(កំពង់ធំ)៖ លោកបណ្ឌិត វង់ សណ្ដាប់ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន ប្រព័ន្ធស្បៀងបំរុងកម្ពុជា និងក្រុមការងារ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញចែកគ្រាប់ពូជបន្លែ ដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកបានលើកឡើងថា ប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក.) ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីចុងឆ្នាំ ២០១២ ក្នុងគោលដៅចំបងធ្វើការបម្រុងស្បៀង ជាអង្ករក្នុងកំរិត១៦,០០០តោន (ក្នុងនៅបម្រុងអង្ករជារូបវន្តចំនួន១០,០០០តោន និងបម្រុងជាសាច់ប្រាក់ អាចទិញអង្ករបានចំនួន៦,០០០តោន), បម្រុងជាគ្រាប់ពូជស្រូវក្នុងកំរិត ៣,០០០តោន (ក្នុងនៅបម្រុងគ្រាប់ពូជស្រូវ ជារូបវន្តចំនួន២,០០០តោន និងបម្រុងគ្រាប់ពូជស្រូវ ជាសាច់ប្រាក់ចំនួន១,០០០តោន) និងបម្រុងគ្រាប់ពូជបន្លែ ក្នុងកំរិតចំនួន៥០តោន (ក្នុងនៅបម្រុងជារូបវន្តចំនួន២៥តោន និងបម្រុងជាសាច់ប្រាក់ អាចទិញគ្រាប់ពូជបន្លែ បានចំនួន២៥តោន) សម្រាប់ជួយប្រជាជន និងកសិកររងគ្រោះធម្មជាតិ ឬ គ្រោះអាសន្ននានា ដែលខ្វះខាតស្បៀងសម្រាប់បរិភោគ និងឬគ្រាប់ដំណាំ សម្រាប់ស្តារដំណាំស្រូវ និងបន្លែឡើងវិញ។

លោកបានបន្តថា កម្មវិធីជំរុញការដាំដុះបន្លែ រួមផ្សំដល់កសិករ មិនត្រឹមតែជួយបង្កើនសុវត្ថិភាពស្បៀងប៉ុណ្ណោះទេ គឺបង្កើនចំណូលដល់គ្រួសារ និងចូលរួមកាត់បន្ថយការ នាំចូលបន្លែពីក្រៅប្រទេសហើយ តែប្រការ ដែលសំខាន់ គឺបានកែប្រែទម្លាប់កសិករឲ្យមកដាំដុះបន្លែ ដើម្បីផ្គត់ផ្គង់ដោយខ្លួនឯង ដោយកាត់បន្ថយការទិញបន្លែ ពីផ្សារចំពោះបន្លែណា ដែលខ្លួនអាចដាំបាន។ ការផ្តល់នូវ ផលប្រយោជន៍ដែលកសិករទទួលបាន ពីការដាំដំណាំរួមផ្សំ បន្ថែមលើដំណាំស្រូវ ដែលពួកគាត់កំពុងអនុវត្ត អាចរួមមាន៖

* បន្ថែមនូវជម្រើស សម្រាប់ពង្រីកសកម្មភាពកសិកម្ម
* បន្ថែមនូវប្រភពចំណូល
* បង្កើនការផ្គត់ផ្គង់ស្បៀង ដល់គ្រួសារដោយខ្លួនឯង
* បង្កើននូវសុវត្ថិភាពដំណាំបន្លែ និង អាហារូបត្ថម្ភដល់គ្រួសារ
* ជួយលើកកំពស់ការប្រើប្រាស់ធនធានដីកសិកម្ម និង វត្ថុធាតុដើមដែលកសិករមានស្រាប់ សម្រាប់ជាប្រយោជន៍បង្កើនផលិតផលកសិកម្ម និង ចំណូលដោយកាត់បន្ថយចំណាយនានា ដែលមិនចាំបាច់
* ជំរុញការបង្កើនចំណូលគ្រួសារ លើកកំពស់ជីវភាព និងសុខភាពរបស់គ្រួសារ
* ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយបន្លែក្នុងស្រុក ដែលមានសុវត្ថិភាពកាន់តែច្រើន
* ជំរុញកំណើនសេដ្ឋកិច្ចកសិកម្មក្នុងភូមិយើង ប្រទេសយើង និង កាត់បន្ថយនូវការនាំចូលបន្លែណា ដែលកសិករយើងអាចដាំ បានប្រកបដោយគុណភាព និងសុវត្ថិភាព
* ជួយលើកស្ទួយសុវត្ថិភាពចំណីអាហារ ដល់ពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរ បរទេសដែលមកលេងកម្ពុជាផងដែរ។

លោកក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមដាំបន្លែសុវត្ថិភាព ដើម្បីផ្គត់ផ្គង់ដល់គ្រួសារ សហគមន៍ ពលរដ្ឋនិងប្រទេស ដែលជាការធ្វើទង្វើល្អមួយ ដើម្បីខ្លួនឯង គ្រួសាររបស់ខ្លួន សហគមន៍របស់ខ្លួន ពលរដ្ឋរបស់ខ្លួន ភ្ញៀវទេសចររបស់ជាតិយើង។

គួរបញ្ជាក់ផងដែរថា ក្នុងខេត្តកំពង់ធំ ការចែកគ្រាប់ពូជ គឺ៨ក្រុង-ស្រុក ៧៩ឃុំ ប្រជាពលរដ្ឋទទួលគ្រាប់ ពូជប្រមាណជាង៣ម៉ឺនគ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានគ្រាប់ពូជ៤មុខ។ សម្រាប់ការចែកគ្រាប់ពូជ មាន១២មុខគឺ ពោតដំណើប សណ្ដែក ល្ពៅត្រកួន ស្ពៃចង្កឹះ សាឡាត់ ត្រសក់ ត្រប់វែង ត្រប់ក្រាំងមាស ប៉េងប៉ោះ ស្ពៃខៀវ ត្រឡាច៕