(ភ្នំពេញ)៖ លោក ធី សុកល ប្រធានគ្រប់គ្រងផ្នែកផលិតកម្មក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា ការវិនិយោគលើគ្រឿងផ្សំគុណភាពខ្ពស់គ្រឿងចក្រ និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ជាកត្តាធ្វើឲ្យផលិតផលស្រាបៀរ និងភេសជ្ជៈ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រូវបានទទួលស្គាល់គុណភាព ដោយសហគមន៍អន្តរជាតិហើយអាចគ្រងមេដាយមាសបញ្ជាក់ពីគុណភាពពី Monde Selection Awards រៀងរាល់ឆ្នាំ។
លោក ធី សុកល បានឲ្យដឹងថា «ទាំងស្រាបៀរ និងភេសជ្ជៈរបស់យើង គឺសុទ្ធតែផលិតដោយប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាចុងក្រោយបង្អស់ ចាប់តាំងពីផលិតផលដំបូង រហូតដល់ផលិតផលសម្រច។ យើងប្រើប្រាស់ប្រព័ន្ធស្តង់ដាត្រួតពិនិត្យគុណភាពច្បាស់លាស់ និងមានម៉ាស៊ីនវេចខ្ចប់ដ៏ទំនើប ដែលអាចរក្សារសជាតិ និងគុណភាពរបស់ស្រាបៀរ និងភេសជ្ជៈបានយ៉ាងល្អ» ។
លោកបានបន្តថា «ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែគិតពីគុណភាពជាចំបង ដូច្នេះហើយបានជាផលិតផលរបស់យើង អាចទទួលបានមេដាយអន្តរជាតិ បញ្ជាក់ពីគុណភាពជាបន្តបន្ទាប់។ ជាក់ស្តែងក្នុងឆ្នាំ២០១៨ ផលិតផលចំនួន៤របស់យើង ទទួលបានមេដាយមាស និងមាសកំពូលពី Mondel Selection Awards។ ក្នុងឆ្នាំ២០១៩នេះ យើងទទួលបានមេដាយមាសដល់ទៅ៦»។
ក្រុមការងារ និងថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងធ្វើដំណើរទៅប្រទេសអ៊ីតាលីនាដើមខែមិថុនាខាងមុខនេះ ដើម្បីទទួលមេដាយមាសទាំង៦ត្រលប់ មកប្រទេសកម្ពុជាវិញ៕