(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ កម្ពុជា និងខេត្តចម្ប៉ាសាក់ របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានឯកភាពរួមគ្នាលើកំណត់ហេតុលើកទី០៨ ស្តីពី «កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃខេត្តទាំងពីរ»។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងលោក ប៊ុនថង ឌីវីសៃ អភិបាលខេត្តចម្ប៉ាសាក់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ ដែលរៀបចំធ្វើឡើងនៅសាលាខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានលើកឡើងថាកិច្ចសហប្រតិបត្តិការនាឱកាសនេះ កើតចេញពីប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក៏ដូចជាគោលនយោបាយដ៏ត្រឹមត្រូវ និងឆ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាំមកនូវសន្តិភាព និងកិច្ចសប្រតិបត្តិជាមួយប្រទេសជិតខាង ជាពិសេសរវាងខេត្តនៅតាមបណ្តោយព្រំដែន។
លើសពីនេះទៅទៀតយោងតាមខ្លឹមសារនៃកំណត់ឯកភាពរួមគ្នានាពេលនេះ គឺពិតជាមានសារសំខាន់នៃកិច្ចសហប្រតិបត្តិការរួមគ្នាលើគ្រប់វិស័យ ដែលឆ្លុះបញ្ចាំង ការលើកកម្ពស់រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែនការទប់ស្កាត់បង្ក្រាបឧក្រិដ្ឋឆ្លងដែន ទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀនផងដែរ។ ការរួមគ្នាពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការល្អលើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចរវាងខេត្តទាំងថែមទៀតផង ។
នៅក្នុងឱកាសនោះអភិបាលខេត្តទាំពីរបានឯកភាពរួមគ្នាលើកំណត់ហេតុលើកទី០៨ នេះផ្តោតសំខាន់លើទី១៖ កិច្ចសរក្សាសន្តិសុខសណ្តាប់ធ្នាប់ តាមបណ្តោយព្រំដែន ការពង្រឹងកិច្ចសហប្រតិបត្តិការចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការកាន់តែល្អប្រសើរបន្ថែមទៀត លើការងាររក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងបង្ការទប់ស្កាត់បង្រ្កាបឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែន ទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀន និងទី២៖ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ការសហការរួមគ្នាលើវិស័យពាណិជ្ជកម្ម ធនធានទឹក កសិកម្ម ទេសចរណ៍ រ៉ែ និងថាមពល សាធារណការ និងដឹកជញ្ជូន វប្បធម៌ សុខាភិបាលផងដែរ៕