(ភ្នំពេញ)៖ សហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា ដែលបានចាត់បញ្ជូនយុវជនស្ម័គ្រចិត្ត ទៅសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តី៣ បានចេញសេចក្តីថ្លែងការណ៍មួយ ចាត់ទុកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ កាលពីថ្ងៃអាទិត្យមុនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ត្រឹមត្រូវ តម្លាភាព សេរី និងយុត្តិធម៌ ដែលអាចទទួលយកបាន។
សហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា បានលើកឡើងថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ សហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា បានទទួលការអនុញ្ញាតពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការចាត់បញ្ជូនយុវជនស្ម័គ្រចិត្តចំនួន៧៧នាក់ ដែលជាសមាជិក សមាជិកា របស់សហព័ន្ធនិស្សិតបញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា និង និស្សិតមកពីបណ្តាសមាគមនិស្សិតគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ដែលចំណុះឱ្យសហព័ន្ធនិស្សិតបញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា បានចុះសង្កេតការណ៍ ក្នុងនាមជាអ្នកសង្កេតការណ៍ជាតិ ក្រោមប្រធានបទ «កែវភ្នែកយុត្តិធម៌» នៅចំនួន ១៩ រាជធានី ខេត្ត។
ឈរលើមូលដ្ឋានឯករាជ្យ ប្រជាធិបតេយ្យ និងអព្យាក្រឹត្យក្រុមអ្នកសង្កេតការណ៍ជាតិរបស់សហព័ន្ធនិស្សិត
បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា បានសង្កេតឃើញថា៖
* មានគណបក្សនយោបាយចំនួន ០៧ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសក្រុមប្រឹក្សារាជធានី
ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ នេះ។
* ដំណើរការបោះឆ្នោតចាប់ពីដំណើរការដំបូង រហូតដល់ចប់ការបោះឆ្នោត គឺប្រព្រឹត្តទៅដោយរលូនក្នុង
បរិយាកាសនយោបាយល្អ អង្គបោះឆ្នោតបានចូលរួមបញ្ចេញនូវឆន្ទៈគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្តតាមរយៈសន្លឹកឆ្នោត។
* កិច្ចដំណើរការរាប់សន្លឹកឆ្នោត គឺប្រព្រឹត្តទៅដោយសុក្រឹត និងតម្លាភាពដោយមានវត្តមានភ្នាក់ងារគណបក្ស
នយោបាយនីមួយៗ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងអ្នកសារពត៌មាន បានពិនិត្យ ឃ្លាំមើល និងតវ៉ាក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង។
តាមការពិនិត្យជាក់ស្តែងទៅលើទិដ្ឋភាពទូទៅនៃដំណើរការបោះឆ្នោត សហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា ជាក្រុមអ្នកសង្កេតការណ៍ជាតិ កែវភ្នែកយុត្តិធម៌ បានធ្វើការវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតនេះ ដែលបានប្រព្រឹត្តទៅយ៉ាងរលូន ត្រឹមត្រូវ តម្លាភាព សេរី និងយុត្តិធម៌ ដែលអាចទទួលយកបាន និងសូមប្រកាសគាំទ្រលើកិច្ចដំណើរការបោះដែលរៀបចំឡើងដោយ គ.ជ.ប ជាស្ថាប័នឯករាជ្យ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ សហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា៖