(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សរណៈនៃការយោគយល់ (MoU) លើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ICT លើគម្រោង «បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំ» ជាមួយសាកលវិទ្យាល័យ Korea Soongsil Cyber (KCU) កូរ៉េខាងត្បូង នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បានលើកឡើងថា ក្រោមកំណែទម្រង់របស់រដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំបាននិងកំពុងអនុវត្តកំណែទម្រង់ស៊ីជម្រៅជាច្រើន ដែលក្នុងនោះមានកំណែទម្រង់លើការប្រើប្រាស់បច្ចេកវិទ្យា ក្នុងវិស័យអប់រំ យុវជន និងកីឡា ដើម្បីធ្វើឱ្យសម្រេចបាននូវការអភិវឌ្ឍន៍ ប្រកបដោយចេរកាល។ ស្របពេលនេះ សាកលវិទ្យាល័យ Korea Soongsil Cyber (KCU) របស់ក្រសួងអប់រំនៃសាធារណរដ្ឋកូរ៉េ ជាសាកលវិទ្យាល័យអនឡានទីមួយ ដែលបានបង្កើតឡើងនៅសាធារណរដ្ឋកូរ៉េ បានផ្ដល់ប្រឹក្សាលើការសិក្សា តាមរយៈអេឡិចត្រូនិក នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានជាតិប្រៃសនីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានតាំងពីឆ្នាំ២០១៦។
ដោយមើលឃើញនូវសក្ដានុពលនៃកំណែទម្រង់របស់រដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡានោះ សាកលវិទ្យាល័យ Korea Soongsil Cyber (KCU) បានរំពឹងទុកថា នឹងពង្រឹងពង្រីកនូវការសហការលើគម្រោងកែលម្អបរិស្ថានការសិក្សា និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ទៀតថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្រសួងអប់រំ និងសាកលវិទ្យាល័យ Korea Soongsil Cyber (KCU) ក៏បានចុះអនុសារណៈយោគយល់លើគម្រោង «កែលម្អបរិស្ថានការសិក្សា និងអភិវឌ្ឍធនធានមនុស្ស» ដែលក្នុងខ្លឹមសាររួមនៃអនុស្សរណៈនេះផ្ដោតរួមមាន៖
ទី៖១៖ការបង្កើតស្ទូឌីយោ សម្រាប់ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជាមជ្ឈមណ្ឌលមួយក្នុងការផលិតមាតិកាអប់រំ ទី២៖ កម្មវិធីផ្លាស់ប្ដូរមន្ត្រីអប់រំ ដើម្បីសិក្សាស្វែងយល់ជំនាញបន្ថែម ទី៣៖ កិច្ចសហការលើគម្រោងស្រាវជ្រាវ, ទី៤៖ ការអភិវឌ្ឍការបង្រៀន និងរៀន ទី៥៖ ផ្ដល់ការបណ្ដុះបណ្ដាលមន្ត្រីពាក់ព័ន្ធ, ទី៦៖ រៀបចំសន្និសីទ និងសិក្ខាសាលា, ទី៧៖ ការផ្លាស់ប្ដូរព័ត៌មានសិក្សា និងសម្ភារសិក្សា ទី៨៖ ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ទី៩៖ ការអភិវឌ្ឍមាតិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក, ទី១០៖ ការបង្កើតវេទិកា សិក្សា (platform) តាមប្រព័ន្ធអេឡិចត្រូនិក។
ផ្ដើមចេញពីអនុស្សារណៈយោគយល់នេះ ភាគីទាំងពីរនឹងប្រើប្រាស់នូវជំនាញពាក់ព័ន្ធគ្នា ដើម្បីកាត់បន្ថយនូវគម្លាតរវាងការប្រើប្រាស់ឌីជីថលកម្ម និងជំរុញការប្រើប្រាស់ អាយ ស៊ី ធី ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការងារ និងការសិក្សា។ ទោះជាយ៉ាងណា ការសិក្សាតាមរយៈអេឡិចត្រូនិក ជាគន្លឹះសំខាន់មួយរបស់ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជា ក្នុងការលើកកម្ពស់គុណភាព និងសមធម៌ក្នុងការអប់រំ៕