(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងអាជ្ញាធរពាក់ព័ន្ធ បានរួមគ្នាបន្តធ្វើការឆ្លើយតបនឹងការគ្រោះរាំងស្ងួត នៅកម្ពុជា តាមរយៈការដំឡើងប៉មចម្រោះទឹកស្អាតថ្មីមួយកន្លែង ស្ថិតនៅក្នុងបរិវេណ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន កោះដាច់ នៃសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលអាចផ្តល់នូវទឹកស្អាតសម្រាប់ទទួលទាន ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណជាង ១,១០០នាក់ ក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍ជុំវិញនោះផងដែរ។
នៅក្នុងពិធីសម្ពោធ ក្រោមអធិបតីភាព លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និង លោក រស់ សោភា នាយកផ្នែកច្បាប់ និងកិច្ចការសាធារណៈប្រចាំប្រទេស នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា។
លោក រស់ សោភា បានថ្លែងថា «ការប្តេជ្ញាចិត្តរបស់យើង មិនបញ្ឈប់នៅត្រឹមតែការតម្លើងប៉មចម្រោះទឹកស្អាតថ្មីក្នុងថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងបន្តគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយអង្គការ Planet Water ដើម្បីអនុវត្តកម្មវិធីអប់រំសុខភាព ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សាអនាម័យបរិស្ថាន ការអប់រំបណ្តុះបណ្តាលប្រជាសហគមន៍ អំពីការថែរក្សាការពារប៉មចម្រោះទឹកនេះ រួមទាំងការធ្វើលំហែទាំរយៈពេល៥ឆ្នាំ។ អង្គការ Planet Water នឹងធ្វើការត្រួតពិនិត្យតាមដានគុណភាពទឹក និងធ្វើលំហែទាំប្រព័ន្ធចម្រោះទឹកជាប្រចាំ ទៅតាមកាលវិភាគកំណត់»។
លោក រស់ សោភា បានបន្តទៀតថា «ក្រុមហ៊ុន កូកា-កូឡា មានមោទនភាព ដែលបានចូលរួមចំណែក ក្នុងការបង្កើតគម្រោងដ៏មានសារៈសំខាន់មួយនេះ ដែលបានកំពុងតែនាំយកទឹកស្អាតមកកាន់សាលារៀន និងសហគមន៍ជាច្រើននៅទូទាំងពិភពលោក»។
សូមជម្រាបថា នេះគឺជាប៉មចម្រោះទឹកស្អាតទី៤ ដែលបានតម្លើងដោយក្រុមហ៊ុន កូកា-កូឡា ជាមួយនឹងស្ថាប័ន ដៃគូនៅក្នុងឆ្នាំ២០១៩នេះ បន្ថែមលើប៉មចម្រោះទឹកស្អាតចំនួន ១៨ផ្សេងទៀត ដែលក្រុមហ៊ុនបានតម្លើងនៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ ក្រោមកិច្ចសហការជាមួយអង្គការ Planet Water ដែលមានការតម្លើងប៉មចម្រោះទឹកស្អាត នៅតាមបណ្ដាសហគមន៍នានានៃប្រទេសកម្ពុជា ដែលកំពុងតែប្រឈមនឹងការខ្វះទឹកស្អាត សម្រាប់ទទួលទាន។
ក្រុមហ៊ុន កូកា-កូឡា បានឱ្យដឹងថា ប៉មចម្រោះទឹកស្អាតចំនួន ៣ទៀត នឹងត្រូវតម្លើងនៅទូទាំងកម្ពុជា ក្នុងឆ្នាំ២០១៩នេះ ហើយប៉មចម្រោះទឹកស្អាតជាច្រើនទៀត នឹងមានវត្តមាននៅក្នុងឆ្នាំបន្ទាប់ៗទៀត។ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានឱ្យដឹងទៀតថា ប៉មចម្រោះទឹកស្អាតចំនួន ១៨ ដែលក្រុមហ៊ុនបានតម្លើងនៅកម្ពុជា តាំងពីឆ្នាំ២០១៦ បានផ្តល់ទឹកស្អាតចំនួន ៤៤,៩៩០,២៨៦លីត្រ សម្រាប់ប្រជាសហគមន៍ប្រមាណជាង ៤០,០០០នាក់។ តួលេខនេះ ត្រូវបានរំពឹងថា នឹងកើនឡើង១,៥ ដងក្នុងឆ្នាំនេះ តាមរយៈការដំឡើងប៉មចម្រោះទឹកស្អាតចំនួន ៣បន្ថែមទៀតក្នុងឆ្នាំ ២០១៩នេះ៕