(ភ្នំពេញ)៖ អង្គការ Child Protection Unit (CPU) របស់អូស្ដ្រាលី ដែលមានជំនាញកោសល្យវិច្ឆ័យ ពិសេសករណីដែលកើតឡើងចំពោះកុមារនៅកម្ពុជា បានបង្ហាញអារម្មណ៍រន្ធត់ជាពន់ពេក ចំពោះភាពព្រៃផ្សៃនៃការប្រព្រឹត្តរបស់ជនបង្ក រហូតដល់ថ្នាក់រកពាក្យនិយាយមិនបាន។
តាមរយៈ Facebook ផ្លូវការនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ អង្គការ CPU បានសរសេរយ៉ាងដូច្នេះថា «ភាពព្រៃផ្សៃ នៃព្រឹត្តិការណ៍នេះ ធ្វើឲ្យសូម្បីតែអ្នកជំនាញដែលមាន បទពិសោធន៍ច្រើនឆ្នាំ មានភាពរន្ធត់ និងរកពាក្យនិយាយមិនបាន។ គ្រប់ធនធានដែលយើងមានកំពុងធ្វើការ ប្រើប្រាស់ដើម្បីរកអតសញ្ញាណរបស់ជនល្មើស។ យើងនឹងធ្វើគ្រប់យ៉ាងដើម្បី ចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់»។
យ៉ាងណាក៏ដោយ អង្គការ CPU បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ក្រុមការងាររបស់ CPU ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ និងក្រសួងមហាផ្ទៃ បន្តការស៊ើបអង្កេត និងប្រមូលភស្តុតាងទាក់ទងករណីឃាតកម្មរបស់ក្មេងប្រុស អាយុ២ឆ្នាំ និងបទល្មើសរំលោភ និងសម្លាប់ក្មេងស្រី អាយុ១០ឆ្នាំ ក្នុងខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។
ក្រុមស៊ើបអង្កេត និងក្រុមកោសល្យវិច្ច័យ CPU បន្តប្រតិបត្តការណ៍នៅកន្លែងកើតហេតុក្នុងឃុំគគីរ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សាកសពក្មេងរងគ្រោះ ដែលប្រលាក់ដោយឈាម ត្រូវបានគេរកឃើញនៅទីលំនៅរបស់ពួកគេ នៅម៉ោង០៣៖១៥នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីឪពុករបស់ពួកគេ បានចេញទៅធ្វើការ។
ភ្លាមៗ ក្មេងស្រីរងគ្រោះនៅមានជិវិតនៅឡើយពេលដែលរកឃើញ ប៉ុន្តែត្រូវការសង្គោះបន្ទាន់ ទើបបញ្ជូនទៅពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីឲ្យ CPU រៀបចំការផ្លាស់ផ្តូរមកព្យាបាលនៅភ្នំពេញ។ ដោយសារមុខរបួសធ្ងន់ពេក ក្មេងស្រីរងគ្រោះបានស្លាប់បន្ទាប់ពីប៉ុន្មានម៉ោងក្រោយ។
អង្គការនេះ បន្ថែមថា អ្នកជំនាញមិនអាចយល់ពីកម្រិត នៃអំពើហិង្សាដែលបានប្រហារមកលើក្មេងទាំងពីររូបនេះទេ ហើយ CPU សង្កត់ធ្ងន់ទៀតថា អ្នកជំនាញ មិនសម្រាកឡើយទាល់តែយើងបានធ្វើការចាប់ខ្លួន និងធ្វើការផ្តន្ទាទោសជនល្មើស៕