(តាកែវ)៖ សមាគមខ្មែរ ហាមីលតុន-ភ្នំពេញ សហការជាមួយក្រុមការងារ យុវជន តំបន់៥ ប្រចាំទីក្រុងហាមីលតុន-អូក្លិន នៃប្រទេសណូវ៉ែលហ្សេឡង់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានរៀបចំកម្មវិធីមនុស្សធម៌ ជួយឧបត្ថម្ភថវិកា និងសម្ភារជូនដល់គ្រួសារក្រីក្រមួយ រស់នៅភូមិស្កូវ ឃុំជើងគួន ស្រុកសំរោងទោង ខេត្តតាកែវ។
គ្រួសារក្រីក្រ ខាងលើនេះ មានឪពុកឈ្មោះ ខឹម ស៊ី និងម្ដាយ ឈ្មោះ ម៉ោង យ៉ុន និងមានកូនចំនួន៤នាក់ ដោយក្នុងនោះ មានកូន១នាក់ ជាជនពិការរស់នៅយ៉ាងលំបាកវេទនា ដោយអាស្រ័យនៅក្នុងដីវត្ត។ ថ្ងៃខ្លះ បានបាយព្រឹក ខ្វះល្ងាច បានបាយល្ងាច ខ្វះព្រឹកក៏មាន។
ដោយមើលឃើញពីការលំបាកនេះ សមាគមខ្មែរ ហាមីលតុន-ភ្នំពេញ បានសហការជាមួយក្រុមការងារតំបន់៥ បានធ្វើការរ៉ៃអង្គាសថវិកាពីសប្បុរសជនក្នុងស្រុក និងនៅបរទេស បានចំនួន១,១១០ដុល្លារអាមេរិក។
ក្នុងនោះ ក៏ទទួលបានសម្ភាររួមមាន៖ អង្ករបួនការុង, ម៉ីកញ្ចប់៦កេះ, ទឹកស៊ីអ៊ីវ១កេះ, ត្រីខកំប៉ុងពីរឡូរ, ទឹកក្រូច១កេះ, ទឹកផ្លែឈើ១កេះ, ទឹកសុទ្ធ៤កេះ, សាំងសីប្រកពណ៌ខៀវ បណ្ដោយ៣ម៉ែត្រ ៣០សន្លឹក ដើម្បីឧបត្ថម្ភជូនក្រុមគ្រួសារ របស់លោកពូ ខឹម ស៊ី និងអ្នកមីង ម៉ោង យ៉ុន និងកូនដែលជាជនពិការ ដែលកំពុងជួបការលំបាក និងមានជីវភាពក្រីក្រតោកយ៉ាក។
ទន្ទឹមនេះ សមាគមខ្មែរ ហាមីលតុន-ភ្នំពេញ និងក្រុមការងារតំបន់៥ បានឧបត្ថម្ភជូនចាស់ៗ ចំនួន២៥នាក់ នៅក្នុងភូមិ ដោយក្នុងម្នាក់ចំនួន២០,០០០រៀល សរុបចំនួន៥០០,០០០រៀលផងដែរ៕