(តូក្យូ, ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅចំពោះមុខលោក តាកាហាស៊ី ហ្វីមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាថា កម្ពុជាមិនចង់ធ្វើជាសត្រូវជាមួយប្រទេសណាមួយឡើយ តែងតែចង់ធ្វើមិត្តជាមួយបណ្ដាប្រទេសទាំងអស់រួមទាំងប្រទេសអាមេរិកផងដែរ ប៉ុន្តែកម្ពុជាត្រូវតែរក្សានូវឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួន។

ជាមួយការបញ្ជាក់ជំហរបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើលោក តាកាហាស៊ី ហ្វីមីអាគី ពាំនាំទៅប្រាប់សហរដ្ឋអាមេរិកថា កម្ពុជានៅតែចង់ធ្វើជាមិត្តល្អរបស់សហរដ្ឋអាមេរិក។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការវាយតម្លៃកម្ពុជាបោះបង់ចោលសហរដ្ឋអាមេរិក បែរងាកមកចាប់តែចិននោះ គឺជាការខុសទាំងស្រុង។

លោក កៅ គឹមហួន បានដកស្រង់ប្រសាសន៍សម្តេចតេជោ ក្រោយជំនួបជាមួយលោក តាកាហាស៊ី ហ្វីមីអាគី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ មកបញ្ជាក់ដូច្នេះថា «សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជាមិនចង់ធ្វើជាសត្រូវជាមួយប្រទេសណាមួយឡើយ តែងតែចង់ធ្វើមិត្តជាមួយបណ្ដាប្រទេសទាំងអស់រួម​ទាំងប្រទេសអាមេរិកផងដែរ ប៉ុន្តែយើងត្រូវតែរក្សានូវឯករាជភាព អធិបតេយ្យភាពយើង»

បើតាមលោក កៅ គឹមហួន ការបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីលោក តាកាហាស៊ី ហ្វីមីអាគី បានជជីកសួរពីទំនាក់ទំនងរបស់កម្ពុជាជាមួយបណ្តាប្រទេសលើពិភពលោក រួមទាំងអាមេរិកផងដែរ។

ក្នុងឱកាសនោះសម្ដេចតេជោ ក៏បានបង្ហាញអំពីទស្សនៈមួយចំនួនទៀតលើស្ថានភាពនយោបាយទូទៅ ជាពិសេសពាក់ព័ន្ធទៅនឹងរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងអនុសញ្ញាអន្តរជាតិស្ដីអំពីទំនាក់ទំនងការទូត។

ក្នុងជំនួបនេះសម្តេចតេជោ និងលោក តាកាហាស៊ី ក៏បានជជែកពាក់ព័ន្ធនឹងការវិនិយោគផងដែរ។ សម្តេចតេជោ បានបន្តអំពាវនាវឱ្យអ្នកវិនិយោគជប៉ុន ទៅវិនិយោគនៅកម្ពុជាបន្ថែមទៀត។

លោកប្រធានសមាគមជប៉ុន-កម្ពុជា បានប្តេជ្ញាខិតខំជំរុញធ្វើយ៉ាងណាឲ្យក្រុមហ៊ុនជប៉ុន ជាពិសេសសហគ្រាសតូច និងមធ្យមចូលមកវិនិយោគនៅកម្ពុជា។

ពាក់ព័ន្ធការវិនិយោគនេះ សម្តេចតេជោ ចង់ឲ្យសមាគមបន្តជួយជំរុញឲ្យសហគ្រាសធុនតូច និងមធ្យមវិនិយោគនៅប្រទេសកម្ពុជា និងចង់ឲ្យប្រទេសជប៉ុនបើកទីផ្សារបន្ថែមទៀតសម្រាប់កសិផល ផលិតផលរបស់កម្ពុជា។ បន្ថែមពីលើនេះសម្ដេចតេជោ ក៏ចង់ឃើញទំហំពាណិជ្ជកម្មទ្វេភាគីឡើងឡើងពី ២,០០០លានដុល្លារ ទៅ ៥,០០០លានដុល្លារនាពេលពេលខាងមុខ៕