(ភ្នំពេញ)៖ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០១៨ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ និងប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តចំនួនបី៖ «យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥», «យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ ២០១៩-២០២៥» និង «យុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣»។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, សមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ក្រសួង-ស្ថាប័ន, ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត, ឯកអគ្គរាជទូត/ឯកអគ្គ- រដ្ឋទូត, តំណាងដៃគូអភិវឌ្ឍន៍ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល។
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ជាកម្មវិធីកែទម្រង់រយៈពេលវែង មានចក្ខុវិស័យប្រកបដោយ មហិច្ឆិតា និងប្រាកដនិយម, គឺផ្លាស់ប្តូរប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅឧត្តមានុវត្តអន្តរជាតិ ដោយបាននិងកំពុងកសាង និងពង្រឹងសមាសធាតុស្នូលទាំង ៤៖ កែលម្អប្រព័ន្ធ, ក្របខ័ណ្ឌគតិយុត្ត, យន្តការស្ថាប័ន និងធនធានមនុស្ស ។ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺត្រូវរៀបចំឡើងតាមលំដាប់លំដោយ ស្របតាមបរិបទនៃ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។
លោក រស់ សីលវ៉ា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានរាយការណ៍ជូនអង្គប្រជុំអំពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ប្រចាំឆ្នាំ ២០១៨ ដូចតទៅ៖
* ការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូល រយៈពេលមធ្យម ២០១៤-២០១៨ សម្រេចបានគោលដៅដែល បានដាក់ចេញដោយចំណូលចរន្ត (ទិន្នន័យបណ្តោះអាសន្ន) មានកំណើន០.៥ពិន្ទុភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ដែលឆ្នាំ ២០១៨ នេះ សម្រេចបាន១.៤៧ ពិន្ទុភាគរយនៃ ផ.ស.ស. ។ ជាមធ្យមពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨ ចំណូលចរន្តកើនឡើងប្រមាណ១.៣៥ ពិន្ទុភាគរយនៃ ផ.ស.ស។
* គម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តជំហានទី១ នៅឆ្នាំ២០១៤ និងជំហានទី ២ នៅឆ្នាំ ២០១៧ ។ ទន្ទឹមនេះ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានធ្វើការកែសម្រួលប្លង់គណនេយ្យថ្មី ឱ្យស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងបានរៀបចំ និងដាក់ឱ្យអនុវត្តប្រកាស ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់ទាំង៧៖ (១)៖ ចំណាត់ថ្នាក់អង្គភាពប្រតិបត្តិ និងរដ្ឋបាល, (២). ចំណាត់ថ្នាក់ភូមិសាស្ត្រ, (៣). ចំណាត់ថ្នាក់សេដ្ឋកិច្ច, (៤). ចំណាត់ថ្នាក់កម្មវិធី, (៥). ចំណាត់ថ្នាក់ មុខងារ, (៦). ចំណាត់ថ្នាក់គម្រោង និង (៧). ចំណាត់ថ្នាក់មូលនិធិ ដោយក្នុងនោះចំណាត់ថ្នាក់ថវិកាចំនួន ៥ អនុវត្តបានពេញលេញ និងចំនួន២ទៀត បាននិងកំពុងជំរុញអនុវត្ត ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានកំណត់ផែនការពង្រីកប្រព័ន្ធ FMIS ប្រកបដោយភាពច្បាស់លាស់សំដៅគាំទ្រ ការអនុវត្តថវិកាកម្មវិធី និងប្រព័ន្ធគណនេយ្យភាពហិរញ្ញវត្ថុនៅតាមក្រសួង-ស្ថាប័ន ដូចតទៅ៖
* ឆ្នាំ ២០១៨៖ ក្រសួង-ស្ថាប័ន ចំនួន ១០ ត្រូវបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការ ។
* ឆ្នាំ ២០១៩៖ ក្រសួង-ស្ថាប័ន ចំនួន ១០ ថ្មីបន្ថែម និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ ត្រូវដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការ ។
* ឆ្នាំ ២០២០៖ ក្រសួង-ស្ថាប័នចំនួន ១៧ ថ្មីបន្ថែម នឹងត្រូវដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការ ។
* ការអនុវត្តថវិកាកម្មវិធី ត្រូវបាននិងកំពុងដាក់ឱ្យអនុវត្តគ្រប់ក្រសួង-ស្ថាប័ន និងគ្រប់រដ្ឋបាលរាជធានី-ខេត្ត ។ ជាវឌ្ឍនភាព, ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៨, ក្រសួង-ស្ថាប័នទាំង៣៩ ត្រូវបានដាក់ឱ្យអនុវត្តថវិកាកម្មវិធីសាកល្បងពេញលេញ, រីឯ រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ ត្រូវបានដាក់ឱ្យអនុវត្តថវិកា កម្មវិធីសាកល្បងពេញលេញចាប់ពីឆ្នាំ ២០១៧ រហូតដល់ឆ្នាំ ២០២១ ។
លោក ចច អេហ្គា ឯកអគ្គរដ្ឋទូត និងប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាតំណាងដៃគូអភិវឌ្ឍន៍ សូមអបអរសាទរដល់រដ្ឋាភិបាល ចំពោះការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ ២០១៤-២០១៨ ប្រកបដោយភាពជោគជ័យ។ ដៃគូអភិវឌ្ឍន៍សង្ឃឹមថា យុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣ នឹងទទួលបានជោគជ័យដូចគ្នានឹងយុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ ២០១៤-២០១៨ ផងដែរ ព្រមទាំងនឹងបន្តធ្វើទំនើបកម្មគោលនយោបាយ សារពើពន្ធ និងមិនមែនសារពើពន្ធ និងរដ្ឋបាលសារពើពន្ធ និងមិនមែនសារពើពន្ធ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច និងធានាសមធម៌ ក្នុងចំណោមអ្នកបង់ពន្ធ ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានប្រកាសដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របី គឺ៖ «យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥», «យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្ម សាធារណៈ ឆ្នាំ ២០១៩-២០២៥» និង «យុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣» និងសូមឱ្យគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ អនុវត្តយុទ្ធសាស្រ្តទាំងបីនេះ ប្រកបដោយឆន្ទៈ, មនសិការ, និងការទទួលខុសត្រូវខ្ពស់ ។
អគ្គបណ្ឌិតសភាចារ្យ បានដាក់ចេញអាទិភាព និងតម្រង់ទិសការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងឆ្នាំ២០១៩នេះ និងបណ្ដាឆ្នាំខាងមុខដូចខាងក្រោម៖
* រៀបចំផែនការសកម្មភាព, ជំរុញ និងតាមដានការអនុវត្តយទ្ធសាស្រ្តទាំងបីដែលបានដាក់ឲ្យអនុវត្តខាងលើគឺ «យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥», «យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្ម សាធារណៈ ឆ្នាំ ២០១៩-២០២៥» និង «យុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣» ។
* ពង្រីក និងពង្រឹងការអនុវត្តការដាក់ឱ្យដំណើរការ នៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសា-ធារណៈ នៅតាមក្រសួង-ស្ថាប័ន ទន្ទឹមនឹងការជំរុញធ្វើស្វ័យប្រវត្តិកម្មការអនុវត្តថវិកា ដោយចាប់ផ្ដើមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
* យកចិត្តទុកដាក់លើការកែលម្អគុណភាពនៃថវិកាកម្មវិធី ដោយផ្ដោតលើសមិទ្ធកម្ម និងបន្ដសាកល្បងដាក់ឱ្យ អនុវត្តក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និងក្របខ័ណ្ឌថវិការយៈពេលមធ្យម ។
* ពិនិត្យ និងកែលម្អនីតិវិធីអនុវត្តថវិកា ទាំងក្នុងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួង-ស្ថាប័នសាមី ដោយផ្ដោតជាសំខាន់លើការត្រួតពិនិត្យ របាយការណ៍អនុវត្ត ឬ របាយការណ៍លទ្ធផល និងបង្កើតឧបករណ៍ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តថវិកា។
* យកចិត្តទុកឱ្យបានខ្លាំងក្លាថែមទៀត លើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដោយពិនិត្យលទ្ធភាពឱ្យមានយុទ្ធសាស្ត្រ, គោលនយោបាយ ឬផែនការសកម្មភាពច្បាស់លាស់ ។
* បន្ដពង្រឹងសមត្ថភាពផ្នែកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទ្រទ្រង់ដល់ការងារកែទម្រង់ផង និងដើម្បីជំរុញប្រសិទ្ធភាពនៃការអនុវត្តកិច្ចការប្រចាំថ្ងៃផង ។
* បន្តពង្រឹងការសម្របសម្រួល និងអនុវត្តការងារប្រទាក់ក្រឡាគ្នារវាងកែទម្រង់ទាំងបី រួមមាន ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការកែទម្រង់រដ្ឋបាលសាធារណៈ, និង វិមជ្ឈការនិងវិសហមជ្ឈការ ។
* អគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវពិនិត្យឡើងវិញ និងបូកសរុបការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី ៣ និងត្រៀមរៀបចំផែនការសកម្មភាពរួមសម្រាប់ដំណាក់កាលទី ៤ ដោយផ្ដោតលើខឿនទី ៤ គឺ គណនេយ្យភាពសមិទ្ធកម្ម ។
អគ្គបណ្ឌិតសភាចារ្យ ក៏បានវាយតម្លៃខ្ពស់ចំពោះសហការីនៃរដ្ឋាភិបាលកម្ពុជា ក្រសួង-ស្ថាប័នទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តសកម្មភាពទាំងឡាយ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រេច បានលទ្ធផលល្អប្រសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់សហគមន៍អឺរ៉ុប, ធនាគារពិភពលោក, ធនាគារអភិវឌ្ឍន៍អាស៊ី, មូលនិធិរូបិយវត្ថុអន្ដរជាតិ, អង្គការយូនីសែហ្វ, រដ្ឋាភិបាលបារាំង/AFD, រដ្ឋាភិបាលអូស្ត្រាលី, និង ស្ថាប័នអន្ដរជាតិផ្សេងទៀត ដែលបាន និង គ្រោងបន្ដផ្ដល់ជំនួយហិរញ្ញវត្ថុ និង បច្ចេកទេស សម្រាប់គាំទ្រដល់ការអនុវត្ដកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ នេះ ឱ្យប្រព្រឹត្តទៅដោយរលូន និង មានសន្ទុះល្អទៅមុខ ក៏ដូចជាក្នុងដំណាក់កាលបន្ដបន្ទាប់ទៀត៕