(រតនគិរី)៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមគាំទ្រលើកស្ទូយ និងគាំពារកុមារ ដែលជាសរសរទ្រូងរបស់ប្រទេសជាតិ។ ការអំពាវនាវរបស់ លោក ថង សាវុន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងឱកាសខួបលើកទី ៧០ទិវាកុមារអន្តរជាតិ១មិថុនា ដែលធ្វើឡើងនៅបរិវេណវិទ្យាល័យសម្ដេចឪ សម្តេចម៉ែ ខេត្តរតនគិរី។
លោកអភិបាលខេត្តបន្តថា សូមគ្រប់ស្ថាប័នអង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋ គ្រប់រូបគ្រប់មជ្ឈដ្ឋានទាំងអស់សូមចូលរួមគាំទ្រ លើកស្ទួយ និងគាំពារកុមារ ដែលជាសរសរទ្រូងរបស់ប្រទេសជាតិ ដើម្បីធានាដល់ ការរីកលូតលាស់ទាំងរាងកាយ បញ្ញា និងស្មារតីសំដៅប្រែក្លាយទៅជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អរបស់សង្គមជាតិយើង។
លោក ថង សាវុន បានអះអាងថា ការវិនិយោគលើកុមារ នឹងទទួលបានផលប្រយោជន៍ដ៏មហាសាលសម្រាប់អនាគត ការវិនិយោគលើកុមារនៅគ្រាដំបូង វាធានាបាននូវចំណុចចាប់ផ្តើម សម្រាប់កុមារវាជាគ្រឹះដ៏សំខាន់មួយ សម្រាប់សុខុមាលភាពផ្នែកកាយសម្បទា ផ្លូវអារម្មណ៍ ផ្លូវចិត្ត និងស្មារតី ហើយជួយកាត់បន្ថយអត្រារៀនត្រួតថ្នាក់ ការបោះបង់ការសិក្សា និងជៀសវាង នូវបញ្ហាអវិជ្ជមាន ព្រមទាំងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។
អភិបាលខេត្តរតនគិរី បានសម្តែងនូវការគាំទ្រចំពោះប្រធានបទ ដែលបានលើកឡើងក្នុងទិវាកុមារអន្តរជាតិ ឆ្នាំ២០១៩ ដែលបានលើកឡើងថា លើកកម្ពស់ សិទ្ធិកុមារតាមរយៈការលុបបំបាត់គ្រប់រូបភាព ហើយការប្រារព្ធទិវាប្រវត្តិសាស្ត្រនេះ គឺពិតជាឆ្លុះបញ្ចាំងឲ្យឃើញពីសមិទ្ធផលសំខាន់ៗ ដែលបានស្តែងចេញ ពីការខិតខំប្រឹងប្រែង ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួម សហការប្រកបដោយ ស្មារតីលះបង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការពុះពាររាល់ឧបសគ្គការលំបាក ការប្រឈមនានា ចូលរួមការពារថែរក្សានូវស្ថិរភាពនយោបាយ សន្តិសុខជាតិ និងសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ បានល្អប្រសើរទាំងក្របខណ្ឌទូទាំងប្រទេស ក៏ដូចទូទាំងខេត្តរតនគិរី។
សូមបញ្ជាក់ថា ទិវាកុមារអន្តរជាតិ១មិថុនា ឆ្នាំ២០១៩នេះ មានការចូលរួមពីសំណាក់លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត តំណាងស្ថាប័ន ប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស មកពីគ្រប់គ្រឹះស្ថានរដ្ឋ និងឯកជនទូទាំងក្រុងបានលុង សរុបចំនួន១,៧០០នាក់៕