(ភ្នំពេញ)៖ តាមការបរិច្ឆេទដែលជូនដំណឹងតាមតារាងកម្មវិធី អគារលេខាធិការដ្ឋានសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ តុលាការ នឹងចាប់ផ្តើមបើកសវនាការលើសំណុំរឿងលោក រ៉ាត់ រដ្ឋមុនី ដែលជាប់ពាក់ព័ន្ធករណីផលិតខ្សែវីដេអូរឿង «ម្ដាយខ្ញុំលក់ខ្ញុំ» ហើយការផលិតនេះ វាជាទម្រង់ នៃការផ្សាយព័ត៌មានមិនពិត ដែលនាំដល់ការអាប់ឱន ដល់កិត្តិយសប្រទេសកម្ពុជា។
ភ្នាក់ងារ Fresh News ប្រចាំតុលាការ បានរាយការណ៍ថា សវនាការនៅរសៀលនេះដែរ មានលោក កូយ សៅ ជាចៅក្រមជំនុំជម្រះ និងលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ។
សូមជម្រាបថា លោក សេង ប្ញទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុគ្គល ឈ្មោះ រ៉ាត់ រដ្ឋមុនី មានមុខងារជាទីភ្នាក់ងារ សារព័ត៌មាន រុស្ស៊ីធូដេ (RT) គឺបន្ទាប់ពីសមត្ថកិច្ចថៃ បានចាប់ខ្លួន រួចបញ្ជូនមកឲ្យរដ្ឋាភិបាលកម្ពុជាវិញ តាមការស្នើសុំ របស់ភាគីកម្ពុជា ពាក់ព័ន្ធករណីផលិតខ្សែវីដេអូរឿង «ម្ដាយខ្ញុំលក់ខ្ញុំ»។ លោក សេង ប្ញទ្ធី បានសម្រេចបង្គាប់ឲ្យយកជនត្រូវចោទរូបនេះ ទៅដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំការជំនុំជម្រះទោស នៅពេលក្រោយតាមកំណត់ច្បាប់។
ពាក់ព័ន្ធនឹងបញ្ហានេះ បើតាមអ្នកស្រី ឡុង គីមហ៊ាង ត្រូវជាភរិយារបស់លោក រ៉ាត់ រដ្ឋមុនី បានប្រាប់អ្នកកាសែតថា ស្វាមីរបស់អ្នកស្រីឈ្មោះ រ៉ាត់ រដ្ឋមុនី ជាភ្នាក់ងារសារព័ត៌មាន រុស្ស៊ី ធូដេ (RT) ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន ហើយបញ្ជូនមកឲ្យរដ្ឋាភិបាលកម្ពុជាវិញ តាមការស្នើសុំហើយការចាប់ខ្លួនប្តីអ្នកស្រី គឺពាក់ព័ន្ធនឹងការផលិតវីឌីអូឯកសារមួយ មានចំណងជើងថា «ម្តាយខ្ញុំ លក់ខ្ញុំ» របស់សារព័ត៌មាន រុស្ស៊ីធូដេ (RT)។
ខ្សែវីដេអូដែលមានខ្លឹមសារ «ម្តាយខ្ញុំលក់ខ្ញុំ» បាននិយាយពីស្ត្រីខ្មែរ ដែលលក់កូនស្រីខ្លួនឯង ដោយសារតែជីវភាពខ្វះខាត និងរៀបរាប់ពីស្ថានភាព នៃការប្រកបអាជីវកម្មផ្លូវភេទនៅកម្ពុជា។ វីដេអូនេះ បានធ្វើឲ្យរាជរដ្ឋាភិបាល យល់ឃើញថា ជាការមួលបង្កាច់កិត្យានុភាព កិតិ្តយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា៕