(កោះកុង)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ បានលើកឡើងថា ប្រទេសជាតិមានសន្តិភាព ហើយពលរដ្ឋ មានសិទ្ធិគ្រប់គ្រាន់ ក្នុងការរស់នៅដោយមានការទទួលស្គាល់ពីសហគមន៍អឺរ៉ុប និងអង្គការសហប្រជាជាតិ រាល់ថ្ងៃនេះ គឺដោយសារការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក កែវ រ៉េមី អញ្ជើញជាអធិបតីភាព ក្នុងពិធីបាឋកថា ស្តីពី រួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស ដែលរៀបចំធ្វើឡើង ដោយរដ្ឋបាលខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ។
ក្នុងពិធីនោះ លោក កែវ រ៉េមី បានថ្លែងថា ប្រទេសជាតិមានសន្តិភាព ហើយពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ ក្នុងរស់នៅដោយមានការទទួលស្គាល់ពីសហគមន៍អឺរ៉ុប និងអង្គការសហប្រជាជាតិ រាល់ថ្ងៃនេះ គឺដោយសារ ការឈ្លៀសវៃនៃការដឹកនាំប្រទេស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
មេសិទ្ធិមនុស្សរូបនេះ បានគួសបញ្ជាក់ថា សម្ដេចតេជោ បានខិតខំតាំងប្រទេសជាតិ ស្ថិតនៅបាតដៃទទេរហូត ដល់មានការរីកចំរើនគ្រប់ផ្នែកវិស័យ ដែលធ្វើឲ្យពិភពលោកទទួលស្គាល់ និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ហើយពលរដ្ឋមានសិទ្ធិពេញលេញ ក្នុងការរស់នៅការដើរហើរ ឬទេសចរណ៍ក្រៅស្រុកផងដែរ។
ជាមួយគ្នានោះ លោក កែវ រ៉េមី ក៏បានលើកឡើងថា ការអភិវឌ្ឍន៍កសាងប្រទេស វាកើតចេញគណបក្សប្រជាជនកម្ពុជា ដែលរួមកម្លាំងគ្នាសាមគ្គីគ្នា ទើបទទួលបានជោគជ័យ និងកសាងប្រទេស ទើបមានថ្ងៃនេះ។ ហើយធ្វើឲ្យប្រទេសមួយចំនួន ក្នុងពិភពលោកចងភ្ជាប់ធ្វើបណ្តាលសេដ្ឋកិច្ចផងដែរ៕