(ភ្នំពេញ)៖ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចនយោបាយការបរទេស បានស្នើភាគីចិនជួយសហការបង្កើតឱ្យមាន «មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា» នៅតាមបណ្ដាខេត្តនានា នៅប្រទេសចិន ពិសេសខេត្តសំខាន់ៗ និងតំបន់រដ្ឋបាលពិសេសនានារបស់ចិន ដើម្បីជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចិន ដែលជាមហាមិត្តម៉ឺនឆ្នាំនឹងគ្នានោះ ឱ្យកាន់តែរីកធំឡើង។
ការស្នើរបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសលោកទទួលជួបពិភាក្សាជាមួយគណៈប្រតិភូសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ACFTC) ដឹកនាំដោយលោក ស៊ូ លីជាំង អនុប្រធាន ACFTC នៅវិមានសន្តិភាព នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។
ក្រោយបញ្ចប់ជំនួបពិភាក្សាខាងលើ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា គណៈប្រតិភូចិនទាំងនេះ មានទាំងតំណាងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មគ្រប់ខេត្ត-តំបន់របស់ប្រទេសចិន ដូច្នេះលោកបានស្នើដល់ពួកគេជួយសហការជាមួយកម្ពុជា ក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅតាមបណ្ដាខេត្តនានានៅប្រទេសចិន ដើម្បីជំរុញវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងមហាមិត្តចិន ឱ្យកាន់តែរីកធំឡើងបន្ថែមទៀត។
លោកបានបន្តលើកឡើងប្រាប់ប្រតិភូចិន អំពីសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ថ្នាក់ដឹកនាំកំពូលៗរបស់ចិន តួយ៉ាងមានលោកប្រធានាធិបតី ស៊ី ជិនពីង លោកនាយករដ្ឋមន្ត្រី លី ខឺជាំង ក្នុងគោលបំណងជំរុញកិច្ចចរចា អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន។
លោកឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា នៅពេលកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មសេរី ត្រូវបានចុះហត្ថលេខាហើយនោះ កម្ពុជានឹងអាចនាំទំនិញទៅលក់នៅចិន កាន់តែច្រើនឡើងថែមទៀត ហើយកម្ពុជាសង្ឃឹមថាចិននឹងពន្លឿនការចរចា អំពីកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មសេរីនេះ នាពេលខាងមុខឆាប់ៗនេះ។
ជាការឆ្លើយតប គណៈប្រតិភូសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មចិន បានទទួលស្វាគមន៍ជាមួយនឹងសំណើនេះយ៉ាងពេញចិត្ត និងបានប្ដេជ្ញាថា នឹងនាំសំណើរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានលើកឡើងនាពេលនេះ ទៅជម្រាបប្រាប់ថ្នាក់ដឹកនាំប្រទេសចិន។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ទៀតថា កិច្ចការងារទាំងនេះ គឺសុទ្ធតែស្ថិតនៅក្នុងក្របខណ្ឌគោលនយោបាយ «ខ្សែក្រវាត់ និងវិថី» របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដួចផ្ដើមឡើងដោយលោកប្រធានាធិបតី ស៊ី ជិនពីង ក្នុងគោលបំណងពង្រីកទំនាក់ទំនងការបរទេស និងសេដ្ឋកិច្ចរវាងប្រទេសចិនជាមួយបណ្ដាប្រទេសនានាជុំវិញពិភពលោក ដែលកម្ពុជាបាននិងកំពុងទទួលផលប្រយោជន៍ជាច្រើន ពីការចូលរួមជាមួយគោលនយោបាយនេះ៕