប្អូនជីដូនមួយឈ្មោះ LIAO YUPENG (ប៉ុន្តែមិនស្គាល់ឈ្មោះក្រុមហ៊ុន)។ ប្រាក់ខាងលើ បានបើកពីធនាគារឈ្មោះឡុង យៀក ក្នុងទីក្រុងហុងកុង នាំយកមកកម្ពុជា។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបង្ហាញថា ភស្តុតាងដែលត្រូវបានដកហូតរួមមាន៖ លិខិតឆ្លងដែនចិនចំនួន១ក្បាល, ប្រាក់ចំនួន៨៥៥,០០០ដុល្លារអាមេរិក (៧២ដុំ), ទូរស័ព្ទដៃចំនួន០១គ្រឿង និងកាបូបធំចំនួន០២។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីសាកសួរ និងអនុវត្តនីតិវិធីបន្ត។
កាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅនេះ កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ក៏បានចាប់ខ្លួនជនសង្ស័យ ជាជនជាតិចិនចំនួន៣នាក់ផងដែរ ដែលបាននាំលុយចំនួន ៣,៥២០,០០០ដុល្លារអាមេរិក ដោយពុំមានការបញ្ជាក់ពីប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា៕