(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីរាជការក្នុង រចនាសម្ព័ន្ធសាលារាជធានីភ្នំពេញ ចំនួន១៦រូប។
ក្នុងនោះមាននាយករងរដ្ឋបាលសាលារាជធានី ១រូប, នាយិកាទីចាត់ការរដ្ឋបាល១រូប, នាយកទីចាត់ការផែនការ និងវិនិយោគ១រូប និងនាយកទីចាត់ការសំណល់ និងបរិស្ថាន១រូប ព្រមទាំងនាយរងទីចាត់ការ ប្រធានការិយាល័យ អនុប្រធានការិយាល័យ អនុប្រធានផ្នែក១៣រូបទៀត។
ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានណែនាំដល់មន្រ្តីរបស់ខ្លួន ឱ្យបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ និងណែនាំដល់មន្រ្តីរាជការរដ្ឋបាលរាជធានី ភ្នំពេញទាំងអស់ត្រូវធ្វើខ្លួនឱ្យបានល្អ ហើយយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យមានភាពរហ័ស ទាន់ចិត្តទាន់ ពេលវេលា ដើម្បី ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងស្របតាមគោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញ។
លោកអភិបាលបានបញ្ជាក់ថា មន្រ្តីរាជការ គឺបានបើកប្រាក់បៀវត្សរ៍ពីប្រជាពលរដ្ឋ ដូច្នេះត្រូវតែបំរើប្រជាពលរដ្ឋឱ្យបានឌិតដល់ ព្រោះកាលណាផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ និងទាន់ចិត្តនោះ គឺជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ ស្របតាមការអភិវឌ្ឍន៍រីកចម្រើននៅរាជធានីភ្នំពេញដូចសព្វថ្ងៃនេះ៕