(ភ្នំពេញ)៖ នាឱកាសជួបពិភាក្សាជាមួយគណៈប្រតិភូសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ACFTC) នៅវិមានសន្តិភាព នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចនយោបាយការបរទេស បានស្នើដល់ភាគីចិនបង្កើនការវិនិយោគបន្ថែមឱ្យកាន់តែច្រើននៅកម្ពុជា និងបង្កើនការទិញកសិផលនានាដែលកម្ពុជាដាំដុះបាន។
លោកបានរំឭកពីការព្រមព្រៀងរបស់ចិន ក្នុងការទិញអង្ករពីកម្ពុជាចំនួន ៤០ម៉ឺនតោនបន្ថែម នៅឆ្នាំ២០១៩ បើសរុបទាំងការព្រមព្រៀងមុនចំនួន ៣០ម៉ឺនតោនផង គឺចិននឹងទិញអង្ករពីកម្ពុជា ៧០ម៉ឺនតោន នៅឆ្នាំ២០១៩នេះ។
ទន្ទឹមនឹងកិច្ចព្រមព្រៀងទិញអង្ករពីកម្ពុជានេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានស្នើឱ្យពាណិជ្ជករជនជាតិចិនបង្កើនការទិញកសិផលពីកម្ពុជាបន្ថែមទៀត ហើយកសិផលដែលកម្ពុជា ចង់នាំទៅចិននោះមានដូចជា ម្រេច ស្វាយ មៀន និងដំណាំជាច្រើនផ្សេងទៀត។
ចំណែកឯផលិតផលឧស្សាហកម្មវិញ លោក ហោ ណាំហុង ក៏បានស្នើឱ្យចិនបង្កើនការទិញពីកម្ពុជា និងវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ ដូចជា ផលិតផលវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងសម្ភារធ្វើដំណើរ មានដូចជាកាបូប វ៉ាលី ខ្សែក្រវាត់ជាដើម។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីឱកាសវិនិយោគលើវិស័យជាច្រើន ដែលអ្នកវិនិយោគចិនអាចចាប់យក ដូចជា វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងសម្ភារធ្វើដំណើរ ខណៈបច្ចុប្បន្នកម្ពុជាមានរោងចក្រវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងប្រមាណ ១,២០០កន្លែង ក្នុងនោះស្ថិតក្រោមការវិនិយោគរបស់អ្នកវិនិយោគចិនមានប្រមាណ ៨០% ក្នុងនោះមានកម្មករជាង ៨សែននាក់។
ពិសេសលើសពីនេះ លោកបានរំឭកពីសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ថ្នាក់ដឹកនាំប្រទេសចិនថា ក្នុងករណីសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ ឬហៅថា EBA ពីកម្ពុជា គឺសុំឱ្យម្ចាស់-និយោជកចិនកុំដករោងចក្រ សហគ្រាសពីកម្ពុជា។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសម្រួលមធ្យោបាយជាច្រើនជូនអ្នកវិនិយោគគ្រប់គ្នា។
មួយវិញទៀត កម្ពុជាពិតជាចង់ឱ្យមានកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មសេរីជាមួយចិនណាស់ ពីព្រោះប្រសិនបើកម្ពុជា-ចិនមានកិច្ចព្រមព្រៀងនេះមែន ហាក់ដូចជាសញ្ញាបង្ហាញទៅកាន់សហភាពអឺរ៉ុបថា «កម្ពុជាមានមិត្តចិននៅចាំជួយ»។
គណៈប្រតិភូសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ACFTC) ដែលដឹកនាំដោយលោក ស៊ូ លីជាំង បានទទួលយកនូវសំណើទាំងនេះ និងបានសន្យាជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថានឹងកៀរគរអ្នកវិនិយោគរបស់ខ្លួនមកវិនិយោគនៅកម្ពុជាបន្ថែម ដើម្បីជំរុញការអនុវត្តតាមគោលនយោបាយ «ខ្សែក្រវាត់ និងវិថី» របស់រដ្ឋាភិបាលចិន ពីព្រោះទំនាក់ទំនងពាណិជ្ជកម្ម ឧស្សាហកម្ម វិនិយោគទាំងអម្បាលម៉ាននេះ ក៏ស្ថិតក្នុងក្របខណ្ឌខ្សែក្រវាត់ និងវិថីនេះផងដែរ៕