Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បទយកការណ៍ទេសចរណ៍៖ ដើមរកាអាយុពាន់ឆ្នាំមួយដើម នៅខេត្តក្រចេះ ក្លាយជាផលិតផលទេសចរណ៍ដ៏សំខាន់ ក្នុងសហគមន៍អេកូទេសចរណ៍កោះទ្រង់ (Video inside)

30-05-2019 13:46

(ក្រចេះ)៖ ប្រជារាស្ត្រខ្មែរតាំងដើមសម័យអង្គរ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (ប្រសូត្រនៅ គ.ស ៧៧០ ឡើងសោយរាជ្យសម្បត្តិនៅ គ.ស ៨០២ និងចូលទិវង្គតនៅ គ.ស ៨៥០) បានរួមគ្នារក្សាដើមរកាមួយដើមនៅលើទឹកដីកោះទ្រង់ ដែលបច្ចុប្បន្នស្ថិតនៅសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ និងបានបន្សល់ទុករហូតដល់បច្ចុប្បន្ន។ នេះបើតាមលោក ប៊ុន បាន ប្រធានសហគមន៍អេកូទេសចរណ៍កោះទ្រង់។

លោក ប៊ុន បាន បានឱ្យដឹងថា បានជាដើមរកានេះ មានអាយុគង់វង្សយូរអង្វែងរហូតមកដល់បច្ចុប្បន្ន គឺដោយសារប្រជាពលរដ្ឋមានជំនឿតាមបែបសាសនាថា អ្នកលួចយកប្ដីគេ ប្រពន្ធគេ កូនគេ ឬផិតក្បត់មានសហាយស្មន់ជាមួយអ្នកដទៃ គឺនឹងចុះទៅទទួលទោសទណ្ឌនៅឋាននរក យមបាលបង្ខំឱ្យឡើងដើមរកាដែកដែលមានបន្លាដែកស្រួចៗរឡេម ចាក់មុតពពួកប្រេតទាំងនោះឱ្យឈឺពើតផ្សាក្នុងទីអធោលោក។

ដោយមានជំនឿយ៉ាងដូច្នេះហើយ ទើបបានជាចាស់ៗជំនាន់ដើមរក្សាដើមរកានេះទុក និងផ្ដាំផ្ញើឱ្យកូនចៅជំនាន់ក្រោយចង់ចាំទុក ដើម្បីកុំឱ្យប្រព្រឹត្តនូវអំពើថោកទាបអបាយកមុខទាំងនោះ។

ចំណេរកាលជាងមួយពាន់ឆ្នាំក្រោយមក ដើមរកានោះក៏បានរីកលូតលាស់ធំខ្ពស់ត្រឈឹងត្រឈៃ ក្លាយជាគ្រឹះទ្រទ្រង់ក្បាលកោះទប់ស្កាត់ការបាក់ដាច់ដីកោះទ្រង់ និងបានក្លាយជាផលិតផលទេសចរណ៍ដ៏សំខាន់មួយ នៅក្នុងសហគមន៍អេកូទេសចរណ៍កោះទ្រង់។ ភ្ញៀវទេសចរដែលមិនបានទៅមើល និងស្ដាប់ពីប្រវត្តិដើមរកាពាន់ឆ្នាំនេះ ហាក់ដូចមិនបានទៅដល់កោះទ្រង់យ៉ាងអ៊ីហ្ចឹងដែរ។

សូមទស្សនាវីដេអូបទយកការណ៍របស់អង្គភាពព័ត៌មាន Fresh News ដូចតទៅ៖