(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ បានសន្យាថា ក្នុងនាមលោកតំណាងឲ្យ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ លោកនឹងបន្តសកម្មភាពមនុស្សធម៌ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ងាយរងគ្រោះនៅតាមមូលដ្ឋាន។
ការសន្យារបស់លោក ជា ពិសី ខាងលើនេះ បានធ្វើឡើងនៅក្នុងពិធីប្រគល់ និងទទួលទេយ្យទានពីព្រះតេជគគុណ ច័ន្ទ សុភាព គង់នៅវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ដោយមានការចូលរួមពីលោក លីន ញ៉ក់ អភិបាលរងខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅនៅសាលាខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ។
ស្ថិតក្នុងបរិយាកាសនេះ ក្នុងនាមប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ លោក ជា ពិសី «សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណ ច័ន្ទ សុភាព គង់នៅវត្តទួលសន្តិវ័ន ដោយបានផ្ដល់ជូននូវវប្បធម៌ចែករំលែក មកដល់អនុសាខាកាកបាទក្រហមកម្ពុជា ក្នុងបំណងចូលរួមគាំទ្រជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ»។
ក្រៅពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះតេជគុណ ច័ន្ទ សុភាព លោក ជា ពិសី បញ្ជាក់ថា លោកនឹងបន្តនាំយកនូវទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ សម្ភារ ក៏ដូចជាបច្ច័យ ដែលព្រះតេជគុណ ច័ន្ទ សុភាព បានឧបត្ថម្ភជួយមកអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌ ដើម្បីបន្តចែកជូនជួយសង្គ្រោះទៅដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ដើម្បីឲ្យស្របតាមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា។
សូមបញ្ជាក់ថា សម្រាប់ទេយ្យទានទាំងនោះរួមមាន៖ ទឹកបរិសុទ្ធ ១០០យួរ, ទឹកត្រី ១០០យួរ, ទឹកស៉ីអ៉ីវ ១០០យួរ, អង្ករ ១តោន, សាដក ២០កញ្ចប់, បាឡុង ៣គ្រឿង, និងបច្ច័យ ចំនួន២លានរៀល៕