(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ជាសេនាធិការ បានអំពាវនាវ និងក្រើនរំលឹកដល់ម្ចាស់សហគ្រាស ឬបុរីទាំងអស់ ដែលជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជនផ្ទាល់ខ្លួន ត្រូវតែមកសុំច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ ហើយក៏ត្រូវតែបញ្ជូនភ្នាក់ងារទាំងអស់នោះ មកទទួលបានបំប៉នជំនាញពីសមត្ថកិច្ចផងដែរ។
សារអំពាវនាវ និងក្រើនរំលឹកនេះ ត្រូវបានធ្វើឡើងដោយលោកឧត្តមសេនីយ៍ ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ថ្លែងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី១៦ ដោយមានការចូលរួមពី សិក្ខាកាមជាសន្ដិសុខឯកជន ប្រមាណជិត២០០នាក់។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក្នុងនាមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងយ៉ាងដូច្នេះថា «សូមអំពាវនាវឲ្យម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជនផ្ទាល់ខ្លួន ត្រូវតែទៅសុំច្បាប់ពីសាលារាជធានី-ខេត្ត និងត្រូវចាត់បញ្ជូនភ្នាក់ងារសន្ដិសុខឯកជនទាំងនោះ មកទទួលការបណ្ដុះបណ្ដាល»។
បើតាមលោកប្រធាននាយកដ្ឋាន កត្តាដែលអគ្គស្នងការដ្ឋាននគរបាលជាតិ តម្រូវឲ្យភ្នាក់ងារសន្ដិសុខឯកជន ត្រូវតែឆ្លងកាត់វគ្គបណ្ដុះបណ្ដាលបំប៉នជំនាញនេះ គឺដើម្បីឲ្យពួកគាត់បានស្វែងយល់កាន់ច្បាស់ អំពីតួនាទីភារកិច្ច ជៀសវាងការប្រព្រឹត្ដទង្វើដែលផ្ទុយនឹងច្បាប់បានចែង ព្រោះថាភ្នាក់ងារសន្ដិសុខឯកជន មិនមែនជាសមត្ថកិច្ចនោះទេ ពោលគ្រាន់តែជាកម្លាំងជំនួយរបស់សមត្ថកិច្ចប៉ុណ្ណោះ។
បើតាមលោកឧត្តមសេនីយ៍ លឹម សុខារស្មី ភ្នាក់ងារសន្តិសុខឯកជន ត្រូវតែមានសមត្ថភាព ការយល់ដឹង និងមានវិជ្ជាជីវៈច្បាស់លាស់ ដែលជាភ្នាក់ងារ សន្តិសុខឯកជន ពោពេញទៅដោយសមត្ថភាពពេញលេញ ទើបអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រប់គ្រងសន្តិសុខឯកជន ជាសេនាធិការ ធ្វើការរៀបចំវគ្គបំប៉នជំនាញនេះឡើង។
លោកសង្កត់ធ្ងន់ថា វគ្គបំប៉ននេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ គឺស្វែងយល់អំពីភារកិច្ច និងកាតព្វកិច្ចរបស់វិស័យសន្តិសុខឯកជន និងនគរបាលជាតិ លើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹងសមត្ថភាពភ្នាក់ងារសន្ដិសុខឯកជន ឲ្យកាន់តែល្អប្រសើរឡើង សម្ដៅធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងកិច្ចការពារសន្ដិសុខសង្គម៕