(ស្វាយរៀង)៖ រឿវរ៉ាវឆ្កែ និងឆ្មាខាំមុនស្សបណ្តាលឱ្យស្លាប់នៅខេត្តស្វាយរៀង រយៈកាលកន្លងមកនេះ ធ្វើឱ្យពលរដ្ឋមួយចំនួនកំពង់មានការខ្លាចរអា ចំពោះសត្វទាំងនោះដោយអ្នកខ្លះដាច់ចិត្តយកសត្វឆ្មា និងឆ្កែដែលខ្លួនចិញ្ចឹមក្នុងផ្ទះយកទៅព្រលែងក្នុងវត្ត ក្នុងព្រៃនាំឱ្យព្រះសង្ឃមានការព្រួយបារម្ភ ដោយខ្លាចសត្វទាំងនោះខាំផងដែរ។
ជាក់ស្តែងបុរសម្នាក់បានស្លាប់ដោយសារសត្វឆ្កែខាំ ខណៈដែលទៅធ្វើស្រែ ហើយជ្រកក្នុងខ្ទម ត្រូវឆ្កែខាំកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ហើយបានស្លាប់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញ។
បើតាមសម្តីលោកស្រី កើត ចាន់ អាយុ៤៨ឆ្នាំ ត្រូវជាគ្រួសាររបស់សព បានឱ្យដឹងថា សពដែលស្លាប់ដោយសត្វឆ្កែខាំមានឈ្មោះ ទួន សារិទ្ធ អាយុ ៥០ឆ្នាំ រស់នៅភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ នៅមុនពេលកើតហេតុមកលើប្តីរបស់គាត់ អំឡុងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ប្តីរបស់គាត់បានទៅធ្វើស្រែនៅវាល ពេលនោះស្រាប់តែមានសត្វឆ្កែមួយក្បាលបានដេញខាំក្មួយរបស់គាត់ ក្រោយមករូបគាត់ជាពូ បានទាញយកដំបងដេញវ៉ៃឆ្កែ តែពេលនោះត្រូវសត្វឆ្កែលោតខាំដៃស្តាំរបស់គាត់។
ប្រភពខាងលើបានបន្តទៀតថា ក្រោយពីសត្វឆ្កែខាំប្តីរបស់គាត់មករយៈពេលជិត២០ថ្ងៃ ពោលគឺធ្វើទុកចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ គាត់មានអាការៈក្តៅខ្លួន ខ្លាចទឹក ខ្លាចខ្យល់ ហូបអីអត់បាន ហើយក្រុមគ្រួសារបានដឹកទៅកាន់មន្ទីពេទ្យបង្អែកស្វាយទាប ពេទ្យបានដាក់ស៊ឺរ៉ូម ឱ្យរួចបន្តដឹកទៅកាន់មន្ទីរពេទ្យខេត្ត ពេលនោះពេទ្យបានប្រាប់ឱ្យដឹកបន្តទៅមន្ទីរពេទ្យភ្នំពេញ លុះដឹកយកទៅដល់មន្ទីរពេទ្យ នៅរាជធានីភ្នំពេញ ពេទ្យប្រាប់ថាហួសពេលហើយក៏ដឹកមកដល់ផ្ទះមួយយប់ ត្រូវថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ម៉ោង៨យប់ជាង ក៏បានស្លាប់បាត់បង់ជីវិតទៅ។
សូមបញ្ជាក់ផងដែរថា នេះជាករណីទី៤ហើយ ដែលមានជនរងគ្រោះបានស្លាប់ដោយសារសត្វឆ្កែសត្វឆ្មាខាំ។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន និងឆាប់បញ្ជូនជនរងគ្រោះដែលត្រូវបានសត្វឆ្កែ ឬឆ្មាខាំ ទៅមន្ទីរពេទ្យភ្លាមៗ តាមដែលអាចធ្វើទៅបាន៕