(ព្រះសីហនុ)៖ បុរសជនជាតិចិនម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថតាមចាប់ខ្លួនដល់ខេត្តកំពត និងត្រូវបានតុលាការខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ពាក់ព័ន្ធការអំពើឃាតកម្មចាក់ប៉ង សម្លាប់ជនជាតិចិនដូចគ្នា។
យោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ វេលាម៉ោង១៤៖៣០នាទីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ កម្លាំងការិយាបទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០១នាក់ និងសម្ភារមួយចំនួន ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា លើជនជាតិចិនដូចគ្នា នៅក្នុងសណ្ឋាគារ ដឺ ផាម ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
ហេតុការណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ដោយជនសង្ស័យបានចាក់ដោយកាំបិតមុតស្រួចលើជនរងគ្រោះ បណ្តាលឱ្យឈ្មោះ សេន យូ (Shen.Yu) ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរអាជីករ បណ្តាលឲ្យរងរបួសត្រង់ស្មាខាងឆ្វេងចំនួន ៣កន្លែង នឹងក្បាលចំនួន ២កន្លែង បានរត់គេចខ្លួនពីខេត្តព្រះសីហនុ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ និងដោយយោងតាមពាក្យបណ្តឹងពីជនរងគ្រោះ, លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានដាស់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងសមត្ថកិច្ចជំនាញ ត្រូវស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើស យកមកផ្តន្ទាទោសចំពោះមុខច្បាប់ឲ្យខានតែបាន។
ដោយមានកិច្ចសហប្រតិបត្តិការបានយ៉ាងល្អ ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពត ទើបឃាត់ខ្លួនបានជនសង្ស័យ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។ ជនសង្ស័យមានឈ្មោះ Liu Sheng ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅកាស៊ីណូខ្សាច់ស មុខរបរ មិនពិតប្រាកដ។
ក្រោយចាប់ខ្លួនសមត្ថកិច្ចបានដកហូតសម្ភាររួមមាន៖
*១-ទូរស័ព្ទដៃ ចំនួន០១ គ្រឿង
*២- លិខិតឆ្លងដែនចំនួន០១ក្បាល
*៣-រថយន្តចំនួន ០១គ្រឿង ម៉ាកហាយឡែនឌ័រ។
ក្រោយពីសមត្ថកិច្ចសាកសួរ និងស្តាប់ចម្លើយជនសង្ស័យខាងលើ ឈ្មោះ លូ ស៊ីង (Liu Sheng) ពិតជាបានយកកាំបិតមុតស្រួចចាក់លើជនរងគ្រោះប្រាកដមែន៕