(ភ្នំពេញ)៖ កម្ពុជាបានឯកភាពជាគោលការណ៍ក្នុងការអនុញ្ញាតឱ្យ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បើកការិយាល័យតំណាងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ស្របច្បាប់មួយនៅក្នុងប្រទេសកម្ពុជាហើយ។ បែបបទឯកសារផ្លូវការក្នុងការស្នើសុំបើកការិយាល័យតំណាងនេះត្រូវបានរំពឹកថា នឹងដាក់បញ្ចូលទៅក្រសួងព័ត៌មាន ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ការឯកភាពធ្វើឡើងក្នុងជំនួបរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលអនុញ្ញាតឲ្យ លោក Michael Newbill ភារៈធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និង លោក Matthew Walsh អនុប្រធានទទួលបន្ទុកប្រតិបត្តិការនៃ ទីភ្នាក់ងារអាមេរិកសម្រាប់ប្រពន្ធ័ផ្សព្វផ្សាយសកល US Agency for Global Media ដើម្បីស្វែងយល់ពីស្ថានការណ៍សារព័ត៌មានក្នុងប្រទេសកម្ពុជា និងពិភាក្សាការងារអំពីការបើកការិយាល័យ VOA ខេមរភាសាប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបនេះថា ក្នុងជំនួបនោះលោករដ្ឋមន្រ្តី ឯកភាពជាគោលការណ៍ ឱ្យបើកការិយាល័យតំណាង VOA នៅកម្ពុជា ហើយជាការឆ្លើយតប លោក Mathew Walsh បានអរគុណក្រសួងព័ត៌មាន និងលោករដ្ឋមន្រ្តី ដែលបានសម្របសម្រួល ឱ្យមានការឯកភាពគ្នាជាគោលការណ៍ ដើម្បីបើកការិយាល័យតំណាងនេះ។

លោកបានបន្តថា តំណាង Global Media របស់សហរដ្ឋអាមេរិក ក៏បានស្នើសុំឱ្យលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់អំពីនីតិវិធីបែបបទ ក្នុងការបើកការិយាល័យ នៅកម្ពុជាឡើងវិញ។

លោកបញ្ជាក់ថា «ឯកឧត្តមរដ្ឋមន្រ្តី លោកបានបញ្ជាក់អំពីនីតិវិធី នៅក្នុងការសុំបែបបទ ក្នុងការបើកការិយាល័យតំណាង ខាងក្រសួងក៏បានផ្តល់ពាក្យស្នើសុំ ក្នុងការបើកការិយាល័យតំណាងនេះ ជូនដល់ Global Media។ ជាការឆ្លើយតបខាង Global Media បានអះអាងថា នឹងដាក់លិខិតស្នើសុំមកកាន់ក្រសួងវិញ នៅពេលឆាប់ៗនេះ»

កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការលើកតម្កើងនូវសិទ្ធិ សេរីភាពសារព័ត៌មាន សេរីភាពនៃការបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានជាធរមាន ហើយបានបញ្ជាក់យ៉ាងច្បាស់ថា វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក បានផ្តួចផ្តើមគំនិតបិទការិយាល័យតំណាងរបស់ខ្លួនដោយខ្លួនឯង។ ដូច្នេះវិទ្យុទាំងពីរនេះ ក៏មានសេរីភាពបើកការិយាល័យតំណាងរបស់ខ្លួននៅកម្ពុជា ឡើងវិញបានដែរ។

ទោះជាយ៉ាងនេះក្តី នៅក្នុងជំនួបខាងលើនេះ ភាគីទាំងពីរពុំបាននិយាយអំពីវិទ្យុអាស៊ីសេរីនោះទេ។ នេះបើតាមអ្នកនាំពាក្យក្រសួងព័ត៌មាន៕