(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារ នាំអំណោយសម្ដេចកិត្ដិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋចំនួន៧៩គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះ និងប៉ើងដំបូល នៅឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។
ស្ថិតក្នុងឱកាសនោះ លោក គួច ចំរើន ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ហ៊ុន ណេង ប្រធានកិត្តិយស សាខាកាកបាទក្រហម ដោយក្តីនឹករលឹក និងចូលរួមចែករំលែក នូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះផងដែរ ។
លោកអភិបាលខេត្ត បានថ្លែងបន្តថា ពិតណាស់ប្រទេសជាតិរបស់យើង បានសុខសន្តិភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ធ្វើឲ្យប្រទេសជាតិរបស់យើងមានការអភិវឌ្ឍន៍ លើគ្រប់វិស័យ។ ប៉ុន្តែនៅពេលដែលបងប្អូន ទទួលរងគ្រោះដោយប្រការផ្សេងៗ គឺមិនអាចចេញទៅប្រកប មុខរបរបានភ្លាមៗនោះទេ គួបផ្សំជាមួយការ ខូចខាតផ្ទះសម្បែង និងត្រូវការចំណាយថវិកាដើម្បីជួសជុលផងដែរ។
លោកថា ហេតុដូច្នេះហើយទើបបានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា តែងតែបានណែនាំដល់រដ្ឋអំណាចមូលដ្ឋាន ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យមានការយកចិត្តទុកដាក់ ជួយមើលស្ថានភាព បងប្អូនប្រជាពលរដ្ឋណា ដែលគាត់បានជួបគ្រោះថ្នាក់ដូចនេះ និងត្រូវចុះជួយជ្រោមជ្រែងគ្នា ផ្ដល់លទ្ធភាព ឲ្យបងប្អូនមានឱកាសបានស្ដារ នូវអ្វីដែលបានខូចខាតនោះឡើងវិញ ពោលគឺជួយដោះទាល់បងប្អូនមួយគ្រាៗ ដែលបងប្អូនជួបនូវការលំបាកនេះតែម្តង។
ចំពោះអំណោយ ដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ៧៩គ្រួសារ ក្នុងនោះ អ្នករងគ្រោះធ្ងន់ធ្ងរចំនួន៣គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្គរ២៥គីឡូក្រាម ឃីត១កញ្ចប់, មី១កេស, ទឹកស៊ីអ៊ីវ៦ដប, ទឹកត្រី៦ដប, ត្រីខ១០កំប៉ុង និងថវិកា១លានរៀល។ ចំណែកអ្នករងគ្រោះមធ្យម មានចំនួន១២គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម, ឃីត១កញ្ចប់, មី១កេស, ទឹកស៊ីអ៊ីវ៦ដប, ទឹកត្រី៦ដប, ត្រីខ១០កំប៉ុង, ថវិកា៣០ម៉ឺនរៀល។ ដោយឡែក អ្នករងគ្រោះស្រាលចំនួន៦៥គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម, ឃីត១កញ្ចប់, មី១កេស, ទឹកស៊ីអ៊ីវ៦ដប, ទឹកត្រី៦ដប, ត្រីខ១០កំប៉ុង និងថវិកា១០ម៉ឺនរៀលផងដែរ៕