(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញពីទីក្រុងតូក្យូ ប្រទេសជប៉ុន លុបចោលពន្ធកាត់ទុក១% ដែលពាក្យបច្ចេកទេសហៅថា ពន្ធអប្បបរមា១%នោះ នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីជម្រាបជូនពីការសម្រេចលុបចោលពន្ធនេះ ដល់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូនសហគ្រាសដែលជាអ្នកជាប់ពន្ធតាម របបស្វ័យប្រកាសជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធអប្បបរមា ១% ចំពោះគ្រប់សហគ្រាសដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលបានបំពេញកាតព្វកិច្ចសារពើពន្ធ ត្រឹមត្រូវក្នុងគោលបំណងទាក់ទាញ និងលើកទឹកចិត្តដល់វិនិយោគិន ដែលប្រកបអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា»។
ក្រសួងបញ្ជាក់ថា ដើម្បីទទួលបានការលើកលែងពន្ធនេះ គ្រប់សហគ្រាសត្រូវអនុវត្តតាមវិធាន និងនីតិវិធីដែលមានចែងក្នុងប្រកាសលេខ ៦៣៨ សហវ.ប្រក ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧។ ជាមួយគ្នានេះ ក្រសួងសង្ឃឹមថា សហគ្រាសទាំងអស់នឹងខិតខំប្រឹងប្រែង អនុវត្តនូវកាតព្វកិច្ចសារពើពន្ធឲ្យបានខ្ជាប់ខ្ជួន ពិសេសកាន់បញ្ជិកាគណនេយ្យឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងច្បាប់ស្តីពីគណនេយ្យ និងសវនកម្មនៃកម្ពុជាជាធរមាន។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ បានសម្រេចលុបចោលពន្ធកាត់ទុក១% ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ក្រោយពីបានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីការសម្រេចដកចេញនូវពន្ធកាត់ទុក១% គឺបានចូលជាធរមានហើយនៅថ្ងៃនេះ ដោយមិនចាំបាច់រង់ចាំរហូតដល់ចុងឆ្នាំ២០១៩ នោះឡើយ ដើម្បីជាកាដូលើកទឹកចិត្តដល់ពាណិជ្ជករជាតិ និងបរទេសទាំងអស់ ឲ្យបានទទួលផលចំណេញកាន់តែច្រើន»។
ការសម្រេចលុបចោលពន្ធនេះ ដែលជាដំណឹងល្អសម្រាប់អ្នកវិនិយោគ ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រកាសជូនដល់បណ្តាក្រុមហ៊ុនជប៉ុនជាច្រើន ដែលបានអញ្ជើញមកជួបសម្តេចតេជោដោយផ្ទាល់ នៅសណ្ឋាគារ The New Otani, Tokyo ក្នុងបំណងបង្ហាញពីការគាំទ្រ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
ទោះបីជាមាននឹងការដកចេញនូវពន្ធកាត់ទុកនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសូមឲ្យក្រុមហ៊ុនឯកជន និងវិនិយោគទុនទាំងអស់នៅកម្ពុជា ពង្រឹងនិងបន្តចូលរួមបង់ពន្ធជូនរាជរដ្ឋាភិបាលឲ្យបានត្រឹមត្រូវ និងឲ្យបានគ្រប់ៗគ្នា៕