(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជា ប្រមុខ បានយកចិត្ដទុកដាក់ខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ប្រកបដោយចំណេះដឹង ជំនាញវិជ្ជាជីវៈ គុណធម៌ ស្មារតីទទួលខុសត្រូវ ដើម្បីព្យាបាលសង្រ្គោះប្រជាជនកាន់តែភាពល្អប្រសើរឡើង ។
ក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាល បានផ្តល់អាហារូបករណ៍ប្រមាណពី៦០០ ទៅ៧០០ នាក់ ពោលគឺ១០% នៃនិស្សិតចូលរៀន នៅសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល (ស.វ.ស)។ លើសពីនេះ ចំពោះសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់នូវក្តីសណ្តោស ជួយជាអាហារូបករណ៍ ដល់និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលបច្ចុប្បន្នបាន០៥ ជំនាន់ហើយ និងមានចំនួនសរុប ១៥៤នាក់ផងដែរ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា ក្រសួងសុខាភិបាល ក៏បន្ដខិតខំប្រឹងប្រែងជំរុញការបណ្ដុះបណ្ដាល ផ្ដោតលើសមត្ថភាពជំនាញរួមបញ្ជូលជំនាញទន់នានាផងដែរ ដើម្បីពង្រឹងបាននូវការបណ្ដុះបណ្ដាល ដែលប្រកបដោយគុណភាព គុណធម៌ ឥរិយាបថល្អ និងសីលធម៌វិជ្ជាជីវៈខ្ពស់ ។
ការថ្លែងដូច្នេះ របស់រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសប្បុរសធម៌សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឆ្នាំ២០១៩ ក្រោមប្រធានបទ «យុវជន ការចែករំលែក និងស្នាមញញឹម» នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ ។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ លើការងាររៀបចំកម្មវិធីមនុស្សធម៌នេះឡើងថា «កម្មវិធីដ៏ថ្លៃថ្លានេះពិតជានាំមកនូវផលប្រយោជន៍ជាច្រើនដល់យុវជន និងសង្គមជាតិ ដែលជាពិសេស ជួយសម្រាលបន្ទុកមួយចំណែកដល់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងសង្គមយើង តាមរយៈការជួយដោះស្រាយបន្ទុក គ្រួសាររបស់ និស្សិតក្រីក្រ នៅ ស.វ.ស, ជួយដល់និស្សិតក្រីក្រស.វ.ស បន្តការសិក្សាទៅមុខទៀត កុំឲ្យបោះបង់ចោលការសិក្សា ដោយបញ្ហាថវិកា, ផ្តល់ឱកាសដល់សមាគម និស្សិត និងនិស្សិត ស.វ.ស ចូលរួមបំផុសលើកទឹកចិត្ត«វប្បធម៌ចែករំលែក»ដល់និស្សិត និងសង្គមជាតិយើង»។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានលើកឡើងទៀតថា ជាក់ស្ដែងកន្លងមកសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល បានផ្ដល់ឱកាសដល់និស្សិតចូលរួមក្នុងសកម្មភាពសង្គមនានា ផ្ដល់សេវាសុខាភិបាល ដល់សហគមន៍ដោយឥតគិតថ្លៃ និងសកម្មភាពមនុស្សធម៌ ផ្សេងៗទៀត ដែលមានប្រយោជន៍ជាអាទិ៍ភាព ដល់សង្គមកម្ពុជាយើង ។
ជាមួយគ្នានោះ លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានថ្លែងថា កម្មវិធីសប្បុរសធម៌ ដែលបានរៀបចំកន្លងមក ដោយសាកលវិទ្យាល័យ បានជួយបង់ថ្លៃសិក្សានិស្សិតក្រីក្រ បានចំនួន២៨នាក់ ឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ជា នូវថវិកាមួយចំនួន និងជួយកុមារក្រីក្រមួយចំនួន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាសម្ភារៈសិក្សា។
បន្ថែមពីនោះ លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ដែលតែងតែងផ្តល់ថវិកាផ្ទាល់ខ្លួន ឧបត្ថម្ភក្នុងកម្មវិធីសប្បុរសធម៌នាពេលកន្លងមក ក៏ដូចជាថ្លែងអំណរគុណចំពោះសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ សមាគមជាតិកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា អ្នកឧបត្ថម្ភកម្មវិធី សប្បុរសជន ដៃគូនានា ជាពិសេសសមាគមនិស្សិត និងប្អូនៗនិស្សិត ដែល បានជួយជ្រោមជ្រែង គាំទ្រកម្មវិធី សប្បុរសធម៌សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
សូមជម្រាបថា នេះជាលើកទី៥ហើយ គិតចាប់តាំងពីឆ្នាំ២០១៤មក ដែលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំកម្មវិធីសប្បុរសធម៌នេះឡើង។ កម្មវិធីសប្បុរសធម៌នាឆ្នាំនេះ ប្រព្រឹត្តទៅពេញមួយថ្ងៃ ដោយមានសកម្មភាពនានាដូចជា ការតាំងពិពណ៌ផលិតផល ការលក់ដូរវត្ថុអនុស្សាវរីយ៍/អាហារ ការលេងល្បែងប្រជាប្រិយ ការសម្តែងល្ខោនអប់រំខ្លី ដែលជាស្នាដៃលេខ១ ប្រកួតមហោស្រព យុវជនទូទាំងប្រទេសឆ្នាំ២០១៩ របស់ក្រុមសិល្បៈនិស្សិតស.វ.ស ការសម្តែងសិល្បៈរបស់ក្រុមសិល្បករល្បីៗនៃកម្ពុជា ការសម្តែងល្ខោនខោល ល្បុកតោ និងការរាំកំសាន្តជាដើម៕