(ភ្នំពេញ)៖ ប្រទេសកម្ពុជាក្រោយសង្គ្រាម បានបង្ហាញនូវសក្ខីកម្មជោគជ័យដ៏អស្ចារ្យពីការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច។ ចាប់តាំងពីទទួលបាន សន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ប្រទេសកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សម្គាល់ ដែលមានអត្រាកំណើនជាមធ្យម ៨% ក្នុងមួយឆ្នាំ។
លើសពីនេះទៅទៀត អត្រាភាពក្រីក្របានធ្លាក់ចុះជាលំដាប់ពី ៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹមតែ១០% នៅក្នុងឆ្នាំ២០១៩។ ស្របពេលជាមួយគ្នានេះដែរ វិស័យអប់រំ និងវិស័យសុខាភិបាល មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដ៏ឆាប់រហ័ស និងសមិទ្ធិផលដទៃទៀតទាំងអស់ដែលកម្ពុជា សម្រេចបានកន្លងមកជាលទ្ធផលនៃសន្តិភាព និងស្ថិរភាព ដែលបានមកដោយលំបាក តាមរយៈយុទ្ធសាស្ត្រ ដែលមានការគិតគូគ្រប់ជ្រុងជ្រោយដើម្បីផ្សះផ្សារជាតិ និងកសាងសន្តិភាព។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់នៅក្នុងសម័យប្រជុំលើកទី ៧៥ នៃសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី និងប៉ាស៊ីហ្វិកនៃ អង្គការសហប្រជាជាតិ (UN-ESCAP) នៅទីក្រុងបាងកក កាលពីដើមសប្តាហ៍នេះថាសន្តិភាព ស្ថិរភាព និងកំណើនដែលមានលក្ខណៈបរិយ៉ាន និងស្មើភាពគ្នាគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍជាតិ។
ជាក់ស្តែងសក្ខីភាពមួយដែលបង្ហាញអំពីគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីត្រូវបានអនុវត្តតាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៩០ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល និងការបែកបាក់ផ្នែកមនោគមវិជ្ជា។តាមរយៈការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គោលនយោបាយឈ្នះ-ឈ្នះ
មិនត្រឹមតែបានផ្តល់នូវសុវត្ថិភាព និងសន្តិសុខដល់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានូវវឌ្ឍនភាពសង្គមនិងវិបុលភាពសេដ្ឋកិច្ច។ ការផ្តល់ និងការការពារសិទ្ធិលើអចលនទ្រព្យឯកជន រួមទាំងដីសម្បទានសង្គមត្រូវបានអនុវត្តនៅទូទាំងប្រទេស។
ការអភិវឌ្ឍជាតិ គឺជាការងារដែលត្រូវធ្វើ ហើយរាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតឥតឈប់ឈរ។ ឧទាហរណ៍រាជរដ្ឋាភិបាលកម្ពុជា បានផ្តួចផ្តើមផែនការអភិវឌ្ឍមួយប្រកបដោយមហិច្ឆិតាខ្ពស់ ដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០។ ប្រជាពលរដ្ឋម្នាក់ៗនឹងត្រូវទទួលបាននូវការការពារសង្គមដូចៗគ្នានៅក្នុងកម្មវិធីបណ្តាញសុវត្ថិភាពសង្គម។
រាជរដ្ឋាភិបាលកម្ពុជាបានណែនាំ និងអនុវត្តគោលនយោបាយធំៗចំនួនបី ដើម្បីសម្រេចបាននូវចក្ខុវិស័យសកលស្តីពី «គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល»។ ទី១៖ ក្របខ័ណ្ឌគោលនយោបាយការពារជាតិ ឆ្នាំ២០១៦-២០២៥ មានគោលដៅលើកកម្ពស់សុវត្ថិភាពប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ។ ក្របខ័ណ្ឌនេះត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់សុខមាលភាពប្រជាជន និងពង្រឹងសាមគ្គីភាពសង្គម។ ទី២៖ មូលនិធិសមធម៌សុខាភិបាល របស់រាជរដ្ឋាភិបាលកំពុងដំណើរការ ដើម្បីផ្តល់សេវាថែទាំសុខភាពឥតគិតថ្លៃដល់ជនក្រីក្រ និងប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ ព្រមទាំងកុមារអាយុក្រោម២ឆ្នាំ ដែលគ្រួសារមានជីវភាពក្រីក្រនៅទូទាំងប្រទេស។ ទី៣៖ គោលនយោបាយជាតិសម្រាប់មនុស្សវ័យចំណាស់ ឆ្នាំ២០១៧-២០៣០
ត្រូវបានបង្កើតឡើង ដើម្បីគាំទ្រដល់មនុស្សវ័យចំណាស់ និងដោះស្រាយបញ្ហាប្រឈមនានា។
ការសម្រេចបាននូវ កំណើនប្រកបដោយបរិយាប័ននិងសមធម៌ និងការអភិវឌ្ឍន៍ដែលរឹងមាំសម្រាប់សង្គមក្រោយសង្គ្រាមតីជាបញ្ហាប្រឈមសាកល។ កម្ពុជាក៏ស្ថិតនៅក្នុងការប្រឈមនេះដែរ។ ម្យ៉ាងទៀត ផលចំណេញពីកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា មិនទាន់បានបែងចែកដោយយុត្តិធម៌ និងស្មើគ្នានៅឡើយ។ ម្យ៉ាងមួយវិញទៀត វិសមភាពសេដ្ឋកិច្ចសង្គម ដែលនៅតែជាបញ្ហាប្រឈមដល់ការអភិវឌ្ឍន៍បង្កភាពស្មុគស្មាញក្នុងការទទួល
បានកាឡានុវត្តភាពសេដ្ឋកិច្ចជាទូទៅ។
ជាការកត់សម្គាល់ ហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទនៅតែមានការអភិវឌ្ឍតិចតួច បើប្រៀបធៀបទៅនឹងតំបន់ទីក្រុង។ តួបផ្សំនឹងទីផ្សារការងារក្នុងស្រុកទន់ខ្សោយ បានជំរុញឱ្យមានការធ្វើចំណាកស្រុកទៅកាន់ប្រទេសជិតខាង និងក្នុងតំបន់។
នៅក្នុងស្មារតីនៃការនាំប្រទេសឆ្ពោះទៅរកទិសដៅរីកចម្រើន និងអភិវឌ្ឍប្រកបដោយចីរភាព កម្ពុជាត្រូវការយុទ្ធសាស្រ្តអភិវឌ្ឍដ៏ទូលំទូលាយ និងស៊ីជម្រៅមួយ និងអភិក្រមអភិវឌ្ឍន៍ ដែលមានការសម្របសម្រួលគ្នាល្អ។ យុទ្ធសាស្រ្តអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចរយៈពេលវែង ទាមទារការប្រកាន់ខ្ជាប់នូវសេដ្ឋកិច្ច និងសង្គមដែលមានបរិយាប័ន ធន់នឹងវិបត្តិ និងការអភិវឌ្ឍប្រកបដោយចីរភាព។
មុំដំបូងនៃការអភិវឌ្ឍន៍ គឺការអភិវឌ្ឍនៅតាមទីជនបទ ព្រោះជាគន្លឹះសំខាន់ ដើម្បីសម្រេចបាននូវការអភិវឌ្ឍបរិយាប័ន និងប្រកបដោយចីរភាព។ ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ នឹងកាត់បន្ថយគម្លាតអភិវឌ្ឍន៍ទីក្រុង និងជនបទ ព្រមទាំងលើកកម្ពស់ភាពធន់ទ្រាំសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលត្រូវបានប្រកាសជាផ្លូវការនៅខេត្តសៀមរាបនៅដើមឆ្នាំ ២០១៩ បានផ្តួចផ្តើមគំនិតអភិវឌ្ឍន៍ភូមិនវានុវត្តន៍មួយ ដែលមានឈ្មោះថា គម្រោងភូមិគំរូតេជោ ១០០ (Techo 100 Model Villages Project) តាមបែបកម្ពុជា។ អក្សរកាត់TECHO តំណាងឱ្យបច្ចេកវិទ្យានិង គំនិតអប់រំ (Technology and Thought), អប់រំនិងអេកូឡូហ្ស៊ី (Educationand Ecology), វប្បធម៌និងសហគមន៍ (Culture and Community), មនុស្សជាតិនិងប្រវត្តិសាស្រ្ត (Humanity and History) និងសរីរាង្គនិងប្រភពដើម (Organic and Original) ។
គម្រោងភូមិគំរូតេជោ ១០០ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រតភ្ជាប់ចំណុច។ ភូមិគំរូនឹងត្រូវបានផ្សារភ្ជាប់គ្នា និងប្រមូលផ្តុំគ្នា ដោយផ្អែកលើគុណសម្បត្តិប្រៀបធៀបដែលមានស្រាប់ និងសក្តានុពលអភិវឌ្ឍន៍។ ភូមិទាំងនេះត្រូវបានផ្សារភ្ជាប់ទៅនឹង តំបន់ទីក្រុងតាមរយៈតម្រោងតភ្ជាប់តំបន់ជនបទ និងទីក្រុង ដូចជាតាមរយៈការដឹកជញ្ជូននិងទូរគមនាគមន៍ ដើម្បីជួយសម្រួលដល់ការបន្ថែមតម្លៃ នៅក្នុងខ្សែចង្វាក់ផលិតកម្ម និងការផ្លាស់ប្តូរនៃទំនិញនិងសេវាកម្ម។ ការតភ្ជាប់បណ្តាញរវាងជនបទនិងទីក្រុង នឹងជួយសម្រួលដល់ការរីកចម្រើន នៃគំនិតនិងចំណេះដឹងការបំលាស់ទីរបស់ប្រជាជន និងការបង្កើនផលិតភាពនិងនាវានុវត្តន៍។ ការភ្ជាប់នេះនឹងរួមចំណែកដល់ការបង្រួមគម្លាតអភិវឌ្ឍន៍ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន។
ដោយសារចំណេះដឹង និងដំណោះស្រាយនៅទីជនបទនៅមានកម្រិតនៅឡើយក្នុងការកសាងភាពរីកចម្រើនមួយ ដែលធនទ្រាំនិងបរិយាប័ន គម្រោងភូមិតំរូតេជោ ១០០ នឹងដើរតួនាទីដោះស្រាយវិបត្តិទាំងនោះ។
គម្រោងនេះក៏នឹងបង្កើតកម្លាំងរុញច្រានថ្មី សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅតាមជនបទក្នុងប្រទេសកម្ពុជាតាមរយៈការអភិវឌ្ឍនវានុវត្តន៍អភិបាលកិច្ចជនបទ ការកសាងសមត្ថភាពដឹកនាំ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ បច្ចុប្បន្ន វិទ្យាស្ថានចក្ខុវស័យអាស៊ី (AVI) កំពុងអនុវត្តគម្រោងស្រាវជ្រាវសាកល្បងមួយចំនួននៅក្នុងខេត្តព្រះវិហារនិងខេត្តតាកែវ។ គម្រោងទាំងនេះរំពឹងថា នឹងត្រូវបានពង្រីកដល់គ្រប់ខេត្ត ក្រុង ទាំង ២៥ របស់កម្ពុជា។
បទពិសោធន៍ និងមេរៀនដែលទទួលបានពីគម្រោងនេះនឹងត្រូវបានចែករំលែកជាមួយភូមិដទៃទៀតនៅទូទាំងប្រទេស ហើយគម្រោងស្រដៀងគ្នានេះ អាចត្រូវបានចម្លង និងអនុវត្តនៅក្នុងបណ្តាប្រទេសអាស៊ីដទៃទៀត។ មុំអភិវឌ្ឍន៍មួយទៀត គឺជាការអភិវឌ្ឍទីក្រុងឆ្លាតវៃដែលជាសមាសធាតុដ៏សំខាន់នៃចក្ខុវិស័យអភិវឌ្ឍន៍
របស់ប្រទេសកម្ពុជា។
ចក្ខុវិស័យនេះធ្វើតាមការបំផុសគំនិត នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន (ASCN) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ក្នុងគោលបំណងដើម្បីកែលម្អជីវភាពរស់នៅរបស់ ប្រជាជនដោយប្រើប្រាស់បច្ចេកវិទ្យា។ ខេត្តបាត់ដំបង ភ្នំពេញ និងសៀមរាបស្ថិតនៅក្នុងចំណោមបណ្តាទីក្រុងដែលមានក្នុងបណ្តាញអាទិភាព៕
ដោយ៖ សួស យ៉ារ៉ា តំណាងរាស្រ្តកម្ពុជា