Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

RDB សំណូមពរឲ្យសហគមន៍កសិកម្ម នៅខេត្តបាត់ដំបង ធ្វើកិច្ចសន្យាឲ្យបានច្បាស់លាស់ជាមួយក្រុមហ៊ុនទិញបន្លែ ដាំបន្លែដោយមានកាលវិភាគច្បាស់លាស់ និងស្របតាមតំរូវការទីផ្សារ

30-05-2019 14:28

(បាត់ដំបង)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ (RDB) និងសហការី ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានអញ្ជើញចុះពិនិត្យមើលការដាំដុះបន្លែសុវត្ថភាព និងការចញ្ចឹមមាន់ស្រែរបស់សហគមន៍កសិកម្ម តាសីសាមគ្គី នៅស្រុកថ្មគោល ខេត្តបាត់ដំបង។

តាមការឲ្យដឹងត្រួសៗពីលោកប្រធានសហគមន៍ បានបញ្ជាក់ថា បច្ចុប្បន្ននេះសហគមន៍របស់លោកមានសមាជិក៨៩គ្រួសារ ហើយមានផ្ទៃដីបង្កបង្កើនផលចំនួន៣០ហិកតា ហើយផលិតផលបន្លែដាំដុះ បានសម្រាប់ធ្វើការផ្គត់ផ្គង់ទីផ្សារ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅជុំវិញបាត់ដំបង។ ទន្ទឹមនេះសហគមន៍លោក នៅជួបបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងការផ្គត់ផ្គង់បន្លែនៅមានកំរិត និងបញ្ហាតំលៃនៅលើទីផ្សារមិនទៀងទាត់ និងបញ្ហាតំរូវការឥណទានបន្ថែម ដើម្បីពង្រីកការដាំដុះ។

ឆ្លើយតបនឹងបញ្ហានេះ លោក កៅ ថាច ស្នើឲ្យសហគមន៍ធ្វើកិច្ចសន្យាឲ្យបានច្បាស់លាស់ ជាមួយក្រុមហ៊ុនទទួលទិញបន្លែ ហើយធ្វើការដាំដុះបន្លែដោយមានកាលវិភាគច្បាស់លាស់ និងតាមតំរូវការទីផ្សារ។ មួយវិញទៀតការដាំដុះត្រូវធ្វើតាមដំណាក់កាល សម្រាប់ផ្គង់ផ្គង់ ដោយធ្វើយ៉ាងណាកុំឲ្យបន្លែច្រាលច្រើនពេក ដែលជាហេតុធ្វើអោយបន្លែធ្លាក់ថ្លៃ។

ចំពោះតំរូវការឥណទាន ដើម្បីពង្រីការដាំដុះ និងចញ្ចឹមមាន់ស្រែបន្ថែម លោក កៅ ថាច បានស្នើឲ្យសហគមន៍រៀបចំឯកសារ ដាក់មកធនាគារអភិវឌ្ឍន៍ជនបទ ហើយធនាគារនឹងពិនិត្យមើលលទ្ធភាព ក្នុងការទំលាក់ឥណទានជូនដល់សហគមន៍។

បន្ថែមលើនេះ លោក កៅ ថាច ស្នើសុំឲ្យសហគមន៍ត្រូវគោរពស្តង់ដារ ក្នុងការដាំដុះបន្លែសុវត្ថភាព ដោយមិនត្រូវប្រើប្រាស់ជីគីមីហួសហេតុពេក ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ទន្ទឹមនេះសហគមន៍ត្រូវធ្វើការពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត និងពង្រីកសមាជិកភាព សហគមន៍ឲ្យបានច្រើន ព្រោះការណ៍នេះ នឹងបង្កើតការងារឲ្យប្រជាជននៅមូលដ្ឋាន និងកាត់បន្ថយការចំណាក់ស្រុករបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ ដោយឡែកបញ្ហាទីផ្សារបន្លែ ធនាគារនឹងជួយស្វែងរក និងផ្សារភ្ជាប់ពីសហគមន៍ទៅកាន់ក្រុមហ៊ុនទទួលទិញបន្លែ។

បន្ទាប់ពីចុះពិនិត្យមើលសហគមន៍កសិកម្មតាសីសាមគ្គី ស្រុកថ្មគោលរួចមក លោក កៅ ថាច និងសហការីបានបន្តចុះជួបក្រុមកសិករផលិតបន្លែសុវត្ថិភាព ចែងមានជ័យរស្មីកន្ទឺ១ ដែលស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបាណន់ផងដែរ៕