(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការ ក្រសួងការពារជាតិ បានលើកឡើងថា ចំពោះការងារបណ្តុះបណ្តាល ធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ នៅតែជាត់ទុកជាការងារអាទិភាព ក្នុងការកសាងពង្រឹងប្រៀបការពារជាតិ ដែលមានលក្ខណៈយុទ្ធសាស្ត្រ យូរអង្វែង ប្រកបដោយប្រសិទ្ធិភាពខ្ពស់ដោយផ្អែកលើធនធាន ការវិវឌ្ឍន៍សភាពការណ៍សន្តិសុខជាតិ-អន្តរជាតិ និងស្ថានការណ៍ ជាក់ស្តែងរបស់កម្ពុជា សម្រាប់កិច្ចការពារជាតិ។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ សំ វណ្ណថន បានធ្វើឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ នៅក្នុងពិធីបិទវគ្គបំប៉នការងាររដ្ឋបាលនិងឋានលេខា (វគ្គពិសេស)ឆ្នាំ ២០១៨ និងបើកវគ្គសិក្សាឆ្នាំ២០១៩ ដល់សិក្ខាកាមជាយោធិន មកពីបណ្តាលអង្គភាពនានា ក្រោមចំណុះក្រសួងការពារជាតិ យ៉ាងច្រើន នៅសាលប្រជុំសាកលវិទ្យាល័យការពារជាតិ។
ជាការពិតណាស់តាមរយៈនៃការហ្វឹកហ្វឺន និងបណ្តុះបណ្តាលកន្លងមកយើងបង្កើតបានធនធាន នាយទាហានជាច្រើន ដែលបច្ចុប្បន្លេបាន និងកំពុងបំពេញការងារតាមកងឯកភាព ក្នុងកងយោធពលខេមរភូមិន្ទ ទាំងការងារប្រយុទ្ធ បម្រើប្រយុទ្ធ និងការងារតាមការិយាល័យនានា ប្រកបដោយគុណភាព និងប្រសិទ្ធិភាព។ ថ្វីត្បិតតែយើងបានអនុវត្តការងារ និងឆ្លងកាត់មេរៀនជាច្រើនក្តី មានបទពិសោធន៍ជាច្រើនក៏ពិតមែន ប៉ុន្តែយើងក៏ត្រូវខិតខំសិក្សាស្វែងយល់បន្ថែមទៀត ព្រោះថារាល់ហេតុការណ៍ដែលកើតឡើងពេលបច្ចុប្បន្ន និងទៅអនាគត បានវិវឌ្ឍន៍ប្រែថាគ្នាទៅនឹងការវិវឌ្ឍន៍នៃពេលវេលាមនុស្សនិងបច្ចេកវិទ្យាទំនើប។
នាយឧត្តមសេនីយ៍ បានបន្តថា នៅក្នុងដំណាក់កាលដែលប្រទេសមានសន្តិភាព ទន្ទឹមនឹងកិច្ចការពារ អធិបតេយ្យ បូរណភាពទឹកដី កងយោធពលខេមរភូមិន្ទ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ ការអភិវឌ្ឍ ព្រមទាំងរួមចំណែកក្នុងបុព្វហេតុសន្តិភាព និងមនុស្សធម៌ពិភពលោក។
នាយឧត្តមសេនីយ៍ សំ វណ្ណថន បានបញ្ជាក់ថា កងយោធពលខេមភូមិន្ទ បានសហការជាមួយស្ថាប័នមានសមត្ថកិច្ចរបស់រដ្ឋរក្សាការពារសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម ជូនប្រជាជនបានរឹងមាំ ធានាការពារប្រក្រតីភាពនៃដំណើរការ និងការប្រព្រឹត្តទៅរបស់គ្រប់ស្ថាប័នជាតិ ប្រឆាំងច់ខាតសកម្មភាពបដិវត្តន៍ពណ៌ ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងរាល់សកម្មភាពកុបកម្ម ការធ្វើវិទ្ធង្សនា និងវិច្ឆេទកម្មគ្រប់ប្រភេទ និងការយកទឹកដីកម្ពុជា ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងប្រទេសជិតខាង ដែលនឹងនាំប្រទេសជាតិ ឱ្យធ្លាក់ទៅក្នុងគ្រោះមហន្តរាយ និងសង្គ្រាមជាថ្មី។
ក្នុងនាមឱ្យសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋាន ពិសេសគណៈកម្មការ និងអនុគណៈកម្មការដឹកនាំគ្រប់គ្រងការងារហ្វឹកហ្វឺន ដែលបានខិតខំប្រឹងប្រែង បញ្ចប់វគ្គបំប៉នការងាររដ្ឋបាលនិងឋានលេខ (វគ្គពិសេស) ឆ្នាំ២០១៨ និងបើកវគ្គសិក្សាថ្មី ឆ្នាំ២០១៩ ប្រកបដោយជោគជ័យនាពេលនេះ ពិតជាលទ្ធផលវិជ្ជមានមួយ បានរួមចំណែកយ៉ាងសំខាន់សំដៅពង្រឹង សមត្ថភាពដល់កងទ័ពឱ្យមានវិជ្ជាជីវៈចំណេះដឹង និងចំណេះធ្វើយ៉ាងពិតប្រាកដ ក្នុងការទទួលខុសត្រូវបំពេញភារកិច្ច ការពារបូរណភាពទឹកដី ការពារសន្តិភាព ការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម បង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចិរភាព និងការរស់នៅរបស់ប្រជាជន ប្រកបដោយសុខដុមរម្យនា។
បើតាមលោកឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការដឹកនាំការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រប្រវត្តិសាស្ត្រយោធា និងសណ្តាប់ធ្នាប់ បានឱ្យដឹងថា វគ្គបំប៉នការងាររដ្ឋបាល និងឋានលេខា (វគ្គពិសេស) បានចំនួន០៤វគ្គចហើយ។ វគ្គបំប៉នការងាររដ្ឋបាល និងឋានលេខា ឆ្នាំ២០១៨ មានសិក្ខាកាម មានចំនួន១៥៥នាក់ ដែលមកពីបណ្តាស្ថាប័នចំណុះក្រសួង និងអគ្គបញ្ជាការ។ សិក្សារយៈពេល ១១ខែ ពីខែមេសា ឆ្នាំ២០១៨ ដល់ខែកុម្ភៈ ឆ្នាំ២០១៩ និងបើកវគ្គសិក្សាឆ្នាំ២០១៩បន្ត មានចំនួន ១៧៩នាក់។
លោកឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ បានបន្តថា នៅក្នុងរយៈពេលចុងក្រោយនេះ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានប្រារព្ធពិធីបើកវគ្គ និងបិទវគ្គបំប៉ននូវមុខវិជ្ជា និងជំនាញមួយចំនួន បានជាច្រើនវគ្គ គឺរៀងរាល់ឆ្នាំដែលក្នុងវគ្គនីមួយៗ សុទ្ធសឹងតែមានសារៈសំខាន់ សំដៅដល់ការពង្រឹងការអនុវត្តការងាររដ្ឋបាលប្រចាំថ្ងៃរបស់បណ្តាស្ថាប័ន អង្គភាពកងទ័ព ក្រោមការដឹកនាំគ្រប់គ្រង របស់អគ្គលេខាធិការដ្ឋាន គណៈកម្មការនិងអនុគណៈ។ កម្មការបានរួមគំនិតគ្នាជាធ្លុងមួយ ដោយខិតខំប្រឹងប្រែង និងពុះពារអនុវត្តយ៉ាងយកចិត្តទុកដាក់បំផុត ស្របតាមគោលគំនិតនិងទស្សនវិស័យរបស់ថ្នាក់ដឹកនាំ គឺការពង្រឹង ពង្រីកនូវធនធានមនុស្សឱ្យមានបរិមាណ និងគុណភាពខ្ពស់។
លោកឧត្តមសេនីយ៍ឯកបានបន្ថែមទៀតថា ក្នុងនោះក៏បានជំរុញពង្រឹងនូវគោលជំហរ សតិអារម្មណ៍ និងស្មារតីដើម្បីទទួលបន្ថែមនូវចំណេះដឹង ចំណេះធ្វើ និងជំនាញផ្សេងៗ ស្របតាមផែនការនៃធ្វើកំណែទម្រង់នៃកងយោធពលខេមរភូមិន្ទ ដើម្បីធានាប្រសិទ្ធិភាពលើការងារឱ្យបានប្រសើរឡើង សម្រាប់ថ្ងៃអនាគត៕