(តូក្យូ, ជប៉ុន)៖ ប្រធានក្រុមហ៊ុន NIKKEI របស់ជប៉ុន លោក ណាអូតូស៉ិ អូកាដា (Naotoshi OKADA) បានថ្លែងកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើន។
ការកោតសរសើររបស់លោក ណាអូតូស៉ិ អូកាដា បានធ្វើឡើងក្នុងពេលរូបអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ។
បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបនេះលោក ណាអូតូស៉ិ អូកាដា បានថ្លែងកោតសរសើរអំពីយុទ្ធសាស្ត្ររបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជានាំមកនូវការរីកចម្រើន។ លោកបានលើកឡើងទៀតថា លោកតែបានឮនៅតាមសារព័ត៌មានជាច្រើន និយាយពីការរីកចម្រើនរបស់កម្ពុជា ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា មានកត្តាពីរសំខាន់ដែលធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនខ្ពស់ និងការអភិវឌ្ឍដោយចីរភាព។ កត្តាទាំងពីរនោះរួមមាន៖ ទី១. គឺសន្តិភាព និងស្ថេរភាពនយោបាយ ហើយកត្តាចាំបាច់ទី២ គឺស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។
សម្តេចតេជោបានបន្ថែមថា ត្រូវរក្សាកត្តាទាំងពីរនេះឱ្យបាន ហើយកត្តាទាំងពីរនេះត្រូវពឹងផ្អែកគ្នាទៅវិញទៅមក។ ដូច្នេះត្រូវថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ និងស្ថានភាពភាពម៉ាក្រូសេដ្ឋកិច្ចផងដែរ។ បន្ទាប់មកទាមទារឲ្យមានអភិបាលកិច្ចល្អដើម្បីជំរុញនូវការអភិវឌ្ឍ។ សម្ដេចតេជោ បានគូសបញ្ជាក់ថា អភិបាលកិច្ចស្មោគគ្រោគមិនអាចនាំមកនូវជោគជ័យបានឡើយ។ ដូច្នេះសម្រាប់ប្រទេសកម្ពុជានៅបន្តធ្វើការកែទម្រង់ជាពិសេសក្នុងការកែលម្អលើចំណុចណាដែលចាំបាច់។
សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា ប្រទេសកម្ពុជានៅឆ្នាំ២០០១ មិនទាន់មានស្បៀងគ្រប់គ្រាន់ទេដោយនាំចូលស្បៀងពីបរទេស ប៉ុន្តែក្រោយមកយើងបានក្លាយជាប្រទេសដែលនាំចេញស្បៀងដូចជាអង្ករដែលយើងសល់ដល់ ៣លានតោនសម្រាប់នាំចេញ។ ដូច្នេះប្រទេសកម្ពុជាក្លាយខ្លួនពីប្រទេសនាំចូលស្បៀងទៅជាប្រទេសនាំចេញស្បៀងវិញ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីជំរុញការអភិវឌ្ឍប្រទេសនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ដើម្បីផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា ទាំងអស់នេះជាការខិតខំជំរុញធ្វើយ៉ាងណាឱ្យថវិកាជាតិមានការកើនឡើងជាលំដាប់ ដើម្បីធ្វើយ៉ាងណាអាចឲ្យប្រទេសកម្ពុជា ត្រូវបានដោះស្រាយលើតម្រូវការចាំបាច់ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធផងដែរ។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែលពាក់ព័ន្ធនឹងការរីកចម្រើននេះកម្ពុជាក៏មានការកើនឡើងនូវចំនួនប្រជាពលរដ្ឋដែលមានជីវភាពល្អប្រសើរច្រើន។ បើទោះកម្ពុជាមានការរីកចម្រើនយ៉ាងណាក្តី តែសម្តេចតេជោ បានបញ្ជាក់ថា កម្ពុជានៅតែត្រូវការជំនួយពីប្រទេសជប៉ុន ដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យកាន់តែល្អប្រសើរថែមទៀត។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបង្ហាញក្តីសង្ឃឹមដែរថា វិនិយោគិនពីជាប្រទេសជប៉ុននឹងទៅបណ្ដាក់ទុនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា បើទោះបីបច្ចុប្បន្នមានចំនួនអ្នកវិនិយោគពីប្រទេសជប៉ុនមានការកើនឡើងក៏ដោយ ហើយសម្ដេចនៅចង់ឃើញអ្នកយកពីប្រទេសជប៉ុនទៅបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោក ណាអូតូស៉ិ អូកាដា មកទស្សនកិច្ចនៅកម្ពុជាផងដែរ។
ក្រុមហ៊ុន Nikkei គឺជាទីផ្សារមូលប័ត្រតូក្យូ ដែលមានឈ្មោះពេញថា Tokyo Stock Exchange (TSE) របស់ប្រទេសជប៉ុន និងត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៧៨។ ដោយឡែកនៅឆ្នាំ១៩៤៣ ដែលជាអំឡុងពេលនៃសង្គ្រាមលោកលើកទីពីរនោះ រដ្ឋាភិបាលជប៉ុនបានបញ្ចូល TSE ជាមួយនឹងក្រុមហ៊ុនចំនួន ០៥ផ្សេងទៀត ដើម្បីបង្កើតទៅជាទីផ្សារមូលប័ត្រជប៉ុន (Japan Stock Exchange ឬ JSE)។ ទីផ្សារមូលប័ត្រនេះត្រូវបានបិទទ្វារ នៅអំឡុងខែសីហា ឆ្នាំ១៩៤៥ រហូតដល់សង្គ្រាមលោកបានស្ងប់ស្ងាត់។
តាមពិតទៅឈ្មោះរបស់ទីផ្សារមូលប័ត្រនេះគឺ Nikkei 225 ប៉ុន្តែគ្រប់គ្នាតែងហៅថា Nikkei, the Nikkei index ឬ the Nikkei Stock Average ដើម្បីភាពងាយស្រួល ហើយវាត្រូវបានប្រតិបត្តិជាប្រចាំថ្ងៃដោយកាសែត Nihon Keizai Shinbun ចាប់តាំងពីឆ្នាំ១៩៥០ មកម្ល៉េះ។ វាជាទីផ្សារ បង្ហាញនូវតារាងសន្ទស្សន៍តម្លៃ ដែលធ្វើប្រតិបត្តិការនៅក្នុងប្រាក់យ៉េនជប៉ុន (JP ¥) ហើយសមាសភាគរបស់វា ត្រូវបានត្រួតពិនិត្យចំនួនម្តងនៅក្នុងមួយឆ្នាំ។
ហេតុដែលគេប្រើលេខ ២២៥ នៅកន្ទុយបែបនេះ គឺដោយសារតែ Nikkei ចង់បង្ហាញអំពីការត្រួតពិនិត្យរបស់ខ្លួន ទៅលើដំណើរការនៃក្រុមហ៊ុនធំៗចំនួន ២២៥ នៅក្នុងប្រទេសជប៉ុន គ្រប់ដណ្តប់លើវិស័យឧស្សាហកម្មដ៏ធំទូលាយ។ ក្រុមហ៊ុន Nikkei 225 បានចាប់ផ្តើមដំណើរការប្រតិបត្តិរបស់ខ្លួនពេលលេញ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៥០ គឺកាលពី ៦៩ឆ្នាំមុន ហើយរហូតមកដល់ឆ្នាំ២០១០ សន្ទស្សន៍នៃតម្លៃត្រូវបានធ្វើបច្ចុប្បន្នភាព នៅរៀងរាល់ ១៥វិនាទី នៃការធ្វើពាណិជ្ជកម្មជួញដូរ៕