(សៀមរាប)៖ បុរសជនជាតិចិនម្នាក់ បានបោះវ៉ាលីរបស់ខ្លួនមួយចោល នៅព្រលានយន្ដហោះអន្ដរជាតិខេត្តសៀមរាប ដោយសារតែគេគិតថ្លៃឥវ៉ាន់លើសចំនួន ៨០ដុល្លារ ដែលធ្វើឲ្យមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ច និងមន្ដ្រីស៊ីម៉ាក់ចុះទៅពិនិត្យមើលភ្លាមៗ ដោយមុនដំបូងមានការសង្ស័យខ្លាចដាក់បង្កៃគ្រាប់បែក។
យោងតាមការចុះពិនិត្យជាក់ស្ដែងរបស់មន្ដ្រីនគរបាលជំនាញ និងមន្ដ្រីស៊ីម៉ាក់នោះ លទ្ធផលបង្ហាញថា នៅក្នុងវ៉ាលីនោះ មានតែសម្លៀកបំពាក់ និងកាហ្វេតែប៉ុណ្ណោះ មិនមែនជាម្ស៉ៅដែលបង្កឲ្យមានជាតិផ្ទុះនោះឡើយ។
អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា បុរសជនជាតិចិនរូបនេះ ត្រូវបានឃាត់សួរនាំ ក្រោយបោះចោលវ៉ាលីរបស់ខ្លួនមួយនៅព្រលានយន្ដហោះ ហើយនៅក្នុងវ៉ាលីនោះ មានសម្លៀកបំពាក់ និងកាហ្វេ ហើយត្រូវបានមន្ដ្រីស៊ីម៉ាក់យកទៅពិនិត្យមើលបន្ដ។
បន្ថែមលើនេះ មន្រ្តីនគរបាលម្នាក់នៅនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក៏បានបញ្ជាក់ផងដែរថា ការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងជាង១១ព្រឹក ដែលបង្កឡើងដោយ ជនជាតិចិនម្នាក់ រៀបឡើងយន្ដហោះទៅម៉ាកាវវិញ ប៉ុន្ដែដោយសារឥវ៉ាន់លើសខាងព្រលាន តម្រូវឲ្យបង់លុយ៨០ដុល្លារទៀត រូបគេក៏ទុកវ៉ាលីតែម្ដង។
មន្រ្តីនគរបាលរូបនេះបានបន្ដទៀតថា ក្រោយពីជនជាតិចិនដាក់វ៉ាលីចោល សមត្ថកិច្ចរួមជាមួយមន្ដ្រីស៊ីម៉ាក់ បានទៅពិនិត្យមើល ឃើញតែសម្លៀកបំពាក់ និងកញ្ចប់កាហ្វេ មិនមែនជាការដាក់បង្កៃគ្រាប់បែកនោះឡើយ៕