(ភ្នំពេញ)៖ ពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំពិធី ប្រកាសតែងតាំងឧត្តមទីប្រឹក្សា ទីប្រឹក្សា និងប្រកាសកិត្តិគុណ ជូនសាស្ត្រាចារ្យនៃពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា ចំនួនជិត១០០នាក់ ដែលបានខិតខំលះបង់អស់កម្លាំងកាយចិត្ត ក្នុងការបង្ហាត់បង្រៀនផ្ទេចំណេះដឹងដល់សាមណនិស្សិត និស្សិត ក្រោមព្រះរាជាធិបតីភាពសម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃ រាជាធិបតីកិត្តិឧទ្ទសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះសាកលវិធ្យាធិការ ព្រះអង្គមានព្រះរាជបន្តូលថាការផ្តល់ជូនឧត្តមទីប្រឹក្សា ទីប្រឹក្សា និងប្រកាសកិត្តិគុណ ដល់សាស្រ្តាចារ្យទាំងអស់ នៅក្នុងថ្ងៃនេះ គឺជាការតបស្នងសងគុណមួយដែលមិនអាចកាត់ថ្លៃបាន ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់សាស្រ្តាចារ្យ ក្នុងបង្ហាត់បង្រៀនផ្ទេរចំណេះដឹង ដល់សាមណៈនិស្សិត និស្សិត ឲ្យទទួលបាននូវពុទ្ធិចំណេះដឹង សម្រាប់អភិវឌ្ឍន៌ខ្លួនឯង និងសង្គមជាតិ ក៏ដូចជាគុណបំណាច់ក្នុងការសាមគ្គីគ្នាធ្វើយ៉ាងអោយពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា កាន់តែមានសក្តានុពល និងរីកចម្រើនប្រកបដោយគុណភាព។
សម្តេចព្រះអភិសេរី បានមានព្រះរាជបន្តូលបន្តរថា សាមណៈនិស្សិត និស្សិតទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រអោយបានក្លាំងពូកែ ដើម្បីតបស្នងដល់សាស្រតចារ្យទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាងមកបង្រៀនយើង ហើយក៏ដើម្បីខ្លួនឯង និងសង្គមជាតិ ព្រោះថា ព្រះរាជាណាចក្រកម្ពជានាពេលបច្ចុប្បន្ន កំពុងតែមានការអភិវឌ្ឍន៌លើគ្រប់វិស័យ ហើយត្រូវការជាចាំបាច់នូវធនធានមនុស្សដើម្បីរួមគ្នាកសាងអភិវឌ្ឍន៍ជាតិ ឲ្យកាន់តែរីកចម្រើនក្រោមម្លប់ដ៏ត្រជាក់របស់អង្គព្រះមហាក្សត្រ និងក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។
គួរបញ្ជាក់ផងដែរថា ពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានអប់រំរបស់រដ្ឋ ដែលបានប្រោសព្រះរាជទានព្រះបរមនាមពីព្រះករុណាព្រះមហាក្សត្រ និងបានការអនុញ្ញាតពីរាជរដ្ឋាភិបាល នៅខែកក្តដា ឆ្នាំ២០០៧ និងបានទទួលស្គាល់គុណភាពអប់រំ ពីគណៈកម្មធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា ដែលបច្ចុប្បន្នមានសាមណៈនិស្សិត និស្សិតកំពុងសិក្សារៀនសូត្រដោយ បានទទួល អាហារូបករណ៍ ១០០ភាគរយ រយៈពេល ៤ឆ្នាំដោយឥតបង់ថ្លៃចំនួនជាង ៣ពាន់នាក់៕