(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងរម្លឹកដល់បណ្តាមេដឹកនាំអាស៊ី ឱ្យគិតគូរ និងមានជំហររួមគ្នា ចំពោះដំណោះស្រាយលើបញ្ហាប្រឈមធំៗ ដែលកំពុងគំរាមពិភពលោក និងតំបន់អាស៊ី ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ។

ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង ក្នុងសន្និសីទអន្តរជាតិ លើកទី២៥ ស្តីពី «អនាគតរបស់អាស៊ី» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ។

ក្នុងសន្និសីទអន្តរជាតិនោះ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ប្រធានបទនៃវេទិកាសម្រាប់ឆ្នាំនេះ «ការស្វែងរកសណ្ឋាប់ធ្នាប់ពិភពលោកថ្មី៖ ការជម្នះលើភាពវឹកវរ» ដែលមានសារៈសំខាន់ និងសមស្របបំផុត នៅក្នុងបរិការណ៍បច្ចុប្បន្ន និងសម្រាប់អនាគតតំបន់យើង ដែលកំពុងជួបប្រទះ នឹងបញ្ហាប្រឈមស្មុគស្មាញ និង និន្នាការវិវត្តន៍ទៅមុខមិនប្រាកដប្រជា ដោយសារការគំរាមផ្សេងៗ និង ភាពរង្គោះរង្គើរនៃសណ្ហាប់ធ្នាប់ និងនិម្មាបនកម្មពិភពលោកបច្ចុប្បន្ន។

សម្តេចបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ក្នុងន័យនេះ, ថ្នាក់ដឹកនាំតំបន់យើង គប្បីគិតគូរ និងមានជំហររួមគ្នា ចំពោះដំណោះស្រាយលើបញ្ហាប្រឈមធំៗ ដែលកំពុងគំរាមពិភពលោក និងតំបន់អាស៊ីយើង ក្នុងកាលៈទេសៈបចប្បន្នពិសេស ចរន្តគាំពារនិយម, សង្គ្រាមពាណិជកម្មរវាងមហាអំណាចធំៗ និង វិបត្តិភូមិសាស្ត្រនយោបាយ»

សម្តេចតេជោ ហ៊ុន សែន បានសន្និដ្ឋានថា សម្រាប់រយៈពេលវែងទៅមុខ, សកលលោកក៏ត្រូវបន្តប្រឈមនឹងបញ្ហាប្រែប្រួលរចនាសម្ព័ន្ធធំៗផ្សេងទៀតជាច្រើន រួមមានជាអាទិ៍៖ បញ្ហាប្រជាសាស្ត្រនៃមនុស្សចាស់ និង មនុស្សក្មេង, បញ្ហាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, សន្តិសុខថាមពល, បញ្ហាទឹក និងបរិស្ថាន, ព្រមទាំងការរីកចម្រើន នៃបច្ចេកវិទ្យា, ដែលទាមទារឱ្យយើងទាំងអស់គ្នាពួតដៃគ្នា បង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីស្វែងរកដំណោះស្រាយសមស្របផងដែរ។

សម្តេចបានអះអាងទៀតថា៖ «ខ្ញុំជឿថា សន្និសីទពេលនេះ នឹងអាចផ្តល់នូវគំនិតផ្តួចផ្តើមថ្មីៗ និង អនុសាសន៍ល្អៗ ដើម្បីរួមចំណែកស្តារស្ថានការណ៍ឱ្យប្រសើរឡើង សំដៅកសាងអនាគតតំបន់មួយត្រចះត្រចង់ ជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន នៅក្នុងវិបុលភាព, សន្តិសហវិជមាន និងភាពសុខដុមរមនា តាមរយៈការកសាងទំនុកចិត្ត, ការយោគយល់ និង ជំនឿលើគ្នាទៅវិញទៅមក»