(បាត់ដំបង)៖ លោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារសាខាកាកបាទ ក្រហមកម្ពុជាខេត្ត បានអញ្ចើញចុះសួរសុខទុក និងសំណេះសំណាល ព្រមទាំងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ចំនួន១២គ្រួសារ ក្នុងនោះរលំទាំងស្រុង ៣គ្រួសារ និងមធ្យម ៩គ្រួសារ ប៉ះពាល់លើភូមិចំនួន២ គឺភូមិកកោះ និងភូមិប្រឡាយ១៨ ឃុំស្តុកប្រវឹក ខេត្តបាត់ដំបង ។

ថ្លែងក្នុងឱកាសនោះ លោក ប៊ុត គឹមស៊ាន បានផ្ដាំផ្ញើការសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខាដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោក ប៊ុត គឹមស៊ាន បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយត្ន័ចំពោះអាកាសធាតុ អគ្គីភ័យ និងពេលធ្វើផ្ទះសូមធ្វើគ្រឹះឲ្យបានរឹងមាំ ចូលដាំដើឈើ ដំណាំហូផ្លែឱ្យច្រើន ពិសេសនៅជុំវិញផ្ទះត្រូវសម្អាតបរិស្ថានឱ្យបានស្អាតល្អ ប្រុងប្រយ័ត្ន អគ្គីភ័យ និងរួមគ្នាចូលរួមគោរពចរាចរណ៍ទាំងអស់គ្នា។

លោកបានបន្ថែមទៀតថា អំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ ទោះមានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់ក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋ តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា។

សូមជម្រាបថា សម្ភារៈដែលត្រូវផ្តល់ជូនគ្រួសាររងគ្រោះ ក្នុង០១គ្រួសារទទួលអំណោយបានរួមមាន៖ អង្ករ ២៥គីឡូក្រាម, ទឹកបរិសុទ្ធវិឃែរចំណុះ២០លីត្រ ១ធុង , ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី១យួរ ,ត្រីខ ១០កំប៉ុង, ក្រណាត់ស ១ដុំ និងថវិកា២០,០០០រៀល ដោយឡែកគ្រួសាររងគ្រោះធ្ងន់ចំនួន ៣គ្រួសារ បានបន្ថែមសំពត់តង់១ និងថវិកា៣ម៉ឺនរៀលផងដែរ។

សូមបញ្ជាក់ថា សំពត់តង់ជាអំណោយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈលេខាដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង និងសង្ក័សីជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករុក្ខគីរី៕