(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រកាសដោយសន្យាជាមួយក្រុមគ្រួសារក្មេងរងគ្រោះ ២នាក់បងប្អូនបង្កើត ដែលត្រូវឃាតកចិត្តខ្មៅ រំលោភរួចសម្លាប់ចោលថា លោកនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវដើម្បីតាមចាប់ខ្លួនជនបង្ក យកមកផ្ដន្ទាទោសតាមផ្លូវឲ្យបានតឹងរឹងបំផុត ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ។

ថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសន្យាថា នឹងសហការជាមួយអង្គការ CPU និងនាយកដ្ឋានជំនាញចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងតាមចាប់ឃាតកនេះ ដើម្បីយកមកផ្ដន្ទាទោសឲ្យបានតឹងរឹងបំផុត ទៅតាមផ្លូវច្បាប់របស់យើង»

ក្រៅពីសន្យាអនុវត្តទៅតាមច្បាប់ដើម្បីស្រាវជ្រាវរកឃាតកហើយនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ និងភរិយា ព្រមទាំងសហការី ដោយមានចិត្តអាណិតអាសូរជាពន់ពេកនោះ ក៏បានចូលបច្ច័យបុណ្យសព១លានរៀល និងថ្លៃក្ដាមឈូស ថែមទាំងចេញថវិកាចាត់ចែងបូជាសព ក្នុងពិធីបុណ្យផងដែរបូករួមជាមួយការចូលរួមបច្ច័យរបស់គណៈស្នងការផងដែរ។ ថវិកាទាំងអស់នោះ ត្រូវបានសហការីរបស់លោកស្នងការ យកទៅប្រគល់ជូនគ្រូសារសពនៅព្រឹកមិញនេះ។

សូមជម្រាបថា ឃាតកម្មនេះ ត្រូវគេដាក់ការសង្ស័យថា ជាករណីរំលោភសម្លាប់ បង្កឡើងដោយជនល្មើសមិនទាន់ស្គាល់អត្តសញ្ញាណ។ គេបានសង្ស័យថា ជនល្មើសអាចធ្វើសកម្មភាពចាប់រំលោភកុមារី អាយុ១០ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារជាប្អូនអាយុ ២ឆ្នាំកន្លះ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្មេងបុរសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ដោយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាមដឹក មកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិតនៅលើរថយន្តវេលាម៉ោង៨យប់ថ្ងៃដដែលនោះ។ កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំកន្លះ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ១០ឆ្នាំ។

អ្វីដែលធ្វើឲ្យគេសង្វេគជាខ្លាំងនោះ គឺបុរសជាឪពុកពេលបានមកឃើញហេតុការណ៍នេះភ្លាម បានកើតក្តីរន្ធត់ស្រែកយំស្តាយស្រណោះកូនជាពន់ពេក៕