(តូក្យូ-ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី ក្រោមប្រធានបទ «ការស្វែងរកសណ្តាប់ធ្នាប់ពិភពលោកថ្មី៖ ការជម្នះលើភាពវឹកវរ» ដែលរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ថ្លែងក្នុងសន្និសីទនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ប្រទេសនៅអាស៊ីក៏ដូចជាពិភពលោកទាំងមូល កំពុងតែជួបប្រឈមនឹងវិបត្តិវកវរមិនធ្លាប់មាន ប្រកបដោយភាពស្មុគស្មាញ និងហានិភ័យជាច្រើន ដែលមានចរិតប្រពៃណីផង និងមិនប្រពៃណីផង សម្រាប់រយៈពេលខ្លី និងរយៈពេលវែងខាងមុខ។ បញ្ហាប្រឈមទាំងនេះ អាចបន្ទុចបង្អាក់វិវឌ្ឍនភាព និងបំផ្លាញសមិទ្ធិផល ដែលប្រជាជាតិយើងខិតខំសម្រេចបាន ក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងមក ក៏ដូចជាកាត់បន្ថយសក្តានុពល សម្រាប់ការអភិវឌ្ឍ នាពេលអនាគតផងដែរ។

សម្តេចបានថ្លែងបង្ហាញនូវក្តីបារម្ភផងដែរ អំពីសន្តិភាព, ស្ថិរភាព និង សន្តិសុខពិភពលោក ចំពោះមុខដំណើរវិវត្តទៅរកក្របខពហុប៉ូល ដោយសារការប្រកួតប្រជែងផលប្រយោជន៍ និងការកែតម្រូវតុល្យភាពអំណាចសកល ព្រមទាំងអរិភាពផ្សេងទៀត ដែលកំពុងបង្កនូវភាពមិនច្បាស់លាស់ និងភាពវឹកវរជាច្រើន ចំពោះប្រក្រតីភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចអាស៊ី។

ជាមួយនឹងបរិការណ៍ទាំងអស់នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចែករំលែកទស្សនៈមួយចំនួន ពាក់ព័ន្ធនឹងប្រធានបទនៃសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី ដូចខាងក្រោម៖

ទី១៖ ការរៀបចំដំណើរការស្ថាប័ន និង វិធានគ្រប់គ្រងសកលឡើងវិញ ដោយផ្អែកលើគោលការណ៍ស្នូល និងតម្លៃសកលជាសារវន្ត៖ ជាការពិត, ការផុសឡើងនូវប្លុក និងប៉ូលសេដ្ឋកិចថ្មីៗ តម្រូវឱ្យមានការរៀបចំឡើងវិញ នូវនិម្មាបនកម្មស្ថាប័ន និងវិធានគ្រប់គ្រងសកល ដើម្បីធានាតុល្យភាព អំណាច និងការបែងចែកប្រយោជន៍, ការទទួលខុសត្រូវ និងការអនុវត្តកាតព្វកិចរបស់តួអង្គនីមួយៗឱ្យបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព។

ក្នុងក្របខណ្ឌពិភពលោកពហុប៉ូល, គេចាំបាច់ត្រូវបែងចែកការទទួលខុសត្រូវឱ្យច្បាស់លាស់, កសាងទំនុកចិត្ត និង ជំរុញកិច្ចសហការក្នុងចំណោមប៉ូលអំណាចធំៗ ព្រមទាំងត្រូវបន្តផ្តល់លទ្ធភាពឱ្យមានការចូលរួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាត្រូវបន្តលើកស្ទួយតួនាទីរបស់ស្ថាប័នពហុភាគី ដើម្បីបង្កើតឡើងនូវបរិយាកាសអំណោយផល សម្រាប់ធានាឱ្យគ្រប់តួអង្គអាចរួមគ្នាដោះស្រាយបញ្ហាប្រឈម និងកសាងនូវនិម្មាបនកម្មថ្មីរបស់ពិភពលោក បានប្រកបដោយតុល្យភាព, បរិយាប័ន្ន និងយុត្តិធម៌។

ទី២៖ ការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌសកលភាវូនីយកម្ម៖ សកលភាវូបនីយកម្ម គឺជានិន្នាការពិភពលោក ដែលបានជំរុញឱ្យមានកំណើនសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់ និងបង្កើតលក្ខខណ្ឌមិនធ្លាប់មាន សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសនៅក្នុងប្រទេសក្រីក្រដូចជាកម្ពុជា។ និន្នាការប្រឆាំងសកលភាវូបនីយកម្ម ក៏កំពុងកើតមានឡើងដំណាលគ្នាផងដែរ ដោយសារគម្លាតអភិវឌ្ឍន៍ និងកម្រិតប្រាក់ចំណូល ក៏ដូចជាវិសមភាពសង្គម នៅក្នុង និងរវាងប្រទេសនីមួយៗ ដែលធ្វើឱ្យបាត់បងការទុកចិត្តគ្នា និងបង្កើតភាពភ័យខ្លាច ចំពោះសកលភាវូបនីយកម្មទៅវិញ។

ក្នុងនាមជាប្រទេសមានការអភិវឌ្ឍន៍តិចតួចមួយ, កម្ពុជាមានការបារម្ភជាខ្លាំង ចំពោះការសម្រេចចិតជាឯកតោភាគីណាមួយ ដែលប្រាសចាកពីគោលការណ៍ និងវិធាននៃច្បាប់អន្តរជាតិ ក៏ដូចជាការគេចវើពីកាតព្វកិច ចំពោះសន្ធិសញ្ញា និង កិច្ចព្រមព្រៀមអន្តរជាតិទាំងឡាយ។ សកម្មភាពបែបនេះ បាននិងកំពុង ធ្វើឱ្យចុះខ្សោយនូវទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ ព្រមទាំងបង្កភាពតានតឹង នៅក្នុងសហគមន៍អន្តរជាតិ។

ទី៣៖ ការគោរពអធិបតេយ្យភាព និងជម្រើសផ្លូវដើររបស់ប្រទេសនីមួយៗ៖ យើងធ្លាប់បានដឹងហើយថា មនោគមវិជ្ជានយោបាយ, សេដ្ឋកិច្ច និងសង្គមមួយចំនួន បានកើតឡើងជាប្រតិកម្មតប ទៅនឹងមនោគមវិជ្ជាធំៗ ដែលកំពុងមានអំណាចគ្រប់គ្រង លើសណ្តាប់ធ្នាប់ពិភពលោកបចប្បន្ន។ ទោះជាយ៉ាងណា, យើងត្រូវទទួលស្គាល់ថា មានមនោគមវិជ្ជាណាមួយដែលល្អឥតខ្ចោះនោះទេ។ មនោគមវិជ្ជានីមួយៗ តែងបានបង្ហាញឱ្យឃើញអំពីគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន។ នោះគឺដោយសារតែអ្វីដែលល្អសម្រាប់ប្រទេសមួយ ឬ សង្គមមួយ មិនប្រាកដថា ល្អសម្រាប់ប្រទេស ឬសង្គមមួយផ្សេងទៀតនោះឡើយ ដោយសារតែស្ថានភាពផ្សេងគ្នា និងលក្ខណៈពិសេសរបស់ប្រទេសនីមួយៗ។

ដូច្នេះ គោលការណ៍សន្តិសហវិជ្ជមាន, ការមិនជ្រៀតជ្រែក, ការគោរពបែបផែននៃការរស់នៅ, វប្បធម៌ ប្រពៃណី និងប្រវត្តិសាស្ត្ររបស់ផងគ្នាទៅវិញទៅមក គួរតែជាគុណតម្លៃដ៏ខ្ពស់បំផុតមួយ ដែលរដ្ឋទាំងអស់ ត្រូវតម្កល់ជានិយាមមិនអាចខ្វះបាន សម្រាប់ទំនាក់ទំនងអន្តរជាតិជាសកល។ ប្រសិនបើប្រជាជាតិមួយ ជ្រើសយកមាគាដ៏ល្អមួយសម្រាប់ខ្លួនឯង, យើងគួរតែគោរពតាមការសម្រេចចិត្តបែបនោះ ព្រោះវាជាជម្រើសប្រកបដោយអធិបតេយ្យភាព និងជាកិច្ចការផ្ទៃក្នុង របស់ប្រទេសនោះ, ដរាបណាការសម្រេចចិត្តនោះ រួមចំណែកលើកកម្ពស់គុណភាពជីវិត និងបំពេញបន្ថែមនូវសក្តានុពល នៃការអភិវឌ្ឍរបស់មនុស្សជាតិ។

ទី៤៖ ការកសាង និងថែរក្សាសន្តិភាព និងសន្តិសុខ៖ សន្តិភាព និងសន្តិសុខ ក្នុងប្រទេស និងតំបន់ គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍ ។ ដូច្នេះ, ការកសាង និងថែរក្សាឱ្យខាងតែបាននូវសន្តិភាព និងសន្តិសុខ គឺជាអាទិភាពខ្ពស់បំផុតរបស់ប្រទេសនីមួយៗ។ សន្តិភាពមិនអាចសម្រេចបាន មកដោយឯកឯងនោះទេ។ យើងទាំងអស់គ្នាដឹងឮហើយ, ប្រទេសយើងខ្លះធ្លាប់រងការឈឺចាប់ឥតគណនា ចំពោះផលវិបាកជាច្រើននៃជម្លោះប្រដាប់អាវុធ និង ការគំរាមមិនប្រពៃណីនានា ពិសេសបញ្ហាភេរវកម្ម។ ជាក់ស្តែង, កម្ពុជាទើបតែសម្រេចបាននូវសន្តិភាព, ឯកភាពជាតិ និងស្ថិរភាពនយោបាយពេញលេញ ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា «សមិទ្ធផលជាប្រវត្តិសាស្រ្តនេះ សម្រេចបានមកដោយសារគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ដែលបានផ្តល់ផលជា កំណើនសេដ្ឋកិចជាមធ្យម៧.៧% ក្នុងមួយឆ្នាំ និងភាពប្រសើរឡើងជាលំដាប់ នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ហេតុនេះហើយទើបប្រជាជាតិកម្ពុជាទាំងមូល ផ្តល់តម្លៃខ្ពស់បំផុតចំពោះការខិតខំបន្តថែរក្សាសន្តិភាព និងស្ថិរភាព ព្រមទាំងការជំរុញកិច្ចអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន ដែលបច្ចុប្បន្ននេះ កំពុងតែហុចផ្លែផ្កាយ៉ាងពិតប្រាកដ ជាប្រយោជន៍ជូនដល់ពលរដ្ឋកម្ពុជា នៅគ្រប់ច្រកល្ហកក្នុងផ្ទៃប្រទេស»