(ភ្នំពេញ)៖ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា ក.អ បានលើកឡើងថា ធនាគារអភិវឌ្ឍន៍ចិន បាននិងកំពុងផ្តល់ហិរញ្ញប្បទាន ដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រុមហ៊ុនឯកជននានា លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន មានដូចជា ផ្លូវថ្នល់ ស្ពាន វារីអគ្គិសនី និងព្រលានយន្តហោះ ដែលជាផ្នែកមួយ នៃការគាំទ្រដល់ «គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ» របស់រដ្ឋាភិបាលចិន។
ការលើកឡើងបែបនេះ របស់អ្នកឧកញ៉ា ពុង ឃាវសែ បានធ្វើឡើងក្នុងសិក្ខាសាលា ស្ដីពី «ការគាំទ្រហិរញ្ញប្បទានអភិវឌ្ឍន៍សេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គមនៅកម្ពុជា» ដែលរៀបចំធ្វើឡើង នៅក្នុងអាគារ City Hall កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ។
អ្នកឧកញ៉ា ពុង ឃាវសែ ក៏បានគូសបញ្ជាក់ផងដែរថា តាមរយៈសិក្ខាសាលានេះ ធនាគារអភិវឌ្ឍន៍ចិន នឹងចែករំលែកបទពិសោធន៍ជោគជ័យរបស់ខ្លួន ទាក់ទងនឹងការផ្តល់ហិរញ្ញប្បទាន និងទូទាត់ពាណិជ្ជកម្ម ទាំងក្នុងស្រុក និងអន្តរជាតិ ជាប្រាក់យ័ន្ត។
ជាមួយគ្នានោះ ថែមទាំងផ្តល់ឱកាសដល់អ្នកចូលរួមទាំងអស់ ដែលមានចំណាប់អារម្មណ៍ចង់ស្វែងយល់ និងទទួលបានការគាំទ្រហិរញ្ញប្បទាន ក៏ដូចជាការគាំទ្រផ្នែកបច្ចេកទេស ពីធនាគារអភិវឌ្ឍន៍ចិន លើគម្រោងអភិវឌ្ឍន៍នានា។ នេះជាការបញ្ជាក់បន្ថែមរបស់ អ្នកឧកញ៉ា ពុង ឃាវសែ។
អ្នកឧកញ៉ា បន្ដទៀតថា ជាពិសេសគម្រោង ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសហគ្រាសខ្នាតតូច និងមធ្យម នៅក្នុងបរិបទនៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា ដែលនឹងត្រូវធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស ពីស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាមលោក LIU Jin នាយកវិទ្យាស្ថានអភិវឌ្ឍន៍ហិរញ្ញវត្ថុ និងប្រធាននៃនាយកដ្ឋានអប់រំ និងបណ្ដុះបណ្ដាលនៃធនាគារអភិវឌ្ឍន៍ចិន (CDB) បានបញ្ជាក់ថា ចាប់តាំងពីបើកសេវាកម្មនៅកម្ពុជា នៅឆ្នាំ២០០៧មក ធនាគារអភិវឌ្ឍន៍ចិន បានសកម្មពង្រឹងតភ្ជាប់គោលនយោបាយ និងកិច្ចសហប្រតិបត្តិការ ជាមួយភាគីកម្ពុជា បំរើសេវាកម្មយ៉ាងសកម្ម ចំពោះភ្ញៀវប្រទេសទាំងពីរ បានគាំទ្រនូវគម្រោងរួមមាន៖ វារីអគ្គិសនីសេសានក្រោមពីរ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រួមទាំងគម្រោងសំខាន់ៗចំនួន២៥ ដែលរដ្ឋាភិបាលយកចិត្តទុកដាក់ រួមមាន៖ ប្រព័ន្ធគមនាគមន៍, ថាមពលអគ្គិសនី, ទូរគមនាគមន៍ រ៉ែ ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ព្រមទាំងវិស័យជាច្រើនទៀត។
គូសបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ចិន (CDB) បង្កើតឡើងនៅឆ្នាំ១៩៩៤ របស់ប្រទេសចិន និងជាធនាគារហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគហិរញ្ញវត្ថុ រយៈពេលវែង និងគឺជាស្ថាប័នអភិវឌ្ឍហិរញ្ញវត្ថុមធ្យមធំបំផុត ដោយបានផ្តោតទៅលើគោលដៅយុទ្ធសាស្ត្រជាតិ សម្រាប់សេវាកម្មដំណើរការទីផ្សាររូបនីយកម្ម និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាយូរមកហើយ។
គិតរហូតមកដល់ចុងឆ្នាំ២០១៨ ទុនសរុបរបស់ធនាគារអភិវឌ្ឍន៍ចិន មានចំនួន២៤០ពាន់លានដុល្លារអាមេរិក អត្រាកម្ចីមិនល្អមានចំនួន០.៩២% ហើយបានបន្តរក្សានៅក្នុងចន្លោះ១% រយៈពេល១៤ឆ្នាំជាប់គ្នា អត្រាភាពគ្រប់គ្រាន់នៃដើមទុនមានចំនួន១១.៨% ទឹកប្រាក់សេវាកម្មអន្តរជាតិមាន ចំនួន៣១២៤ពាន់លានដុល្លារអាមេរិក ហើយសេវាកម្មគ្របដណ្តប់លើប្រទេស និងតំបន់ជាង១០០នៅលើពិភពលោក៕