(ព្រះសីហនុ)៖ ជារឿងដ៏គួរឱ្យសង្វេគបំផុតសម្រាប់គ្រួសារមួយនៅក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយកូនតូចៗស្រីប្រុសពីរនាក់បងប្អូនអាយុទើប ១០ឆ្នាំ និង ២ឆ្នាំកន្លះ បានស្លាប់បាត់បត់ជីវិត ដោយសង្ស័យជាអំពើរំលោភសម្លាប់។ ហេតុការណ៍ព្រៃផ្សៃនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។

វីដេអូមានរយៈពេលជិតកន្លះនាទី បានបង្ហាញពីការស្រែកទ្រហោយំខ្លាំងយ៉ាងខ្លោងផ្សា ដែលឪពុកបានរត់ទៅឱបកូនប្រុស-ស្រីទាំង២នាក់ ដែលត្រូវឃាតករំលោភ និងសម្លាប់នៅក្នុងផ្ទះ។

មន្ត្រីនរគបាលស្រុកព្រៃនប់ បានឱ្យដឹងថា ឃាតកម្មនេះ ត្រូវគេដាក់ការសង្ស័យថា ជាករណីរំលោភសម្លាប់ បង្កឡើងដោយជនល្មើសមិនទាន់ស្គាល់អត្តសញ្ញាណ។ គេបានសង្ស័យថា ជនល្មើសអាចធ្វើសកម្មភាពចាប់រំលោភកុមារីអាយុ ១០ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារជាប្អូនអាយុ ២ឆ្នាំកន្លះដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ក្មេងបុរសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ដោយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាមដឹកមកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិតនៅលើរថយន្តវេលាម៉ោង ៨យប់ថ្ងៃដដែលនោះ។

កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ ២ឆ្នាំកន្លះ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ១០ឆ្នាំ។

ករណីខាងលើនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់នៅព្រឹកថ្ងៃនេះថា កម្លាំងនគរបាលរបស់លោកសហការជាមួយកម្លាំងនាយកដ្ឋានជំនាញ ដើម្បីឈានទៅនាំខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់។

អ្វីដែលធ្វើឱ្យគេសង្វេគជាខ្លាំងនោះ គឺបុរសជាឪពុកពេលបានមកឃើញហេតុការណ៍នេះភ្លាម បានកើតក្តីរន្ធត់ស្រែកយំស្តាយស្រណោះកូនជាពន់ពេក៕