(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានចាត់ទុកវិស័យហ្វឹកហ្វឺនគឺជាជ្រុងអាទិភាពមួយ នៃការកែទម្រង់របស់ខ្លួនសំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈយោធិន ដើម្បីធានាកិច្ចការពារប្រកបដោយ ប្រសិទ្ធភាពនូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។
ការលើកឡើងបែបនេះរបស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានថ្នាក់កងអនុសេនាតូច, កងអនុសេនាធំថ្មើរជើងជំនាន់ទី២ ឆ្នាំ២០១៩ នៅសាលានាយទាហានសកម្ម (ត្មាតពអ) ក្នុងភូមិសាស្ត្រស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។
នាយឧត្តមសេនីយ៍ បានថ្លែងថា បច្ចុប្បន្នការងារហ្វឹកហ្វឺន បានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈការផ្តល់នូវចំណេះដឹង និងចំណេះធ្វើពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិនវ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។ ក្នុងស្មារតីនេះការងារហ្វឹកហ្វឺនត្រូវបានចាត់ទុកជាការងារអាទិភាពចាំបាច់បំផុត ដែលត្រូវដំណើរការបន្តបន្ទាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា វគ្គហ្វឹកហ្វឺនដែលកំពុងប្រារព្ធពិធីបិទនាឱកាសនេះ គឺពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការ ក្នុងការពង្រឹងសមត្ថភាពប្រយុទ្ធ ត្រៀមប្រយុទ្ធ ឱ្យដល់យោធិន និងធ្វើឱ្យយោធិនយល់ច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើជាតិ ដោយស្មោះត្រង់ដាច់ខាតជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាការធានាការអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានដាក់ចេញ។
ក្នុងនាមក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងសាលានាយទាហានសកម្ម នាយឧត្តមសេនីយ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអនុវត្តតួនាទី និងភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមគាំទ្រលើកទឹកចិត្ត ឱ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចសមិទ្ធិផលកាន់តែល្អប្រសើរជូនជាតិ។ លទ្ធផលទាំងនេះ គឺក៏បានពីកិច្ចខិតខំប្រឹងប្រែង ហាត់ពត់លត់ដំ ហ្វឹកហាត់បានស្ទាត់ជំនាញ ទាហានមានវិន័យខ្ពស់ មានសាមគ្គីឯកភាពផ្ទៃក្នុងល្អនឹងការដឹកនាំបញ្ជា អនុវត្តហ្ម៉តចត់ ម៉ឺងម៉ាត់។
ជាពិសេសចំពោះការងារហ្វឹកហ្វឺនផ្ទាល់ ថ្នាក់ដឹកនាំសាលា ក៏ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពហ្វឹកហ្វឺន ដែលជាការងារស្នូលត្រូវធ្វើជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាពប្រយុទ្ធ ត្រៀមប្រយុទ្ធដល់យោធិន ក្នុងនោះត្រូវពង្រឹងការងារគ្រប់គ្រងចំនួនទ័ព ពេលហ្វឹកហ្វឺន ធានាសន្តិសុខសុវត្ថិភាពទាំងមនុស្ស និងសម្ភារគ្រឿងបំពាក់ឱ្យបានល្អប្រសើរ សំដៅលើកកម្ពស់ការកសាងធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា លទ្ធផលដែលទទួលបានទាំងអស់នៅថ្ងៃនេះ គឺពិតជាបានមកពីការប្តេជ្ញាចិត្ត និងការសាមគ្គីសហការជាធ្លុងមួយរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់គ្នា ជាពិសេសថ្នាក់ដឹកនាំសាលា ដែលបានយកចិត្តទុកដាក់គ្រប់គ្រងដឹកនាំបញ្ជាប្រកបដោយប្រសិទ្ធភាព ស្របតាមផែនការការងារគ្រប់កម្រិតដែលបានកំណត់។
បន្ថែមពីនេះនាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់នាយទាហាន ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឱ្យបានល្អ និងត្រូវព្យាយាមប្រឹងប្រែងហ្វឹកហ្វឺន នៅទីនេះឱ្យបានកាន់តែប្រសើរ ដើម្បីពេលអនាគត់អស់លោកមានសមត្ថភាពគ្រប់គ្រាន់ ក្លាយជាថ្នាក់ដឹកនាំក្លាយជានាយទាហានប្រកប ដោយសមត្ថភាព ក្នុងការចូលរួមបម្រើឱ្យបុព្វហេតុការពារជាតិមាតុភូមិ ឱ្យបានរឹងមាំពិសេសត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។
បើតាមសេចក្តីរាយការណ៍ពីលោក ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម នៃកងយោធពលខេមរភូមិន្ទបានបញ្ជាក់ថា បច្ចុប្បន្ននេះកំពុងដំណើរការបណ្ដុះបណ្ដាល នាយទាហានចំនួន៥ជំនាន់បន្ថែមទៀត គឺវគ្គនាយទាហានសកម្មចំនួន៤ជំនាន់ និងវគ្គនាយទាហានថ្នាក់ ខ.គ ថ្មើរជើងជំនាន់ទី២ មួយជំនាន់។
ដោយឡែកវគ្គបណ្ដុះបណ្ដាលនាយទាហានថ្នាក់កងអនុសេនាតូច កងអនុសេនាធំថ្មើរជើងជំនាន់ទី២ ដែលត្រូវបានបញ្ចប់វគ្គនៅថ្ងៃនេះ មានសិក្ខាកាមចូលរៀនសូត្រចំនួន ៩២នាក់ ដោយប្រើរយៈពេលសិក្សា៩ខែ ក្រោយពេលបញ្ចប់វគ្គសិក្ខាកាមទាំង៩២នាក់ ទទួលបានលទ្ធផលនិទ្ទេសល្អ ៨នាក់ នីទ្ទេសល្អបង្គួរ៣៥នាក់ និងនិទ្ទេសមធ្យមចំនួន ៤៩នាក់៕