(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងលើកឡើងថា ការរួមចំណែកពីវិស័យឯកជន ក្នុងបញ្ហាសុខភាព និងការឆ្លើយតបនឹងមេរោគអេដស៍ -ជំងឺអេដស៍ ពិតជាមានសារសំខាន់ មិនអាចកាត់ផ្ដាច់បានឡើយ ព្រោះផ្អែកតាមលទ្ធផល នៃការសិក្សាស្រាវជ្រាវគាំទ្រដោយអង្គការ HP+Palladium គឺនឹងស្នើឲ្យស្វែងរកភាពជាដៃគូសាធារណៈ និងឯកជន តាមទម្រង់ផ្សេងៗ ដើម្បីឲ្យមានការចូលរួមគាំទ្ររបស់ពួកគេ ក្នុងការថែទាំសុខភាព ដោយរួមបញ្ចូលមេរោគអេដស៍ និងជំងឺអេដស៍។

ការថ្លែងបែបនេះរបស់ទេសរដ្ឋមន្រ្តី អៀង មូលី គឺក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព ក្នុងពីធីរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី ការរួមចំណែកនៃវិស័យឯកជន ក្នុងបញ្ហាសុខភាព និងការឆ្លើយតបនឹង មេរោគអេដស៍ និងជំងឺអេដស៍ ដោយសហការជាមួយអង្គការ Health Policy Plus ក្រោមជំនួយ ឧបត្ថម្ភរបស់ទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិ របស់សហរដ្ឋអាមេរិក USAID នាថ្ងៃព្រហស្បតិ៍ ១២ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងបន្ថែមទៀតថា ជាពិសេសផ្នែកដែលមានសក្តានុពល ក្នុង កិច្ចសហប្រតិបត្តិការអាចមានដូចជា៖

*១៖ សំណើសុំបង្កើតច្រកចេញចូលតែមួយ ក្នុងទំនាក់ទំនងរវាងវិស័យឧស្សាហកម្ម និងធុរកិច្ច ឯកជនជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
*២៖ ការអំពាវនាវឲ្យមានការចូលរួមពីវិស័យឯកជន តាមរយៈគំរូភាពជាដៃគូនៅក្នុងការផ្តល់ ឱសថប្រឆាំងមេរោគអេដស៍ជាមុន (Pre-Exposure Prophylaxis) ធារារ៉ាបរង និង ម៉ាស៊ីនរាប់ចំនួនមេរោគអេដស៍។
*៣៖ ការអំពាវនាវឲ្យវិស័យឯកជនដាក់បញ្ចូលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ថា ជា ផ្នែកមួយដែលផ្តោតការយកចិត្តទុកដាក់ក្នុង ផែនការសាជីវកម្មដែលមានទំនួលខុស ត្រូវសង្គមសម្រាប់បណ្តាឆ្នាំខាងមុខ។
*៤៖ ប្រព័ន្ធតាមដានសកម្មភាពដ៏រឹងមាំមួយ ការប្រើប្រាស់មូលនិធិ ។ល។ អាចត្រូវបានរំលេច បន្ថែមទៀត ហើយដូចជាបង្កើនទំនុកចិត្តលើវិស័យឯកជន ក្នុងការប្រើប្រាស់នូវការរួម ចំណែករបស់ពួកគេ។
*៥៖ របាយការណ៍ប្រចាំឆមាស ឬប្រចាំឆ្នាំ អាចត្រូវបានធ្វើការប្តេជ្ញាចិត្តបន្ថែមទៀតក្នុងការ ផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃ គម្រោងកម្មវិធី ដោយរួមទាំងលំហូរមូលនិធិចូល និងចេញ និងផលប៉ះពាល់ដែលត្រូវបានបង្កើតឡើង។
*៦៖ ឧទាហរណ៍ អាចស្រង់នូវតួនាទីនៃវិស័យឯកជន នៅកម្រិតមូលនិធិសកល និងគំរូផ្សេងៗ ទៀត នៃការចូលរួមរបស់វិស័យឯកជន ជាមួយមូលនិធិសាកល។

លោកទេសរដ្ឋមន្រ្តី ក៏បានរំលឹកជូនអង្គសិក្ខាសាលាជ្រាបថា កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេស៧ នៅលើពិភពលោក ដែលត្រូវបានទទួលស្គាល់ថា បានសម្រេចគោលដៅ ៩០ ៩០ ៩០ ក្នុងឆ្នាំ២០១៧។ យោងតាមការប៉ាន់ប្រមាណស្ថិតិ (ខែមេសា ឆ្នាំ២០១៩) កម្ពុជាមានអ្នករស់នៅជាមួយមេរោគអេដស៍ ៧៣.៥៥២នាក់ ដែលបច្ចុប្បន្ន៨១% នៃអ្នកទាំងនោះ បានដឹងពី ស្ថានភាពជំងឺរបស់ពួកគេ ហើយ៩៩% នៃអ្នកបានដឹងថាបានឆ្លងមេរោគ អេដស៍បានទទួល ការព្យាបាលឱសថប្រឆាំងមេរោគអេដស៍ និងតាមការប៉ាន់ប្រមាណអ្នកដែលបាន ទទួលការព្យាបាល ចំនួន៧៩% មានកំហាប់មេរោគអេដស៍នៅក្នុងឈាមតិច។

ជាមួយគ្នានេះ អ្នករស់នៅជាមួយ មេរោគអេដស៍ប្រមាណ ១០.០០០នាក់មិនត្រូវបានតាមរក និងមិនទាន់បាននាំយកមកដាក់ចូលក្នុង ប្រព័ន្ធថែទាំជំងឺអេដស៍ ហើយការកើនឡើង នៃការឆ្លងថ្មី គឺភាគច្រើនត្រូវបានរកឃើញក្នុងចំណោមយុវវ័យ ជាពិសេសក្រុម បុរសរួមភេទជាមួយបុរស និងអ្នកក្លែងភេទ៕