(ព្រះវិហារ)៖ ប្រជាពលរដ្ឋចំនួន ១៨០គ្រួសារ ដែលទើបចាប់ឆ្នោតទទួលបានដីឡូតិ៍ ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ បងប្អូនទាំង១៨០គ្រួសារ ក៏បានទទួលអំណោយបន្ថែមទៀត ពីកាកបាទក្រហមកម្ពុជា។ ពិធីនេះស្ថិតក្រោមវត្តមានលោក ពឹង ទ្រីដា អនុប្រធានគណៈកម្មការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ ព្រមទាំងក្រុមការងារជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះលោក ពឹង ទ្រីដា បានមានប្រសាសន៍ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជាខេត្ត ដែលជានិច្ចជាកាលលោកតែងយកចិត្តទុកដាក់គិតគូរជានិច្ច អំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តព្រះវិហារ។
លោក ពឹង ទ្រីដា បានបញ្ជាក់ថា ជាក់ស្តែងបងប្អូនប្រជាពលរដ្ឋទាំង១៨០គ្រួសារ ដែលទើបចាប់ឆ្នោតទទួលយកដីឡូតិ៍ កាលពីពេលថ្មីៗនេះ គឺដោយសារមានការខិតខំប្រឹងប្រែង ពីសំណាក់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ របស់ខេត្តព្រះវិហារ។ ពិសេសលោក អ៊ុន ចាន់ដា អភិបាលខេត្ត ដែលលោកបានចំណាយពេលវេលា ចំណាយកម្លាំងដោយមិនខ្លាចនឿយហត់ ធ្វើយ៉ាងណាដោះស្រាយបញ្ហាដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋរហូតទទួលបានជោគជ័យ ស្របតាមគោលនយោបាយដឹកនាំដ៍ត្រឹមត្រូវ របស់សម្តេចតេជោហ៊ុន សែន។
លោកបន្តទៀតថា ស្របពេលដែលបងប្អូនបានចាប់ឆ្នោតទទួលដីឡូតិ៍ សម្រាប់សាងសង់ផ្ទះសំបែងរួចហើយនោះ កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្តេចកិតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានចាត់ក្រុមការងារ យកអំណោយមកប្រគល់ជូនបងប្អូនបន្ថែមទៀត ដើម្បីសម្រាលការខ្វះខាត។ បើទោះបីជាអំណោយនេះតិចតួចក្តី ប៉ុន្តែអាចដោះស្រាយការខ្វះខាត របស់បងប្អូនបានមួយគ្រាៗផងដែរ។
ជាមួយគ្នានោះ លោក ពឹង ទ្រីដា ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវថែរក្សាសុខភាពឲ្យបានល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា៕